យល់ដឹង៖ ពន្លឺ Aurora ច្រើនខុសធម្មតា និងព្រះអាទិត្យកញ្ជ្រោលញឹកញាប់, តើមានរឿងអ្វីកើតឡើង? (មានវីដេអូ)

(បរទេស)៖ ការរេរាំដ៏គួរឱ្យភ្ញាក់ផ្អើលនៃសំរាំងប៉ូល ឬពន្លឺអ័ររ៉ូរ៉ា (Aurora) នៅតំបន់អឌ្ឍគោលខាងត្បូង និងខាងជើងនៃភពផែនដី បានបង្ហាញឲ្យប្រជាជននៅតាមបណ្តាប្រទេស ដែលស្ថិតនៅជុំវិញតំបន់ទាំងពីរ មើលឃើញ និងភ្ញាក់ផ្អើលផងដែរ ចំពោះការកើតមានយ៉ាងច្រើនបែបនេះ។ ពន្លឺ Aurora ដែលជាធម្មតាតែងបង្ហាញវត្តមាន ពីលើតំបន់សមុទ្រទឹកកកអាក់ទិក (Arctic) និងទ្វីបអង់តាកទិក (Antarctica) នោះ បានបង្កើតឱ្យមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាច្រើនសតវត្សរ៍មកហើយ ខណៈចម្ងល់ខ្លះអំពីបាតុភូតធម្មជាតិនេះ ក៏នៅបន្តដល់បច្ចុប្បន្ន។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ (គិតចាប់ពីចុងខែកុម្ភៈ ដល់ដើមខែមីនា ឆ្នាំ២០២៣) ក្រុមអ្នកថតរូប និងអ្នកតាមដានផ្ទៃមេឃពេលរាត្រី បាននិងកំពុងចាប់យក ការបង្ហាញទិដ្ឋភាពចម្រុះពណ៌ នៅអឌ្ឍគោលខាងត្បូងផែនដី ខុសប្លែកជាងធម្មតា (ជាធម្មតា Aurora ភាគច្រើនមាននៅអឌ្ឍគោលខាងជើង)។ នៅភាគអាគ្នេយ៍នៃចក្រភពអង់គ្លេស អាកាសយានិកនៃយន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានសម្រេចចិត្តហោះទៅកៀកនឹងពន្លឺ Aurora នៅក្នុងដែនអាកាសកម្រិតមធ្យម ហើយនៅរដ្ឋ New South Wales របស់អូស្ត្រាលីវិញ ក៏ឃើញមានបាតុភូតដូចគ្នានោះដែរ ឬត្រូវបានហៅថា Aurora Australis

(រូបភាពពីបរទេស)
  • តើអ្វីទៅជាអ្នកជំរុញឲ្យពន្លឺ Aurora បង្ហាញវត្តមាន?

ការកកើតពន្លឺ Aurora គឺបណ្តាលមកពីសកម្មភាពនៅលើព្រះអាទិត្យ ជាពិសេសព្យុះព្រះអាទិត្យ (Solar Storm) មួយប្រភេទហៅថា Coronal Mass Ejection (CME) ដែលជាជះចេញនូវឧស្ម័ន និងភាគល្អិតមានបន្ទុកអគ្គិសនី ទៅកាន់ទីអវកាសជុំវិញព្រះអាទិត្យ។ នៅពេលដែលភាគល្អិតទាំងនោះ ចល័តទៅដល់ខ្សែបន្ទាត់ដែនម៉ាញេទិច (magnetic field lines) នៅប៉ូលខាងជើង និងខាងត្បូង (ដែលជាធម្មតាប្រើពេលប្រហែលបីថ្ងៃ) ពួកវានឹងចូលទៅក្នុងបរិយាកាសរបស់ផែនដី។

នៅក្នុងបរិយាកាសផែនដីនោះ ភាគល្អិតនានា និងថាមពលពីព្រះអាទិត្យ ធ្វើអន្តរកម្មជាមួយឧស្ម័ននានាក្នុងបរិយាកាស រួចក៏បង្កើតទៅជាពន្លឺពណ៌ផ្សេងៗគ្នា នៅក្នុងបរិយាកាសផ្នែកខាងលើរបស់ផែនដី។ ក្នុងដំណើរការនេះ ឧស្ម័នអុកស៊ីហ្សែន (O2) នឹងបញ្ចេញពន្លឺពណ៌បៃតង ជាពណ៌ដែលគេឃើញញឹកញាប់បំផុត ពេលមានបាតុភូត Aurora បូករូមទាំងពន្លឺពណ៌ក្រហមផងដែរ, នេះបើយោងតាមការពន្យល់ពី ក្រុមជំនាញខាង Aurora Watch នៅឯសាកលវិទ្យាល័យ Lancaster ចក្រភពអង់គ្លេស។ NASA ក៏បានពន្យល់ដែរថា ឧស្ម័នអាសូត​បញ្ចេញ​ពណ៌​ខៀវ និង​ពណ៌​ស្វាយ ហើយផ្ទៃមេឃស្រឡះល្អក៏អាចជួយធ្វើឱ្យពន្លឺ Aurora បង្ហាញវត្តមានឲ្យយើងឃើញកាន់តែច្បាស់។

ដំណើរនៃការកកើត Aurora (រូបភាពពីបរទេស)

ក្រុមអ្នកស្រាវជ្រាវនៅអង្គការ NASA តាមរយៈតេឡេស្កូបអវកាស Solar Dynamics Observatory បានពន្យល់បន្ថែមថា ពួកគេបានរកឃើញអណ្តាតភ្លើងព្រះអាទិត្យ (flare) លំដាប់ M-class ចំនួនពីរនៅថ្ងៃទី ២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ (ម៉ោងនៅអាមេរិក) ដែលជំរុញឲ្យកើតមានព្យុះ CME ពីព្រះអាទិត្យ ហើយនៅថ្ងៃទី៣ ខែមីនា ក៏បានកើតមានការជះ flare កម្រិត​ X-2.1 class ផងដែរ។ បាតុភូតទាំងអស់នេះកំពុងជំរុញឱ្យមានការតាមដាន និងស្វែងយល់ស្ថានភាពថ្មីៗ អំពីការប្រែប្រួលភូមិសាស្ត្រម៉ាញេទិចនៃព្រះអាទិត្យ ព្រមទាំងការបង្កើតនូវពន្លឺ Aurora យ៉ាងទូលំទូលាយ និងច្រើនទីតាំងជាងធម្មតា។ អណ្តាតភ្លើង​ព្រះអាទិត្យ​តូច​បំផុត​ ត្រូវ​បាន​គេ​កំណត់ចំណាត់ថ្នាក់ (Class) ត្រឹមកម្រិត A និងឡើងតាមថ្នាក់ចាប់ពី B, C… M និងរហូតដល់ខ្ពស់បំផុតគឺកម្រិត X-class

Aurora ថតពីស្ថានីយអវកាសអន្តរជាតិ (រូបភាពពី NASA)

ជួនកាលព្រឹត្តិការណ៍ CME កម្រិតធ្ងន់ក៏អាចរំខានដល់ប្រតិបត្តិការផ្កាយរណប និងប្រព័ន្ធវិទ្យុទាក់ទង ឬក៏ការដាច់ចរន្តអគ្គិសនីនៅលើផែនដីផងដែរ។ កាលពីថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ (ម៉ោងនៅអាមេរិក) អណ្តាតភ្លើងព្រះអាទិត្យមួយផ្សេងទៀត បានផ្ទុះជះឡើងក្រោមកម្រិត X-class តែបន្តិចប៉ុណ្ណោះ (យោងតាមវែបសាយ EarthSky) តែយ៉ាងណា វាមិនបានបង្កឲ្យមានព្រឹត្តិការណ៍ CME នោះឡើយ។ យោងតាមក្រុមជំនាញចក្រភពអង់គ្លេស បានឱ្យដឹងថា ការកើនឡើងចុងក្រោយបំផុត នៃសកម្មភាពភូមិសាស្ត្រម៉ាញេទិច ត្រូវបានជំរុញចេញពីតំបន់ព្រះអាទិត្យដ៏ធំ និងស្មុគ្រស្មាញមួយ ដែលត្រូវបានគេស្គាល់ថា «AR3234»

  • តើ Aurora អាចកើតឡើងញឹកញាប់ប៉ុណ្ណា?

បើតាមការព្យាករណ៍របស់ក្រុមជំនាញអន្តរជាតិឲ្យដឹងថា ចាប់ពីពេលនេះទៅ ការបង្ហាញវត្តមានរបស់ Aurora នឹងកាន់តែក្សត់ទៅៗ។ ប្រការនេះក៏មានន័យថា ចាប់ពីដើមខែមីនា ឆ្នាំ២០២៣ នេះទៅ មនុស្សក៏មានឱកាសកាន់តែតិចជាងមុន ក្នុងការមើលឃើញពន្លឺនៅជុំវិញប៉ូលភាគខាងជើង ឬខាងត្បូងនោះផងដែរ។ ក្រុមជំនាញបានអះអាងទៀតថា អំលុងពេលប៉ុន្មានឆ្នាំខាងមុខ ពន្លឺ Aurora អាចនឹងលេចឡើង នៅភាគខាងត្បូងបន្ថែមទៀតជាទៀងទាត់។

វត្តមាននៃចំណុចខ្មៅព្រះអាទិត្យ (រូបភាពពី NASA)

គួរបញ្ជាក់ថា ព្រះអាទិត្យតែងតែឆ្លងកាត់ «វដ្ត» របស់ខ្លួនក្នុងរយៈពេល «១១ឆ្នាំម្តង» ដែលជាខណៈពេលមនុស្សអាចមើលឃើញ កម្រិតនៃសកម្មភាពអណ្តាតភ្លើង (flare) ប្រែប្រួលយ៉ាងកញ្ជ្រោលខុសធម្មតា។ សម្រាប់វដ្តទី ២៥ ដែលជាវដ្តចុងក្រោយបំផុត នៃការសង្កេតនោះ បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ ២០១៩ ជាមួយនឹងកម្រិតប្រែប្រួលជាអប្បបរមានៃព្រះអាទិត្យ។ វា ជាអំលុងពេលដែលព្រះអាទិត្យ «នៅតែសកម្ម» ប៉ុន្តែមានភាពស្ងប់ស្ងាត់ជាងធម្មតា និងមានចំនួនចំណុចខ្មៅ (sunspots) តិចជាងមុន។

ឥឡូវនេះ យើងកំពុងខិតជិតដល់កម្រិតអតិបរមា (ការកញ្ជ្រោលខ្លាំង) នៃចលនាព្រះអាទិត្យហើយ ដែលគេរំពឹងថានឹងកើតឡើងនៅអំលុងខែកក្កដា ឆ្នាំ ២០២៥។ វានឹងក្លាយជាពេលវេលាដែលព្រះអាទិត្យបញ្ចេញសកម្មភាពកាន់តែច្រើន ខណៈវត្តមាន sunposts ក៏នឹងកើនឡើងស្របគ្នាដែរ។

(រូបភាពពីបរទេស)

បើតាមអ្នកជំនាញអន្តរជាតិមួយរូប គឺលោក Robert Massey មកពីស្ថាប័ន The Royal Astronomical Society បានថ្លែងថា បាតុភូតបង្កឡើងដោយព្រះអាទិត្យ ដែលបណ្តាលឱ្យកើតមានពន្លឺ Aurora នោះគឺជារឿងធម្មតាប៉ុណ្ណោះ នៅពេលដែលយើងឆ្ពោះទៅរក «កម្រិតអតិបរមា» នៃសកម្មភាពកញ្ជ្រោលរបស់ព្រះអាទិត្យ ខណៈភពផ្សេងទៀតៗ នៅក្នុងប្រព័ន្ធព្រះអាទិត្យដូចជា ភពព្រហស្បតិ៍ (Jupiter) និងភពសៅរ៍ (Saturn) ជាដើម ក៏តែងតែរំលេចពន្លឺ Aurora នៅលើប៉ូលរបស់ខ្លួនផងដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ CNN (ថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣)

Comments (0)
Add Comment