(អាមេរិក)៖ នៅថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣ នេះ ទីភ្នាក់ងារអវកាសអាមេរិក NASA និងទីភ្នាក់់ងារអវកាសកាណាដា CSA បានប្រកាសឈ្មោះអវកាសយានិកចំនួន ៤រូប ដែលនឹងត្រូវសហការគ្នាជិះយានអវកាស Orion ទៅបំពេញបេសកកម្ម Artemis II នៅជុំវិញឋានព្រះចន្ទ (មិនចុះចតឡើយ) រួចត្រលប់មកផែនដីវិញនោះហើយ។ សមាជិកទាំង ៤ រូបមានដូចជា៖
១៖ លោក Reid Wiseman អាយុ ៤៧ឆ្នាំ ជាមេបញ្ជាការនៃបេសកកម្ម (NASA/អាមេរិក) និងធ្លាប់មានបទពិសោធន៍ ស្ថិតក្នុងគន្លងគោចរផែនដី ជាមួយស្ថានីយអវកាសអន្តរជាតិ (ISS) រយៈពេល ១៦៥ថ្ងៃ កាលពីឆ្នាំ២០១៤។ លោកក៏ជាអតីតអាកាសយានិកយន្តហោះចម្បាំង នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកផងដែរ។
២៖ លោក Victor Glover អាយុ ៤៦ឆ្នាំ ជាអ្នកបញ្ជាការហោះហើរនៃបេសកកម្ម (NASA/អាមេរិក) និងធ្លាប់មានបទពិសោធន៍ស្ថិតនៅជាមួយបេសកកម្ម NASA-SpaceX Crew-1 នៅលើ ISS រយៈពេល ១៦៧ថ្ងៃកាលពីឆ្នាំ២០២១។ លោកក៏ជាវិស្វករ និងកាពីតែននៃកងទ័ពជើងទឹក សហរដ្ឋអាមេរិកផងដែរ។
៣៖ អ្នកនាង Christina Koch អាយុ ៤៤ឆ្នាំ ជាអ្នកជំនាញនៃបេសកកម្ម (NASA/អាមេរិក)។ នាងធ្លាប់ស្ថិតនៅទីអវកាសយូរបំផុតដល់ទៅ ៣២៨ថ្ងៃ កាលពីឆ្នាំ២០១៩ និងជាវិស្វករ ព្រមទាំងជាអតីតមន្ត្រីនៃរដ្ឋបាលបរិយាកាស និងមហាសមុទ្រជាតិ (NOAA) នៃសហរដ្ឋអាមេរិកផងដែរ។
៤៖ លោក Jeremy Hansen អាយុ ៤៧ ជាអ្នកជំនាញនៃបេសកកម្ម (CSA/កាណាដា)។ អវកាសយានិកជនជាតិកាណាដារូបនេះ ធ្លាប់បំពេញកិច្ចការងារជាច្រើន ជាពិសេសគឺនៅមន្ទីរពិសោធន៍ក្រោមទឹក «Aquarius» របស់អង្គការអវកាស ESA (អឺរ៉ុប) កាលពីឆ្នាំ២០១៤ ខណៈបេសកកម្ម Artemis 2 នឹងក្លាយជាលើកដំបូងសម្រាប់លោក ទៅកាន់ទីអវកាស។
គួរបញ្ជាក់ថា អវកាសយានិកចំនួន ៤រូប ខាងលើនេះនឹងត្រូវសហការគ្នាជិះយានអវកាស Orion ទៅបំពេញបេសកកម្ម Artemis II នៅជុំវិញឋានព្រះចន្ទ (មិនចុះចតឡើយ) រួចត្រលប់មកផែនដីវិញ (ក្នុងប្រវែងផ្លូវហោះហើរសរុប ២.៣លានkm) ដែលអាចនឹងចាប់ផ្តើមនៅអំលុងខែវិច្ឆិកា ឆ្នាំ២០២៤។
ខាងលើនេះជាបេសកកម្មត្រួសត្រាយផ្លូវសម្រាប់ការចុះចត និងបោះមូលដ្ឋានស្រាវជ្រាវរបស់មនុស្ស លើផ្ទៃព្រះចន្ទតែម្តងនៅឆ្នាំ២០២៥ ប្រសិនបើដំណើរការនានា ប្រព្រឹត្តទៅតាមការគ្រោងទុក៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/SPACE (ថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣)