(បរទេស)៖ លោកអ្នកប្រហែលជានៅចងចាំមិនភ្លេចនោះឡើយ ចំពោះដុំថ្មអវកាសមកពីក្រៅប្រព័ន្ធព្រះអាទិត្យ នោះគឺ អ៊ូម័រម័រ (Oumuamua) ដែលបានបង្កការភ្ញាក់យ៉ាងខ្លាំង ពេលវាគោចរចូលក្នុងព្រះអាទិត្យយើង និងហោះមកក្បែរផែនដីកាលពីឆ្នាំ ២០១៧ នោះ ហើយទ្រឹស្តី និងការសន្និដ្ឋានជាច្រើន ក៏ត្រូវបានធ្វើឡើងជាបន្ទាប់ ចំពោះអាចម៍ផ្កាយប្រវែងជាង ២០០ម៉ែត្រ នោះផងដែរ។
នៅក្នុងការចំណោមការសន្និដ្ឋានអំពីប្រភពដើម និងការពិតរបស់ Oumuamua មានតែមួយប៉ុណ្ណោះដែលគួរឲ្យចាប់អារម្មណ៍ផង និងចងចាំជាងគេផង នោះគឺវាត្រូវបានគេសង្ស័យថា ជាយានរបស់ជីវិតភពផ្សេង (Alien Spaceship) ដែលជិះមកធ្វើទស្សនកិច្ចនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងមួយជុំ រួចក៏ត្រលប់ទៅវិញបាត់។ ទោះបីក្រុមអ្នកវិទ្យាសាស្ត្រ បានព្យាយាមបកស្រាយ និងច្រានចោលចំពោះការលើកឡើងបែបនេះក៏ដោយ ក៏ការសង្ស័យចាប់តាំងពីឆ្នាំ ២០១៧ មកនោះ នៅមិនទាន់ត្រូវបានលុបបំបាត់នៅឡើយដែរ។
យ៉ាងណាក៏ដោយ ឈានចូលមកដល់ឆ្នាំ ២០២៣ នេះ សេចក្តីសម្រេចចុងក្រោយមួយ របស់ក្រុមអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក មកពីសាកលវិទ្យាល័យល្បីៗដូចជា Berkeley និង Cornell ជាដើមបានអះអាងថា Oumuamua ត្រឹមជាវត្ថុអវកាសមកពីប្រព័ន្ធផ្កាយដទៃ (Interstellar Object) ហើយចំហាយចេញពីខ្លួនរបស់វានោះ គឺអាចជាឧស្ម័នអ៊ីដ្រូសែន (hydrogen) ឬក៏អាចជាអាសូត និងកាបូនម៉ូណូអុកស៊ីត ដែលបានភាយចេញពីខ្លួនវាពេលត្រូវកម្តៅព្រះអាទិត្យយើងប៉ុណ្ណោះ ខណៈឥរិយាបថរបស់វានោះ ក៏ត្រូវបានច្រលំជាមួយនឹងផ្កាយដុះកន្ទុយផងដែរ។
Oumuamua បានផ្តល់ក្តីចម្ងល់ជាខ្លាំង នៅពេលវាត្រូវបានប្រទះឃើញ ព្រោះតែការចល័តយ៉ាងលឿនរហូតដល់ទៅ ៨៧គីឡូម៉ែត្រក្នុង១វិនាទី (លឿនជាងល្បឿនចល័តនៃផ្កាយដុះកន្ទុយជាមធ្យម ក្នុងប្រព័ន្ធព្រះអាទិត្យយើងរហូតដល់ទៅ ៣ដង)។ ទោះបីខាងលើនេះ ត្រូវបានចាត់ទុកជាចម្លើយចុងក្រោយក្តី តែតាមការស្ទាបស្ទង់ទៅលើអ្វីដែលមាននៅក្នុងកិច្ចតស៊ូមតិយោបល់របស់ក្រុមតារាវិទូនោះ ពួកគេនៅតែមានចម្ងល់ចំពោះប្រភពដើមពិតប្រាកដរបស់ Oumuamua ដដែល។
គួរបញ្ជាក់ថា កាលពីអំលុងឆ្នាំ២០១៧ នោះ Oumuamua បានហោះមកដល់ចំណុចកៀកផែនដីបំផុត នៅក្នុងចម្ងាយ ២៤លានគីឡូម៉ែត្រ (ឆ្ងាយជាងព្រះចន្ទ ៦២ដង) ហើយវាក៏ចល័តទៅបាត់ស្រមោល នៅរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការប្រទះឃើញដោយតេឡេស្កូបលើភពផែនដី។ បើតាមឥរិយាថរបស់ Oumuamua ក្រុមអ្នកវិទ្យាសាស្ត្រសន្មត់ថា វាមិនមែនជាដុំថ្មអវកាសក្នុងប្រព័ន្ធផ្កាយយើងឡើយ ហើយវាក៏នឹងមិនត្រលប់មកវិញម្តងទៀតដែរ តែក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា នឹងមានវត្ថុអវកាសបែបនេះថ្មីៗទៀតនៅថ្ងៃអនាគត៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/Journal Nature (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣)