(បរទេស)៖ ផ្ទៃមេឃភពផែនដីមិនមែនគ្របដណ្តប់ដោយ ពន្លឺផ្កាយក្នុងកាឡាក់ស៊ី Milky Way តែមួយមុខ ដូចភ្នែករបស់យើងមើលឃើញនោះឡើយ ប៉ុន្តែហួសផុតពីនោះទៅ គឺជាចក្រវាលទាំងមូលនោះឯង។ ការប្រើប្រាស់តេឡេស្កូបនឹងជួយឲ្យយើងកំណត់ទិសដៅ និងយល់ដឹងការពិតកាន់តែច្រើនអំពីចក្រវាល (universe)។ អ្វីដែលត្រូវធ្វើឲ្យបាននោះគឺផែនទីមួយ ហើយពួកគេកំពុងអភិវឌ្ឍវាឲ្យកាន់តែប្រសើរឡើងហើយ ខណៈផែនទីថ្មីខាងក្រោមនេះ មានផ្ទុកកាឡាក់ស៊ីសរុប ១,០០០លានកាឡាក់ស៊ីឯណោះ។
នៅចុងខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមការងារស្ទាបស្ទង់រូបភាព DESI Legacy Imaging Surveys បានបញ្ចេញនូវផែនទីនៃវិមាត្រចំនួន ២ ដ៏ធំបំផុត ដែលមិនធ្លាប់ត្រូវបានបង្កើតឡើង ហើយវាជាការបញ្ចេញទិន្នន័យលើកទី ១០ របស់ DESI បន្ទាប់ពីការប្រមូលផ្តុំទិន្នន័យអស់រយៈពេល ៦ឆ្នាំ តាមរយៈតេឡេស្កូប Kitt Peak នៅរដ្ឋ Arizona សហរដ្ឋអាមេរិក និងតេឡេស្កូបនៃមន្ទីរអង្កេតតារាអន្តរអាមេរិក Cerro Tololo នៅប្រទេសឈីលី។
បេសកកម្ម The Legacy Surveys ត្រូវបានបង្កើតឡើង ដើម្បីបង្កើតផែនទីផ្ទៃមេឃដ៏ទូលំទូលាយបំផុត ដែលអាចធ្វើទៅបាន ដើម្បីជួយតារាវិទូឱ្យយល់ពីរបៀបដែលចក្រវាល បានពង្រីកខ្លួនក្នុងរយៈពេល ១២ពាន់លានឆ្នាំចុងក្រោយនេះ។ វាពិតជារឿងសំខាន់ក្នុងការយល់ដឹងអំពី «ថាមពលងងឹត (Dark Energy)» ដែលជាកម្លាំងលាក់មុខ និងហាក់ដូចជាកំពុងពន្លឿនការពង្រីកខ្លួននៃចក្រវាលមួយនេះ។
សម្រាប់ទិន្នន័យថ្មីៗខាងលើនេះ គឺបានមកពីកាមេរ៉ា Dark Energy Camera (DECam) នៅលើតេឡេស្កូបមុខកាត់ ៤ម៉ែត្រ «CTIO» ស្ថិតក្នុងប្រទេសឈីលី។ ពួកគេបានត្រួតពិនិត្យមើលតំបន់មួយចំនួននៃផ្ទៃមេឃ ដែលស្ថិតនៅឆ្ងាយពីបន្ទះ disk របស់ Milky Way ហើយក្នុងប្រតិបត្តិការនេះ ក្រុមតារាវិទូអាចរកឃើញគោលដៅកាឡាក់ស៊ីសរុប ៤០លានគោលដៅ។ សរុបរយៈពេល ៦ឆ្នាំ គេប្រើប្រាស់ប្រើប្រាស់ទិន្នន័យសរុប ១ផេតាបៃត៍ (petabyte) (ស្មើនឹង ១,០០០ទ្រីលានបៃត៍) និង ១០០លានម៉ោងនៃ CPU ក្នុងកុំព្យូទ័រមួយ ក្នុងចំណោមកុំព្យូទ័រដ៏ខ្លាំងអស្ចារ្យទាំងអស់របស់ពិភពលោក។
គួរបញ្ជាក់ថា ទិន្នន័យបានមកពីការអនុវត្តសមត្ថភាពវែករក ពន្លឺក្រហមអាំងហ្វ្រា (Infrared Light) ខាងលើនេះ ពិតជាជួយក្រុមតារាវិទូឲ្យស្វែងរកកាន់តែប្រសើរនូវវត្តមានកាឡាក់ស៊ី បើទោះបីជាស្ថិតនៅឆ្ងាយ និងមានពន្លឺក្រហមស្រាលៗបំផុតក្តី។ យ៉ាងណាក៏ដោយ ១,០០០ លានកាឡាក់ស៊ីនោះ ត្រឹមតែជាជ្រុងតូចមួយនៃចក្រវាល នៅលើផ្ទៃមេឃភពផែនដីប៉ុណ្ណោះ។ ក្រុមតារាវិទូសង្ឃឹមថា នៅថ្ងៃអនាគតជាមួយការបង្កើនសមត្ថភាពទាំងបច្ចេកវិទ្យា និងពេលវេលា ពួកគេនឹងអាចគូសវាសផែនទីចក្រវាល ឲ្យបានពេញមួយផ្ទៃមេឃផែនដីតែម្តង ដើម្បីឲ្យគ្រប់គ្នាអាចយល់ដឹង និងប្រើប្រាស់ផែនទីនៃអនាគតនោះបាន៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Forbes (ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣)