តារាវិទូប្រទះឃើញ «បាតុភូតពន្លឺ Aurora លើព្រះចន្ទទាំង៤» របស់ភពព្រហស្បតិ៍!

(បរទេស)៖ ការកើតមានបាតុភូតពន្លឺ អូរ៉ូរ៉ា (Aurora) ជាទូទៅតែងតែត្រូវបានមើលឃើញ នៅលើប៉ូលនៃភពនានាដូចជា ផែនដី, ភពព្រហស្បតិ៍ (Jupiter) និងភពសៅរ៍ (Saturn) ជាដើម ប៉ុន្តែសម្រាប់ព្រះចន្ទរបស់ភពនានា ដែលអាចកើតមានបាតុភូតបែបនេះ គឺជារឿងកម្រ ខណៈកន្លងមកយើងធ្លាប់តែបានមើលឃើញ ពន្លឺអូរ៉ូរ៉ានេះលើប៉ូលព្រះចន្ទយក្ស Ganymede របស់ Jupiter តែមួយប៉ុណ្ណោះ។

ភពព្រហស្បតិ៍ និងព្រះចន្ទទាំង ៤ (រូបភាពពីបរទេស)

ប៉ុន្តែថ្មីៗនេះ ក្រុមតារាវិទូនៃមន្ទីរអង្កេតតារា Keck Observatory ដែលមានមូលដ្ឋាននៅរដ្ឋ Hawaii សហរដ្ឋអាមេរិក បានរកឃើញព្រះចន្ទធំៗទាំង នៃភពព្រហស្បតិ៍ កើតមានបាតុភូតពន្លឺ Aurora លើប៉ូលរៀងៗខ្លួន តាមរយៈឧបករណ៍ស្ពិចត្រូម៉ែត្រ HIRES ផ្តិតយករូបភាពកម្រិតខ្ពស់។ ជាធម្មតាបាតុភូតបែបនេះអាចកើតមានឡើង នៅពេលភាគល្អិតជះចេញពីព្រះអាទិត្យ ចល័តទៅប៉ះត្រូវនឹងភាគល្អិតនៃឧស្ម័ននានា របស់វត្ថុអវកាសមួយទៀត ដែលមានកម្លាំងម៉ាញេទិច។

លទ្ធផលវិភាគពីមន្ទីរអង្កេត Keck នៅ Hawaii (រូបភាពពីបរទេស)

កន្លងមកនេះ មានតែព្រះចន្ទ Ganymede មួយគត់ ដែលត្រូវបានគេរកឃើញថា មានដែនម៉ាញេទិច (magnetic field) ដែលនាំឲ្យវាអាចជំរុញឲ្យមានបាតុភូតពន្លឺ Aurora នៅជុំវិញប៉ូលទាំង ២ របស់វា។ ប៉ុន្តែពេលនេះព្រះចន្ទ ៣ ទៀតរបស់ភពព្រហស្បតិ៍ដូចជា Europa, Calisto និង Io ក៏មានបាតុភូតនេះដូចគ្នា។ ក្រុមតារាវិទូបានរកឃើញថា ព្រះចន្ទទាំង ៤ នេះកើតមានបាតុភូត Aurora បង្កឡើងពីឧស្ម័នអុកស៊ីសែន ដែលមិនខុសពី Aurora នៅលើប៉ូលទាំងពីររបស់ផែនដីឡើយ។

រូបតំណាងនៃពន្លឺ Aurora លើព្រះចន្ទ Ganymede (រូបភាពពី NASA)

ទោះជាយ៉ាងណា ស្រទាប់នៃពន្លឺ Aurora លើព្រះចន្ទទាំង របស់ភពព្រហស្បតិ៍ គឺស្តើងជាងនៅលើផែនដីឆ្ងាយ ហើយពណ៌របស់វាគឺរាងក្រហម មិនមែនបៃតងដូចជានៅលើផែនដីឡើយ។ សូមបញ្ជាក់ថា ការអង្កេតទាំងឡាយនោះ ត្រូវបានធ្វើឡើងតាមរយៈការព្យាយាមត្រួតពិនិត្យ រលកប្រវែងស្រាលៗនៃពន្លឺ Aurora លើប៉ូលព្រះចន្ទទាំង ដោយតេឡេស្កូបលើដីតែប៉ុណ្ណោះ។ ព្រោះតែព្រះចន្ទទាំងនោះតូចៗ និងស្ថិតនៅឆ្ងាយពីផែនដី ដូច្នេះគេមិនអាចផ្តិតយកទិដ្ឋភាពស្តែងៗរបស់ Aurora ទាំងនោះបានឡើយ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ SPACE/Keck Observatory (ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣)

Comments (0)
Add Comment