Breaking៖ ទីបំផុត James Webb ឆ្លុះមើលភពទី១នៃប្រព័ន្ធផ្កាយ TRAPPIST-1 និងមិនឃើញមានបរិយាកាស (មានវីដេអូ)

(បរទេស)៖ ទីបំផុតតេឡេស្កូបអវកាស James Webb បានធ្វើការឆ្លុះមើលភព នៅក្នុងប្រព័ន្ធផ្កាយ TRAPPIST-1 ដែលស្ថិតនៅចម្ងាយខ្ទង់ ៤០ឆ្នាំពន្លឺពីផែនដីនោះហើយ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដោយចាប់ផ្តើមពីភពទី មុខគេនោះគឺ TRAPPIST-1 b ខណៈទិន្នន័យសំខាន់ៗក៏ត្រូវបានបញ្ចេញជាសាធារណៈផងដែរ។

កម្រិតសីតុណ្ហភាពនៅលើភព Trappist-b គិតជា F (ហ្វារិនហៃ) (រូបភាពពី NASA ESA CSA)

James Webb បានប្រើប្រាស់ឧបករណ៍អង្កេតពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម (MIRI) ក្នុងការឆ្លុះមើលភព TRAPPIST-1 b ដើម្បីឲ្យដឹងថា វាមានបរិយាកាសឬអត់ ព្រោះភពនោះគោចរកៀកនឹងផ្កាយមេវាខ្លាំងជាងគេ ហើយបើគិតពីកម្រិតថាមពលដែលវាទទួលបានពីផ្កាយវាវិញ គឺស្មើនឹង ៤ដង នៃថាមពលដែលភពផែនដី ទទួលបានពីព្រះអាទិត្យ

(រូបភាពពី NASA)

យោងតាមការអង្កេតពីមុនដោយ តេឡេស្កូបអវកាស Hubble និង Spitzer របស់អង្គការ NASA លើភព TRAPPIST-1 b ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសញ្ញាមិនច្បាស់លាស់នោះឡើយ អំពីលទ្ធភាពអាចមានបរិយាកាសរបស់ភពនេះ។ ប៉ុន្តែនៅពេលប្រើប្រាស់ឧបករណ៍ MIRI របស់ James Webb ដើម្បីឆ្លុះមើលវិញម្តងនោះ ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញ នៅលើផ្ទៃភព TRAPPIST-1b ផ្នែកត្រូវពន្លឺថ្ងៃមានកម្តៅរហូតដល់ទៅជិត ២៣០អង្សាសេ។

ភព Trappist-1 b (រូបភាពពី NASA)

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ គឺភព TRAPPIST-1 b ស្ថិតក្នុងគន្លងគោចរបិទ (locked orbit) ដោយមួយចំហៀងរបស់វាបែរមុខទៅរកផ្កាយវារហូត (មានកម្តៅក្តៅខ្លាំង) និងមួយចំហៀងទៀតងងឹតរហូត (ត្រជាក់)។ ទោះបីជាមិនមានភស្តុតាងជាក់ស្តែងអាចបញ្ជាក់ថា ភពនេះមានបរិយាកាសឬក៏អត់ពិតមែន ក៏ស្ថានភាពបែបនេះ ក្រុមអ្នកវិទ្យាសាស្ត្រអាចសន្និដ្ឋានបានថា TRAPPIST-1 b គ្មានបរិយាកាសឡើយ (ត្រងោល)។

ឧបករណ៍ MIRI របស់ James Webb អង្កេតមើលដំណើរប្រែប្រួលនៃពន្លឺផ្កាយពេលភព TRAPPIST-1 គោចរឆ្លងកាត់ (រូបភាពពី NASA ESA CSA)

គួរបញ្ជាក់ថា លទ្ធផលខាងលើនេះពិតជាជំហានដ៏សំខាន់មួយ ក្នុងការកំណត់ថា តើភពនានាដែលវិលជុំវិញផ្កាយកញ្ជ្រោលតូចៗ (Red Dwarf ឬ M Dwarf) ដូចជា TRAPPIST-1 នេះ អាចទ្រទ្រង់បរិយាកាស ដែលត្រូវការសម្រាប់ទ្រទ្រង់ជីវិតដែរឬទេ។ វាក៏មានប្រយោជន៍ផងដែរ ក្នុងការឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ James Webb ក្នុងការកំណត់សីតុណ្ហភាពលើពពួកភព exoplanets មានទំហំប្រហាក់ប្រហែលផែនដី ដោយប្រើឧបករណ៍ MIRI ដែលតេឡេស្កូបមុនៗមិនអាចធ្វើបាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣)

Comments (0)
Add Comment