NASA ទម្លាយ​៖ យានចិនលើភពអង្គារ «គាំង» អស់ជាច្រើនខែ និងសង្ស័យលើបញ្ហាមួយ (មានវីដេអូ)

(បរទេស)៖ ផ្កាយរណបអង្កេតភពអង្គារ MRO របស់អង្គការ NASA បានទម្លាយរូបភាព ដែលខ្លួនបានថតជាប្រចាំនៅក្នុងរយៈពេលជាច្រើនខែមកនេះ ហើយជាលទ្ធផលបង្ហាញថា រ៉ូបូតជូយ៉ុង (Zhurong) នៃបេសកកម្មស្រាវជ្រាវភពអង្គារ ធានវិន ១ (Tianwen-1) របស់ប្រទេសចិននោះ មិនមានដំណើរការទាល់តែសោះ។ ក្រុមជំនាញ NASA ក៏បានលើកឡើងនូវមូលហេតុមួយ ដែលអាចជំរុញឲ្យ Zhurong គាំងផងដែរ។

កាមេរ៉ាចាប់យករូបភាពគុណភាពខ្ពស់ HiRISE (High Resolution Imaging Science Experiment) នៅលើផ្កាយរណប MRO (Mars Reconnaissance Orbiter) បានថតរូបភាពរ៉ូបូត Zhurong ជាលើកដំបូងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២, លើកទីពីរនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំដដែល និងលើកទីបីនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយរូបភាពថ្មីចុងក្រោយនេះ ត្រូវបានបញ្ចេញនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ (ម៉ោងនៅសហរដ្ឋអាមេរិក)។

(រូបភាពពី MRO របស់ NASA)

ជាលទ្ធផលរូបភាពថ្មីៗទាំងនេះបានបង្ហាញថា រ៉ូបូត Zhurong ដើរដោយពន្លឺព្រះអាទិត្យនេះ ដែលបានចុះទៅដល់ភពអង្គារកាលពីខែឧសភា ឆ្នាំ២០២១ នោះ មិនបានចល័តទៅណាសោះ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។ បើតាមប្រភពពីរដ្ឋបាលអវកាសជាតិចិនវិញ Zhurong ត្រូវបានដាក់ឲ្យស្ថិតក្នុងមុខងារ hibernation កាលពីអំលុងខែឧសភា ឆ្នាំ២០២២ ដើម្បីរក្សាសុវត្ថិភាពខ្លួនវា ពីរលកវិទ្យុសកម្មជះចេញពីព្រះអាទិត្យ នៅក្នុងរដូវរងានៅតំបន់ Utopia Planitia លើភពអង្គារនោះ។

(រូបភាពពី MRO របស់ NASA)

តែយ៉ាងណា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ សារព័ត៌មានចិន-ហុងកុង SCMP (South China Morning Post) បានអះអាងដោយដកស្រង់ប្រភពពីមន្ត្រីអនាមិករបស់ចិនមួយរូបថា ពួកគេមិនទាន់ទទួលបានសញ្ញាពីរ៉ូបូត Zhurong នៅឡើយទេ។ បើតាមការវិភាគលើរូបភាពរបស់ MRO ធូលីដីនៃភពអង្គារ ទំនងជាកំពុងគ្របដណ្តប់ជុំជិតលើ Zhurong ហើយ។ ធូលីភពអង្គារអាចគ្របលើបន្ទះសូឡា និងបង្អួចមួយគូរបស់ Zhurong ដែលប្រើប្រាស់សម្រាប់អនុញ្ញាតឲ្យធាតុគីមីមួយឈ្មោះ n-undecane រក្សាទុកនូវថាមពលកម្តៅអំលុងពេលថ្ងៃ និងបញ្ចេញវានៅពេលយប់លើភពអង្គារ។

យាន Zhurong និងជើងទម្រ Tianwen-1 (រូបភាពពី CNSA)

គួរបញ្ជាក់ថា រ៉ូបូត Spirit របស់អង្គការ NASA លើភពអង្គារ ក៏បានរំដោះខ្លួនឯងចេញពីធូលីមរណៈផងដែរ កាលពីឆ្នាំ២០០៥ ដោយសារតែព្យុះធូលីភពអង្គារបានបោកបក់ចំវា និងសម្អាតកម្ទេចដីចេញពីបន្ទះសូឡាស្រូបថាមពលព្រះអាទិត្យ។ ហេតុដូច្នេះ Zhurong ក៏នឹងអាចជាជួបភាពអស្ចារ្យនេះដូចគ្នា ហើយក្តីសង្ឃឹមនៃការដាស់រ៉ូបូតនេះឡើងវិញក៏នៅតែមាន។

យាន Zhurong និងឆ័ត្រយោង (រូបបភាពពី CNSA)

តែយ៉ាងណា បញ្ហាទំនងជាស្ថិតនៅត្រង់ Zhurong មិនបានបំពាក់ឧបករណ៍កម្តៅខ្លួន (radioisotope heater) ដូចដែលខ្លួនធ្លាប់ប្រើលើរ៉ូបូត Yutu នៅឋានព្រះចន្ទ ដែលប្រព័ន្ធនេះមានសារៈសំខាន់ណាស់ ក្នុងការធានាបង្កើនកម្តៅ និងជំរុញដំណើរការយានក្នុងស្ថានភាពដ៏ត្រជាក់។ ទោះជាបែបនេះក្តី ប្រទេសចិនធ្លាប់បានអះអាងរួចហើយថា Zhurong ត្រូវបានអភិវឌ្ឍឡើង ដើម្បីឲ្យអាចបំពេញបេសកកម្មចម្បងតែ ៣ខែប៉ុណ្ណោះ (នៃពេលវេលាផែនដី) នៅលើភពអង្គារ ហើយបើគិតពីថ្ងៃដាក់មុខងារ hibernation នោះ Zhurong បានដំណើរការជាង ១ឆ្នាំ និងចល័តបានចម្ងាយជិត ២គីឡូម៉ែត្រ

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Space News (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣)

Comments (0)
Add Comment