កុំច្រលំថារូប១សន្លឹកនេះ ពោពេញដោយផ្កាយឲ្យសោះ! ពួកវាគឺជា Black Hole… (មានវីដេអូ)

(បរទេស)៖ រូបភាពមួយសន្លឹកខាងក្រោមនេះ អាចឲ្យមនុស្សគ្រប់គ្នាយល់ច្រលំថា គឺជាផ្កាយច្រើនដួងរាប់មិនអស់កំពុងបញ្ចេញពន្លឺសៗនៅត្រង់តំបន់ណាមួយនៃកាឡាក់ស៊ីដ៏សែនឆ្ងាយ ប៉ុន្តែតាមការពិតទៅ ចំណុចភ្លឺសៗទាំងនោះគឺសុទ្ធសឹងតែជា ប្រហោងខ្មៅមហាយក្ស (supermassive black hole)។ ប៉ុន្តែឈប់សិន! ហេតុអ្វីនៅទីនោះមានសុទ្ធតែប្រហោងខ្មៅមហាយក្ស?

ចំណុចភ្លឺសៗទាំងអស់នេះសុទ្ធតែជា Black Hole យក្ស (រូបភាពពី LOFAR/LOL Survey)

យោងតាមទិន្នន័យពីបណ្តាញតេឡេស្កូបរលកវិទ្យុមួយ ដែលមានវិសាលភាពប៉ុនទ្វីបអឺរ៉ុប បានបង្ហាញកាលពីឆ្នាំ ២០២១ ថា រូបមួយសន្លឹកនេះមានចំណុចភ្លឺសៗសរុប ២៥,០០០ចំណុច ហើយវាស្ថិតនៅចំណុចកណ្តាលនៃកាឡាក់ស៊ីមួយ ដែលមានចម្ងាយរាប់លានឆ្នាំពន្លឺពីកាឡាក់ស៊ី Milky Way របស់យើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហេតុដូច្នេះទើបនៅទីនោះពោពេញដោយប្រហោងខ្មៅមហាយក្ស

ចំណុចភ្លឺសៗទាំងអស់នេះសុទ្ធតែជា Black Hole យក្ស (រូបភាពពី LOFAR/LOL Survey)

ជុំវិញរូបភាពដ៏អស្ចារ្យនេះ តារាវិទូ Francesco de Gasperin មកពីសាកលវិទ្យាល័យ Hamburg ប្រទេសអាល្លឺម៉ង់បានលើកឡើងថា «នេះជាលទ្ធផលដែលទទួលបានមកពី ការបំពេញកិច្ចការងារដ៏លំបាកលំបិន ដើម្បីប្រមូលយកទិន្នន័យអស់ជាច្រើនឆ្នាំ។ យើងមានវិធីសាស្ត្រថ្មីក្នុងការបំប្លែងរលកសញ្ញាវិទ្យុ (radio signals) ឲ្យចេញជារូបភាពអំពីផ្ទៃមេឃបាន»។

បណ្តាញតេឡេស្កូបចាប់សញ្ញាវិទ្យុនៅអឺរ៉ុប (រូបភាពពី LOFAR/LOL Survey)

នៅពេលដែល Black Hole មួយស្ថិតនៅតំបន់ ដែលមិនមានអ្វីអាចឲ្យស្រូបកម្ទេចចូលទៅក្នុងខ្លួនវាទេនោះ ក្រុមតារាវិទូតប្រាកដជាពិបាករកឃើញ Black Hole ប្រភេទនេះណាស់ ប៉ុន្តែនៅពេលដែល Black Hole មួយនោះកំពុងកម្ទេចផ្កាយ ឬវត្ថុអវកាសនានា ហើយស្រូបចូលទៅក្នុងខ្លួនវានោះ វានឹងបញ្ចេញពន្លឺឲ្យឃើញពីចម្ងាយ ហើយពេលខ្លះពន្លឺរបស់វាក៏មិនសូវខុសពីតារាមួយដួងនោះដែរ។

រូបភាព 3D អំពី Black Hole (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ការប្រមូលយកទិន្នន័យ និងបង្កើតចេញទៅជា រូបភាពមួយសន្លឹកខាងលើនេះ ត្រូវបានធ្វើឡើងដោយ បណ្តាញតេឡេស្កូបចាប់សញ្ញាវិទ្យុ LOw Frequency ARray (LOFAR) មានវិសាលភាពគ្របដណ្តប់ទូទាំងទ្វីបអឺរ៉ុប ជាមួយនឹងអង់តែនសរុប ២០,០០០គ្រឿង ពង្រាយនៅទីតាំងចំនួន ៥២ កន្លែង។ វាជាបណ្តាញតេឡេស្កូបវិទ្យុតែមួយគត់ ដែលមានសមត្ថភាពបង្កើតចេញជា រូបភាពផ្ទៃមេឃដ៏ស៊ីជម្រៅប្រកបដោយគុណភាពខ្ពស់គ្មានពីរ នៅក្នុងកម្រិតហ្វ្រេកង់ក្រោម ១០០ម៉េហ្គាហឺត

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Live Science (ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣)

Comments (0)
Add Comment