ជាលើកដំបូងបំផុត ដែលតារាវិទូថតបានទិដ្ឋភាព Black Hole (M87*) ២ក្នុងពេលតែ១ (មានវីដេអូ)

(បរទេស)៖ លោកអ្នកប្រាកដជាស្គាល់ Black Hole មហាយក្ស M87* ដែលជាបេះដូងរបស់កាឡាក់ស៊ី Messier 87 (M87) នោះហើយ ព្រោះវាជាប្រហោងខ្មៅដំបូងបំផុត ដែលត្រូវបានក្រុមតារាវិទូថតបានរូបភាពពិតៗ និងបញ្ចេញជាសាធារណៈកាលពីឆ្នាំ២០១៩។ ប៉ុន្តែឥលូវនេះទិដ្ឋភាពដ៏ពិសេសបំផុតមួយ ត្រូវបានក្រុមតារាវិទូផ្តិតរូបភាពដោយផ្ទាល់ជាលើកដំបូង។

គ្រាន់តែឃើញរូបភាពមួយសន្លឹកនេះ លោកអ្នកអាចស្មានដឹងខ្លះៗហើយ អំពីព្រឹត្តិការណ៍ដែលបានកើតមានឡើង។ ជាការពិតណាស់ វាជាកំសួលថាមពល (jet) ដែលត្រូវបានប្រហោងខ្មៅ M87* ជះចេញ ហើយក៏ត្រូវបានក្រុមតារាវិទូផ្តិតរូបភាពបានដោយផ្ទាល់ និងជាលើកដំបូងបំផុតផងដែរ សម្រាប់ពួកគេ ក្នុងការធ្វើបែបនេះ។ ទោះបីនេះជាបាតុភូតដែលគេដឹងថា តែងកើតមានចំពោះប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) តែការផ្តិតរូបភាពដោយផ្ទាល់ និងពិសេសបែបនេះ គឺមិនដែលមានឡើយ។

ការថតបានតំបន់រូបធាតុជុំវិញប្រហោងខ្មៅ M87* និង Jet ដែលវាជះចេញក្នុងពេលតែមួយជាលើកដំបូង (Image credit: R.-S. Lu (SHAO), E. Ros (MPIfR), S. Dagnello (NRAO/AUI/NSF))

រូបភាពថ្មីនេះបង្ហាញយ៉ាងច្បាស់ ជាលើកដំបូងនូវកំសួលថាមពល (jet) ចល័តក្នុងល្បឿនជិតស្មើនឹងល្បឿនពន្លឺ (ល្បឿនពន្លឺស្មើនឹងជិត ៣សែនគីឡូម៉ែត្រក្នុង១វិនាទី) ជះចេញទៅកាន់តំបន់រូបធាតុ (ធូលី និងឧស្ម័ន) ដែលកំពុងព័ទ្ធជុំវិញ Black Hole មុននឹង Jet នោះត្រូវរំសាយចូលមកកាន់តំបន់រូបធាតុ ដែលកំពុងវិលវល់ជុំវិញ Black Hole នោះវិញ។ ដំណើរបែបនេះត្រូវបានក្រុមតារាវិទូហៅថា accretionការស្រូបប្រមូលផ្តុំរូបធាតុ។ ពីដំបូងឡើយ ក្រុមតារាវិទូគ្រោងថត Black Hole នៅកណ្តាលកាឡាក់ស៊ី Messier 87 នោះ រួចហើយទើបថត Jet ដែលវាបញ្ចេញដាច់់ដោយឡែកពីគ្នា ប៉ុន្តែលទ្ធផលគឺបានលើសពីការស្មាន ដោយពួកគេថតជាប់ទាំង ២ ព្រមគ្នាក្នុងរូបភាពតែមួយ។

ជុំវិញលទ្ធផលដ៏អស្ចារ្យខាងលើនេះ លោក ចេ យុំាងគីម (Jae-Young Kim) សមាជិកនៃក្រុមតារាវិទូមកពីសាកលវិទ្យាល័យជាតិ Kyungpook របស់កូរ៉េខាងត្បូង និងវិទ្យាស្ថាន Max Planck របស់អាល្លឺម៉ង់បានលើកឡើងថា «រូបភាពថ្មីមួយនេះ គឺជាទិដ្ឋភាពពិសេសបំផុតដែលបង្ហាញឲ្យយើងឃើញនូវតំបន់ជុំវិញ Black Hole និងកំសួលថាមពល (jet) នៅក្នុងពេលជាមួយគ្នាតែម្តង»។

រូបភាពច្នៃតាមកុំព្យូទ័រអំពីព្រឹត្តិការណ៍ខាងលើនេះ (Image credit: S. Dagnello (NRAO/AUI/NSF))

គួរបញ្ជាក់ថា កាឡាក់ស៊ី Messier 87 ស្ថិតនៅចម្ងាយខ្ទង់ ៥៥លានឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) និងមានម៉ាស់ស្មើនឹងម៉ាស់ព្រះអាទិត្យយើង ៦.៥ពាន់លានដងឯណោះ។ បណ្តាញតេឡេស្កូប EHT (Event Horizon Telescope) បានចាប់ផ្តើមប្រមូលផ្តុំទិន្នន័យ នៃការផ្តិតរូបភាពរបស់ប្រហោងខ្មៅមហាយក្ស ដែលស្ថិតនៅជាបេះដូងកាឡាក់ស៊ីនោះកាលពីឆ្នាំ ២០១៧ ហើយលទ្ធផលបានចេញជាផ្លូវការនៅឆ្នាំ២០១៩

រូបភាពដំបូងនៃប្រហោងខ្មៅពិតៗ ដែលមនុស្សលោកថតបាន និងបញ្ចេញនៅឆ្នាំ ២០១៩ (រូបភាពពី EHT)

ដោយឡែកសម្រាប់ ការថតបានទាំងតំបន់ជុំវិញ Black Hole និង Jet ដែលត្រូវបានជះចេញនៅក្នុងឆ្នាំ ២០២៣ នេះវិញ គឺត្រូវបានធ្វើឡើងដោយបណ្តាញតេឡេស្កូប GMVA (Global Millimetre VLBI Array), តេឡេស្កូបនៅកោះ Greenland និងតេឡេស្កូប ALMA (Atacama Large Millimeter/submillimeter Array) នៅប្រទេសឈីលី ដែលផ្តុំគ្នាជាសម្ព័ន្ធ មានវិសាលភាពធំប៉ុនភពផែនដី ឬធំធេងជាងបណ្តាញតេឡេស្កូប EHT ទៅទៀត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣)

Comments (0)
Add Comment