(បរទេស)៖ តេឡេស្កូប VLT (The Very Large Telescope) ដែលមានមូលដ្ឋាននៅលើទឹកដី ប្រទេសឈីលី (Chile) បានរកឃើញ និងផ្តិតយកទិដ្ឋភាពភព exoplanet (ភពនៅប្រព័ន្ធផ្កាយដទៃ) ដែលមានម៉ាសស្រាលបំផុតមួយ និងដោយផ្ទាល់តែម្តង បន្ទាប់ពីបេសកកម្មគូសវាសផែនទីផ្ទៃមេឃចំនួន ២ របស់អឺរ៉ុប បានប្រទះឃើញអ្វីមួយកំពុងគោចរនៅជុំវិញ «ផ្កាយក្មេង» មួយ។
ផ្កាយក្មេងមួយនេះមានឈ្មោះថា អេអ៊ែហ្វ ឡឺព័ររីស (AF Leporis) មានចម្ងាយ ៨៧.៥ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដែលយើងអាចរកឃើញវានៅក្នុងតារានិករ លែប៉ឹស (Lepus) លើផ្ទៃមេឃភពផែនដី។ ការអង្កេតផ្កាយនេះ ត្រូវបានធ្វើឡើងតាមរយៈតេឡេស្កូបអវកាស Hipparcos និង Gaia របស់អង្គការអវកាសអឺរ៉ុប ESA។
នៅពេលដែលក្រុមតារាវិទូបានពិនិត្យមើលទិន្នន័យ បានមកពីការសង្កេតទៅលើផ្កាយ AF Leporis នោះ ពួកគេបានរកឃើញការផ្លាស់ប្តូរដ៏ចម្លែក នៅក្នុងគន្លងគោចរមួយជុំវិញតារានោះ ហើយប្រការនេះពិតជាបង្ហាញថា ភពដ៏ធំមួយកំពុងមានវត្តមាន នៅក្នុងគន្លងគោចររបស់វាហើយ។
បើតាមទិន្នន័យរបស់មន្ទីរអង្កេតតារាភាគខាងត្បូងរបស់អឺរ៉ុប (ESO) ដែលជាអ្នកគ្រប់គ្រងលើប្រតិបត្តិការតេឡេស្កូប VLT បានលើកឡើងថា ភព exoplanet ថ្មីមួយនេះមានម៉ាសធំជាងភពព្រហស្បតិ៍ (Jupiter) រហូតដល់ទៅ ៦ដង ហើយគន្លងគោចររបស់វាវិញ គឺស្ថិតនៅទីតាំងប្រហាក់ប្រហែលនឹង គន្លងគោចរនៃភពសៅរ៍ (Saturn) ជុំវិញព្រះអាទិត្យយើងដែរ។
គួរបញ្ជាក់តាម ESO ទៀតថា ភពដែលអាចត្រូវបានដាក់ឈ្មោះថា AF Leporis b នោះ មានម៉ាសស្រាលបំផុត មិនធ្លាប់ត្រូវបានជួបប្រទះឡើយ ហើយប្រាកដណាស់ វាជាប្រភេទភពឧស្ម័នយក្ស (Gas Giant)។ មូលហេតុដែលគេដឹងថា AF Leporis b មានម៉ាសស្រាលបំផុតនោះ គឺយោងទៅលើការគណនាស្ថានភាពនៃគម្លាតរបស់ភពនេះ ជាមួយផ្កាយដែលវាកំពុងគោចរជុំវិញ ព្រមទាំងការផ្តិតរូបភាពភពដោយផ្ទាល់ ខណៈផ្កាយ AP Leporis នេះទើបមានអាយុ ២៤លានឆ្នាំប៉ុណ្ណោះ (ក្មេងជាងព្រះអាទិត្យយើង ២០០ដង)៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣)