(បរទេស)៖ កាឡាក់ស៊ី មាលគី វ៉េយ៍ (Milky Way Galaxy) ដែលប្រព័ន្ធព្រះអាទិត្យ និងភពផែនដីរបស់យើងកំពុងជ្រកកោណ មានអង្កត់ផ្ចិតប្រមាណ ១០៥,៧០០ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដែលស្តាប់ទៅពិតជាធំធេង និងមិនគួរឲ្យជឿនោះឡើយ ប៉ុន្តែនេះជាទំហំប្រកបដោយភាពប្រាកដនិយមមួយ ដែលយើងអាចជឿជាក់បាន ដោយយោងទៅលើវិធីសាស្ត្រនៃការវាស់វែងរយៈចម្ងាយ និងទំហំនៃវត្ថុអវកាសនានាបច្ចុប្បន្ន។
ប៉ុន្តែ, តើកាឡាក់ស៊ី Milky Way យើងពិតជាធំធេងជាងគេមែនឬទេ? ចម្លើយ៖ Milky Way មិនត្រឹមតែមិនធំដាច់គេ ហើយថែមទាំងមិនស្ថិតក្នុងជំពូកកាឡាក់ខ្នាតធំថែមទៀត។ យើងអាចចាត់ទុក Milky Way បានត្រឹមខ្នាត «តូច» ជាមួយនឹងចំនួនផ្កាយសរុបប្រមាណ ១០០-៤០០ពាន់លានដួង។ ដោយឡែកកាឡាក់ស៊ី អ៊ែនដ្រូមេដា (Andromeda Galaxy) ដែលស្ថិតនៅជិត Milky Way បំផុត (គម្លាតពីគ្នា ២.៥លានឆ្នាំពន្លឺ) ត្រូវបានចាត់ទុកជាកាឡាក់ស៊ីធំបំផុតក្នុងប្លុក (Local Group) ជាមួយ Milky Way ប៉ុន្តែវាអាចត្រូវបានចាត់ទុកចូលក្នុងកម្រិត «បង្គួរ» ប៉ុណ្ណោះនៅក្នុងចក្រវាល ជាមួយនឹងអង្កត់ផ្ចិត ២២០,០០០ឆ្នាំពន្លឺ (ធំធេងជាង Milky Way យើង ២ដង)។
ចុះ, តើកាឡាក់ស៊ីណាមួយនៅក្នុងចក្រវាលនេះ ដែលធំជាងគេបំផុត និងធំធេងដល់កម្រិតណា? យោងតាមក្រុមតារាវិទូអន្តរជាតិ កាឡាក់ស៊ីដែលធំជាងគេបំផុតនោះមានឈ្មោះថា IC 1101 ជាមួយនឹងអង្កត់ផ្ចិត ៤,០០០,០០០ឆ្នាំពន្លឺឯណោះ។ វាជាកាឡាក់ស៊ីទោលមួយ ដែលមានចម្ងាយខ្ទង់ ១ពាន់លានឆ្នាំពន្លឺពីផែនដី និងត្រូវបានរកឃើញដំបូងនៅឆ្នាំ ១៧៩០ ស្ថិតនៅម្តុំតារានិករ Virgo បើមើលពីលើផែនដីយើងទៅ។
បន្ថែមពីលើនេះ កាឡាក់ស៊ីយក្ស IC 1101 ស្ថិតនៅចំកណ្តាលនៃបណ្តុំកាឡាក់ស៊ី Abell 2029 និងមានពន្លឺភ្លឺជាង Milky Way រហូតដល់ទៅ ២,០០០ដងឯណោះ ដែលស្មើនឹងផ្កាយសរុប ១០០ទ្រីលានដួង ហេតុដូច្នេះទើបតារាវិទូពីបុរាណអាចប្រទះឃើញវាបាន ទោះស្ថិតនៅពីឆ្ងាយមហាសែនឆ្ងាយក៏ដោយ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍មួយទៀត នោះគឺចំណុចកណ្តាលរបស់ កាឡាក់ស៊ី IC 1101 អាចជាប្រហោងខ្មៅកំពូលមហាយក្ស (Ultramassive Black Hole) ដែលមានម៉ាសលើសព្រះអាទិត្យចាប់ពី ៥០-៦០ពាន់លានដងឯណោះ ប៉ុន្តែវាមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ គិតចាប់តាំងពីឆ្នាំ ២០២១ មក។
ដោយឡែក កាឡាក់ស៊ីយក្សលំដាប់លេខ ២ មានឈ្មោះ៖ 3C 348 (Hercules A) ជាមួយនឹងមុខកាត់ ១,៥០០,០០០ឆ្នាំពន្លឺ ស្ថិតនៅចម្ងាយ ២.១ពាន់លានឆ្នាំពន្លឺពីផែនដី, កាឡាក់ស៊ីយក្សលេខ ៣ មានឈ្មោះ៖ A2261-BCG ជាមួយនឹងមុខកាត់ ១,០០០,០០០ឆ្នាំពន្លឺ ស្ថិតនៅចម្ងាយ ៣ពាន់លានឆ្នាំពន្លឺពីផែនដី, កាឡាក់ស៊ីយក្សលេខ ៤ មានឈ្មោះ៖ ESO 306-17 ជាមួយនឹងមុខកាត់ ១,០០០,០០០ឆ្នាំពន្លឺ ស្ថិតនៅចម្ងាយ ៥០០លានឆ្នាំពន្លឺពីផែនដី និងលេខ ៥ មានឈ្មោះ UGC 2885 មានមុខកាត់ ៨៣២,០០០ឆ្នាំពន្លឺ ស្ថិតនៅចម្ងាយ ៣១៣ លានឆ្នាំពន្លឺពីផែនដី។ ជារឿងគួរឲ្យភ្ញាក់ផ្អើលដែល Andromeda ស្ថិតនៅលេខរៀងទី ១០ នៃជំពូកកាឡាក់ស៊ីធំបំផុតរបស់ចក្រវាលនេះ។
ទោះជាយ៉ាងណាក៏ដោយ ចូរបងប្អូនចងចាំថា ទិន្នន័យគ្រប់យ៉ាងដូចបានជម្រាបជូនខាងលើនេះ គឺត្រូវបានគិតតែនៅក្នុងបរិវេណនៃចក្រវាលដែលមនុស្សលោកយើង មានសមត្ថភាពអាចអង្កេតទៅដល់ (Observable Universe) តែប៉ុណ្ណោះ ដែលស្មើនឹងកាំប្រវែងជាង ៤៦.៥ពាន់លានឆ្នាំពន្លឺ (យកផែនដៅជាចំណុចកណ្តាល) ឬស្មើនឹងអង្កត់ផ្ចិតជាង ៩៣ពាន់លានឆ្នាំពន្លឺ។ មួយវិញទៀត កម្រិតនៃទំហំកាឡាក់ស៊ីខាងលើនេះ មិនមែនរាប់ទៅលើចំនួនតែម្តងឡើយ តែទៅលើជំពូក និងកម្រិតទំហំជាចង្កោមប៉ុណ្ណោះ ព្រោះចំនួនកាឡាក់ស៊ីក្នុងចក្រវាលនេះមានច្រើនអនេកពេកក្រៃ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Cosmos Magazine, Largest.org (ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣)