Breaking៖ មួយនេះទំនងជាប្រហោងខ្មៅ (Black Hole) ធំមហិមាបំផុតប្រចាំឆ្នាំ២០២៣! (មានវីដេអូ)

(បរទេស)៖ ក្រុមតារាវិទូអន្តរជាតិនៅក្នុងឆ្នាំ២០២៣នេះ ទើបតែបានប្រទះឃើញប្រហោងខ្មៅដ៏ធំមហិមាបំផុត (Ultra Massive Black Hole) ដែលមិនធ្លាប់ត្រូវបានជួបប្រទះពីមុនមកឡើយ ខណៈម៉ាស (mass) របស់វាវិញនោះ គឺស្មើនឹងម៉ាសព្រះអាទិត្យយើងជាង ៣០ពាន់លានដងឯណោះ។

Ultra Massive Black Hole ខាងលើនេះ ស្ថិតនៅចំកណ្តាលនៃកាឡាក់ស៊ីមួយមានចម្ងាយរាប់រយពាន់លានឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ មូលហេតុដែលក្រុមតារាវិទូអាចកំណត់ទំហំ និងហៅវាថាប្រហោងខ្មៅកំពូលមហាយក្សនោះ ព្រោះវាតែមានម៉ាសធ្ងន់ និងទំហំធំធេងជាងប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) ឆ្ងាយណាស់។ ជាធម្មតា Supermassive Black Hole មានម៉ាសចន្លោះពីខ្ទង់រាប់លានដល់ខ្ទង់ ២ ទៅ ៣ពាន់លានដង នៃម៉ាសព្រះអាទិត្យយើងប៉ុណ្ណោះ។

រូបតំណាងនៃប្រហោងខ្មៅ (Black Hole) (រូបភាពពីបរទេស)

ក្រុមតារាវិទូអន្តរជាតិមកពីសាកលវិទ្យាល័យ Durham ចក្រភពអង់គ្លេស បានប្រទះឃើញប្រហោងខ្មៅកំពូលមហាយក្សខាងលើនេះ ក្រោយពីធ្វើការអង្កេតកាឡាក់ស៊ីមួយឈ្មោះ Abell 1201 BCG មានចម្ងាយ ២.៧ពាន់លានឆ្នាំពន្លឺពីផែនដី ស្ថិតនៅក្នុងបណ្តុំកាឡាក់ស៊ី Abell 1201 (Abell 1201 galaxy cluster) ហើយនៅទីបំផុតពួកគេបានរកឃើញនៅចំកណ្តាលកាឡាក់ស៊ីនោះមានប្រហោងខ្មៅ Ultra Massive Black Hole មួយតែម្តង។

ជុំវិញរបកគំហើញថ្មីខាងលើនេះ អ្នកដឹកនាំការស្រាវជ្រាវមួយរូប និងជាតារាវិទូមកពីសាកលវិទ្យាល័យ Durham ផងដែរ គឺលោក James Nightingale បានលើកឡើងថា «ប្រហោងខ្មៅដ៏ពិសេសមួយនេះ គឺមានម៉ាសស្មើនឹងម៉ាសព្រះអាទិត្យយើងរហូតដល់ទៅ ៣២.៧ពាន់លានដង ហើយនេះជាទំហំដ៏ធំមហិមាបំផុត មិនធ្លាប់ត្រូវបានជួបប្រទះនោះឡើយ ខណៈវាកំពុងស្ថិតនៅលំដាប់កំពូលនៃការកំណត់ថា តើ Black Hole អាចមានទំហំធំធេងដល់កម្រិតណា… ហេតុដូច្នេះវាជារបកគំហើញថ្មី ដ៏គួរឲ្យរំភើបញាប់ញ័រជាទីបំផុត»

តេឡេស្កូបអវកាស Hubble និងការអង្កេតរកប្រហោងខ្មៅ (រូបភាពពី NASA)

គួរបញ្ជាក់ថា ក្រុមការងារសិក្សានៃសាកលវិទ្យាល័យ Durham បានគណនាទំហំនៃ Ultra Massive Black Hole ខាងលើនេះ ដោយធ្វើការវិភាគលើទំហំនៃការពង្រីកនៃវត្ថុ ដែលគោចរកាត់ខាងមុខរបស់ប្រហោងខ្មៅនោះ តាមរយៈបាតុភូត Gravitational Lensing នៅក្នុងរូបភាពជាបន្តបន្ទាប់ ដែលត្រូវបានថតដោយតេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA។ តាមរយៈកម្មវិធីកំណត់គំរូម៉ូដែលដ៏ទំនើបតាមកុំព្យូទ័រ ក្រុមអ្នកវិទ្យាសាស្ត្រអាចកំណត់អំពីកម្រិតនៃពន្លឺ ដែលត្រូវបានបិទបាំងនៅពេលមានបាតុភូត Gravitational Lensing។ នេះជាវិធីសាស្ត្រដែលត្រូវបានធ្វើជាទូទៅ ដើម្បីគណនារកទំហំ Black Hole ក្នុងចំនួនរាប់ពាន់រួចមកហើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣)

Comments (0)
Add Comment