(៥ មីនា ១៩៨២)៖ យានអវកាសសូវៀត Venera 14 ចុះចតលើផ្ទៃភពសុក្រដ៏ក្តៅគគុក (រូបភាព+វីដេអូ)

(បរទេស)៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៨២ (ជាង ៤០ឆ្នាំមុន) យានអវកាស Venera 14 របស់អតីតសហភាពសូវៀត បានចុះចតដោយជោគជ័យលើផ្ទៃភពសុក្រ (Venus) ដែលជាភពក្តៅគគុកជាងគេ ប្រចាំនៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ ជាមួយនឹងកម្តៅលើផ្ទៃរបស់វាជាមធ្យមជាង ៤៦០អង្សាសេឯណោះ។

រូបពិតថតដោយយាន Venera 14 (Image credit: UCL Faculty of Mathematical and Physical Sciences )

Venera 14 ត្រូវបានបាញ់បង្ហោះតែរយៈពេល ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់យានភ្លោះរបស់វាមួយទៀត គឺ Venera 13 ត្រូវបានបញ្ជូនទៅភពសុក្រដូចគ្នា ខណៈយាន Venera 13 បានទៅដល់ប៉ុន្មានថ្ងៃមុនយាន Venera 14 នៅក្នុងដំណើររយៈពេល ៤ខែដូចគ្នា ពីផែនដីទៅភពសុក្រ។

រូបពិតថតដោយយាន Venera 14 (Image credit: UCL Faculty of Mathematical and Physical Sciences )

យាន Venera 14 បានទម្លាក់ខ្លួនតាមរយៈឆ័ត្រយោង ដោយពុះជ្រែកពពកដ៏ក្រាស់ឃ្មឹកចុះទៅដល់ផ្ទៃភពសុក្រ និងបានប្រមូលយកទិន្នន័យសំខាន់ៗ អំពីបរិយាកាសភពទី ២ បន្ទាប់ពីព្រះអាទិត្យនោះ កំលុងពេលដែលវាកំពុងទម្លាក់ខ្លួននោះ។

រូបពិតចុងក្រោយដែលយាន Venera 14 ថតបាន (Image credit: UCL Faculty of Mathematical and Physical Sciences )

គួរបញ្ជាក់ថា យាន Venera 14 បានចុះចតនៅរយៈចម្ងាយតែ ១គីឡូម៉ែត្រប៉ុណ្ណោះពីយាន Venera 13 ហើយក៏បានផ្តិតយករូបភាពពិសេសៗ ពីផ្ទៃរបស់ភពសុក្រផងដែរ។ ប៉ុន្តែ Venera 14 ស្ថិតនៅមិនបានយូរឡើយ ព្រោះសម្ពាធដ៏ខ្លាំងក្លា និងកម្តៅដ៏ក្តៅគគុកនៃផ្ទៃ Venus បានសម្លាប់យាននេះឲ្យផុតដង្ហើម ដោយប្រើពេលមិនដល់ ១ម៉ោងឡើយ៕

រូបតំណាងឲ្យយាន Venera 14 និងទិដ្ឋភាពលើភពសុក្រ (រូបភាពពីបរទេស)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣)

Comments (0)
Add Comment