(ជប៉ុន)៖ អាចជាមិនមែនបាតុភូតចម្លែក តែការផ្តិតបានសកម្មភាពស្តែងៗ នៃអាចម៍ផ្កាយធ្លាក់លើផ្ទៃព្រះចន្ទបែបនេះ គឺជារឿងកម្របំផុត, ប៉ុន្តែតារាវិទូជប៉ុនមួយរូបអាចធ្វើបាន។ អាចម៍ផ្កាយស្ថិតក្នុងកម្រិតជា ដុំថ្មអវកាស (meteorite) តូចមួយដុំនោះ បានធ្លាក់នៅចំហៀងផ្នែកយប់របស់ព្រះចន្ទ ដែលបែរមករកផែនដី ដូច្នេះទើបគេអាចថតសកម្មភាពវាធ្លាក់លើផ្ទៃព្រះចន្ទ និងបែកចេញផ្កាភ្លើងមួយភ្លឹបនោះបាន។ ទស្សនាវីដេអូខាងក្រោម៖
បើតាមលោក Daichi Fujii តារាវិទូមកពីសារមន្ទីរទីក្រុង Hiratsuka ប្រទេសជប៉ុន បានអះអាងថា លោកបានផ្តិតយកទិដ្ឋភាពខាងលើនេះ តាមរយៈកាមេរ៉ាមួយចំនួន ដែលលោកបានរៀបចំដើម្បីអង្កេតព្រះចន្ទ។ ហេតុការណ៍មួយនេះ បានកើតឡើងនៅវេលាម៉ោង ២០៖១៣នាទី និង ៣០វិនាទី យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយ meteorite មួយដុំនោះទំនងជាបានធ្លាក់ នៅក្បែររណ្តៅមួយលើផ្ទៃព្រះចន្ទ ដែលយើងអាចមើលឃើញពីផែនដី មានឈ្មោះថា Ideler L crater (ស្ថិតនៅពាយ័ព្យនៃរណ្តៅ Piticscus crater បន្តិច)។
គួរបញ្ជាក់ថា ដុំថ្មអវកាសដែលបានបុកផ្ទៃព្រះចន្ទ តែងតែចល័តក្នុងល្បឿនជិត ៥០,០០០គីឡូម៉ែត្រក្នុង១ម៉ោង ឬជាង ១៣គីឡូម៉ែត្រក្នុង១វិនាទី។ ការបុកទង្គិចផ្ទៃព្រះចន្ទក្នុងល្បឿនកម្រិតនេះ អាចបង្កើនកម្តៅដ៏ខ្លាំង និងបង្កើតចេញជារណ្តៅលើផ្ទៃព្រះចន្ទ ខណៈផ្កាភ្លើងក្រោយការប៉ះទង្គិចនោះ អាចជះចេញឲ្យយើងចាប់បានផងដែរ ក្នុងករណីវាកើតឡើងនៅពេលយប់ លើផ្នែកដែលបែរមករកផែនដី (near side)។ បើតាមលោក Fujii រណ្តៅថ្មីនេះអាចមានមុខកាត់ជាង ១០ម៉ែត្រ ហើយផ្កាយរណប LRO របស់ NASA និង Chandrayaan 2 របស់ឥណ្ឌា អាចនឹងធ្វើការអង្កេតទីតាំងនោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣)