៥សំណួរ-ចម្លើយ៖ តើអ្វីទៅជាតំបន់ជង្រុកមាស (Goldilocks Zone) ឬ Habitable Zone របស់ផ្កាយ? (មានវីដេអូ)

(បរទេស)៖ អ្វីដែលយើងតែងតែដឹងឮកន្លងមកនោះគឺ តំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone), ជាទីតាំងនៃគន្លងគោចររបស់ភពជុំវិញផ្កាយមួយ ដែលអនុញ្ញាតឲ្យភពនោះរក្សាបាននូវ វត្តមានទឹករាវ (Liquid Water) និងមានបរិយាកាសស្រោពជុំវិញ ហើយនេះជាបរិស្ថានទ្រទ្រង់ជីវិតដែលអាចទៅរួច។ ប៉ុន្តែភាពស្មុគស្មាញរបស់តំបន់ ដែលគេអាចហៅថា Goldilocks Zone នេះមានច្រើនជាងការគិត របស់លោកអ្នកទៅទៀត។ ហេតុដូច្នេះ «៥» សំណួរ-ចម្លើយខាងក្រោមនេះ នឹងផ្តល់ជាពន្លឺបន្ថែមទៀត៖

១៖ តើអ្វីទៅជា Goldilocks Zone?

តំបន់ Habitable Zone នេះក៏ត្រូវបានគេស្គាល់ថា «តំបន់ជង្រុកមាស» (Goldilocks Zone) ផងដែរ ពីព្រោះនៅពេលដែលភពណាមួយ ស្ថិតនៅក្នុងគម្លាតដ៏ត្រឹមត្រូវពីផ្កាយមេរបស់វា វានឹងមិនក្តៅពេក ឬក៏ត្រជាក់ពេកនោះទេ ដូច្នេះទឹករាវអាចរក្សាវត្តមានលើផ្ទៃវាបាន។ រឿងងាយៗដែលយើងអាចឃើញផ្ទាល់ភ្នែកនៅលើផែនដី នោះគឺនៅពេលទឹកជួបកម្តៅក្តៅខ្លាំង វានឹងក្លាយជាចំហាយ ហើយនៅពេលជួបធាតុត្រជាក់វានឹងកក

(រូបភាពពី NASA)

២៖ តើឲ្យតែតំបន់ Habitable Zone សុទ្ធតែអាចឲ្យភពរក្សាបានទឹករាវលើផ្ទៃសំបកឬ?

ក្រុមអ្នកស្រាវជ្រាវមួយចំនួនបែរជាយល់ថា ការគិតគូរលើវត្តមានទឹករាវតែមួយមុខ ហើយក៏សន្មត់ថា ភពមួយអាចទ្រទ្រង់ជីវិតបាននោះ ហាក់ដូចជាការគិតធម្មតាៗពេកហើយ។ ពួកគេបានលើកយកភពសុក្រ (Venus) របស់ប្រព័ន្ធផ្កាយយើងជាឧទាហរណ៍ ព្រោះភពសុក្រក៏ស្ថិតនៅតំបន់ Habitable Zone ជុំវិញព្រះអាទិត្យដែរ ដែលប្រការនេះមានន័យថា ភពសុក្រស្ថិតនៅក្នុងតំបន់ដែលទឹករាវ គួរតែមានវត្តមានលើផ្ទៃវា។

ប៉ុន្តែ, ការពិតជាក់ស្តែងដែលគ្រប់គ្នាបានឃើញ នោះគឺភពសុក្រកំពុងស្រោបទៅដោយ បរិយាកាសដ៏ក្រាស់នៃកាបូនឌីអុកស៊ីត ដែលធ្វើឲ្យភពនេះមានផ្ទៃក្តៅជាងគេបំផុត ក្នុងចំណោមភពទាំងអស់នៅក្នុងប្រព័ន្ធ, ហើយយើងក៏មិនហ៊ានគិតថា អាចមានជីវិតលើផ្ទៃ ឬសូម្បីតែលើពពករបស់វានោះដែរ។

(រូបភាពពី NASA)

៣៖ តើ Goldilocks Zone ប្រែប្រួលដូចម្តេច?

យោងតាមអង្គការ NASA តំបន់ Goldilocks Zone ក៏ប្រែប្រួលទៅតាមប្រភេទ និងទំហំរបស់តារាផងដែរ។ ផ្កាយលំដាប់ G-type ដែលក្តៅដូចជាព្រះអាទិត្យយើង តែងមានតំបន់ Habitable Zone ទូលំទូលាយ ខណៈពពួកផ្កាយ Red Dwarf ដែលតូច និងមិនសូវក្តៅខ្លាំងនោះ តំបន់ Habitable Zone របស់ពួកវាក៏ចង្អៀតទៅតាមនោះដែរ។

ប៉ុន្តែ, សម្រាប់ផ្កាយលំដាប់ G-type ដូចជាព្រះអាទិត្យយើងនេះ ត្រូវបានក្រុមតារាវិទូគណនាថា មានអាយុខ្លីជាងតារាប្រភេទមួយចំនួនទៀត។ ផ្កាយលំដាប់ K-type ត្រូវបានចាត់ទុកជាពូជអាយុវែង ដោយវាអាចរក្សាចំហេះបានចាប់ពី ១៧-៧០ពាន់លានឆ្នាំឯណោះ ហើយស្ថិរភាពរបស់វានេះក៏អាចមានន័យថា ភពនៅជុំវិញផ្កាយប្រភេទនេះមាន Habitable Zone ប្រកបដោយភាពយូរអង្វែងជាងគេដែរ។

ទោះជាបែបនេះក្តី ផ្កាយនានាក៏ត្រូវបានចាត់ទុកថា មានបុគ្គលិកលក្ខណៈរៀងៗខ្លួនផងដែរ ឧទាហរណ៍ផ្កាយក្រហមទំហំតូចខ្លះ (Red Dwarf) គឺមិនអាចឲ្យគេព្យាករបានត្រឹមត្រូវឡើយ ព្រោះតែភាពកញ្ជ្រោលខ្លាំងរបស់ពួកវា ដូចជាការជះចេញនូវអណ្តាតភ្លើង (flare) ទៅកាន់ភពនានារបស់ពួកវានោះឯង ខណៈផ្កាយខ្លះទៀត គឺមានភាពស្ងប់ស្ងាត់ និងងាយស្រួលក្នុងការព្យាករណ៍។ ហេតុដូច្នេះយើងអាចនិយាយបានថា ប្រសិនបើមានប្រព័ន្ធផ្កាយ ២ សុទ្ធតែមានភពស្ថិតក្នុង Habitable Zone រៀងៗខ្លួននោះ យ៉ាងហោចណាស់ប្រព័ន្ធមួយក្នុងចំណោមនោះ អាចមានអំណោយផលខ្លាំងជាង សម្រាប់ជីវិតលើភពគោចរជុំវិញវាកកើតឡើង។

(រូបភាពពី NASA)

៤៖ តើភព exoplanet ណាមួយដែលស្ថិតក្នុង Goldilocks Zone ល្អជាងគេបំផុត?

ឧទាហរណ៍ជាក់ស្តែងមួយ ត្រូវបានលើកឡើងចំពោះភព exoplanet ឈ្មោះ TOI 700 d ដែលត្រូវបានប្រកាសរកឃើញដោយ តេឡេស្កូបអវកាស TESS របស់អង្គការ NASA កាលពីខែមករា ឆ្នាំ២០២០។ ពីដំបូងឡើយ ការសម្លឹងមើលទៅលើប្រភេទផ្កាយ និងទីតាំងរបស់តំបន់ Habitabl Zone នៃភព TOI 700 d តែឯងនោះ វាមិនហាក់ដូចជាមិនសមឲ្យជីវិតកកើតប៉ុន្មានទេ។ ទោះជាបែបក្តី ក្រោយក្រុមអ្នកស្រាវជ្រាវយល់ដឹងថា ផ្កាយ TOI 700 មានភាពស្ងប់ស្ងាត់ (quiet star) យ៉ាងពិសេសនោះ ភព TOI 700 d ត្រូវបានពួកគេចាត់ទុកថា មានអំណោយផលដល់ការកកើតជីវិត ខ្លាំងបំផុតមិនធ្លាប់ត្រូវបានជួបប្រទះ។

យោងតាមអង្គការ NASA តំបន់ Habitable Zone ជុំវិញផ្កាយមួយ ក៏មិនពឹងផ្អែកលើប្រភេទនៃភព ដែលស្ថិតនៅក្នុងតំបន់នោះដែរ។ ប្រការនេះមានន័យថា ភពឧស្ម័នយក្ស (Gas Giant) គឺមិនអាចឲ្យជីវិតកកើតឡើយ។ ហេតុដូច្នេះ ដើម្បីស្រាវជ្រាវរកភពដែលអាចមានជីវិត ឲ្យចំគោលដៅចម្បងតែម្តងនោះ យើងត្រូវយកភពផែនដីនេះជាឧទាហរណ៍ប្រៀបធៀប ជាពិសេសទៅលើទំហំ, បរិយាកាស និងធាតុគីមីផ្សំសំខាន់ៗនៃភពនោះ។ ធ្វើបែបនេះ ទើបការរុករកភពអេលៀន កាន់តែមានប្រសិទ្ធភាព ព្រោះបេក្ខភាពភពដែលត្រូវបានរកឃើញកន្លងមក ពិតជាមានច្រើនណាស់។

(រូបភាពពី NASA/Education Images/Universal Images Group via Getty Images)

៥៖ ភពសុក្រ និងភពអង្គារក៏ស្ថិតក្នុង Habitable Zone ដែរ តែហេតុអ្វីមានតែផែនដីអាចទ្រទ្រង់ជីវិត?

មូលហេតុគឺព្រោះតែភពសុក្រ (Venus) ផ្ទុកទៅដោយឧស្ម័នផ្ទះកញ្ចក់ (greenhouse) ដែលគ្រប់គ្រងលែងបានទៅហើយ ទើបធ្វើឲ្យផ្ទៃភពនេះក្តៅជាងភពពុធ (Mercury) ដែលស្ថិតនៅកៀកព្រះអាទិត្យជាងវាទៅទៀត។ ដោយសារបរិយាកាសដ៏ពុល និងផ្ទៃដ៏ក្តៅគគុក ដែលអាចរំលាយធាតុសំនបាននោះហើយ ទើបមិនអាចឲ្យជីវិតកកើតឡើងបាន បើទោះបីជាវត្តមានរបស់វាស្ថិតនៅដើមនៃតំបន់ Habitable Zone ក៏ដោយ។

ដោយឡែកសម្រាប់ភពអង្គារ (Mars) វិញ គឺស្ថិតនៅចុងនៃតំបន់ Habitable Zone ដែលត្រជាក់ជាងភពសុក្រ ឬសូម្បីផែនដី។ យើងមិនទាន់អាចសន្មត់ថា ភពអង្គារមិនធ្លាប់បានកកើតនោះឡើយ ព្រោះភស្តុតាងធំៗមួយចំនួន សុទ្ធតែបានបង្ហាញថា ភពក្រហមនោះធ្លាប់មានសមុទ្រ ទន្លេ ស្ទឹង និងបឹងបួរ ព្រមទាំងបរិយាកាសក្រាស់ កាលពីរាប់ពាន់លានឆ្នាំមុន ដែលស្រដៀងនឹងផែនដីបច្ចុប្បន្ន។ មូលហេតុនៃការបាត់បង់បរិស្ថានបែបនេះ គឺកំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ។

(រូបភាពពី NASA)

សរុបសេចក្តីមក ផែនដីជាភពតែមួយគត់នៅពេលនេះ ដែលស្ថិតនៅក្នុងតំបន់ Habitable Zone ដ៏ល្អប្រសើរ និងមានឱកាសឲ្យជីវិតកកើតឡើងជាក់ស្តែង ហើយតំបន់ Habitable Zone បែបនេះ យើងអាចផ្តល់រហស្សនាមឲ្យថា Goldilocks Zone ឬជង្រុកមាសបាន។ វាមិនខុសពីនៅលើផែនដី ដែលគ្រប់ទីកន្លែងសុទ្ធតែអាចឲ្យមនុស្សតាំងទីលំនៅ និងដកដង្ហើមបាននោះឡើយ ប៉ុន្តែមានតែតំបន់ទំនាប, មានផ្លូវទឹកត្រឹមត្រូវ, មានព្រៃឈើ និងងាយឲ្យប្រកបរបរចិញ្ចឹមជីវិតប៉ុណ្ណោះ ទើបអាចធានាដល់ការរស់នៅ និងបន្តពូជពង្សបានយូរអង្វែង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣)

Comments (0)
Add Comment