តើបន្ទុះស៊ូពើណូវ៉ា (Supernova) អាចបង្កគ្រោះដល់ផែនដីឬទេ? (យល់ដឹង) (មានវីដេអូ)

(បរទេស)៖ ការផ្ទុះនៃផ្កាយ ឬយើងហៅថា ស៊ូពើណូវ៉ា (Supernova) គឺជាព្រឹត្តិការណ៍មិនធម្មតាមួយសម្រាប់ចក្រវាល តែក៏មិនមែនជារឿងអ្វីចម្លែកនោះដែរ។ ដោយផ្អែកលើការសង្កេតអ៊ីសូតូប (isotopes) នានាដូចជា អាលុយមីញ៉ូម-២៦ (aluminum-26) យើងអាចព្យាករដឹងថា បាតុភូត supernova តែងតែកើតឡើងជាមធ្យមរៀងរាល់ ៥០ឆ្នាំម្តងនៅក្នុងកាឡាក់ស៊ី Milky Way នេះ។ បន្ទុះស៊ូពើណូវ៉ា (Supernova) មួយក៏អាចបញ្ចេញពន្លឺ លើសពន្លឺកាឡាក់ស៊ីរបស់វាបាន។

ជាសំណាងល្អ Supernova ភាគច្រើនបានកើតឡើងនៅឆ្ងាយៗពីផែនដី ដូច្នេះហើយយើងក៏មិនចាំបាច់ត្រូវខ្វល់ខ្វាយ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួននោះដែរ…។ ប៉ុន្តែប្រការនេះ ក៏ក្លាយជារឿងគួរឲ្យចាប់អារម្មណ៍ និងយល់ដឹងផងដែរអំពីថា តើចម្ងាយកម្រិតណានៃបន្ទុះ supernova ដែលអាចបង្កគ្រោះថ្នាក់ដល់ផែនដី? លទ្ធផលសិក្សាថ្មីៗក្នុងឆ្នាំ ២០២៣ នេះ នឹងពន្យល់លោកអ្នកជាបន្តបន្ទាប់ ដូចខាងក្រោម។

(រូបភាពពី NASA)

យោងតាមការសិក្សាស្រាវជ្រាវកន្លងមក ក្រុមតារាវិទូបានរកឃើញ «ភ័ស្តុតាងផ្នែកភូគព្ភសាស្ត្រ» ដែលបញ្ជាក់អំពីព្រឹត្តិការណ៍ supernova ធ្លាប់បានកើតឡើងនៅជិតផែនដីកាលពីអតីតកាល។ អ៊ីសូតូបដែក-៦០ (isotope iron-60) ត្រូវបានគេរកឃើញនៅក្នុង «ដីល្បាប់បាតសមុទ្រ» ដោយវាបានធ្លាក់ទៅដល់ទីនោះប្រហែលជា ២លានឆ្នាំមុន។ វាក៏ត្រូវបានគេរកឃើញផងដែរ នៅក្នុងស្នូលនៃទឹកកកទ្វីបអង់តាកទិក និងដុំថ្ម (regolith) របស់ព្រះចន្ទ ដែលបង្ហាញពីឥទ្ធិពលនៃព្រឹត្តិការណ៍ supernova បានជះមកដល់ផែនដីយើង នៅអំលុងពេលនោះ។

(រូបភាពពី NASA)

គំរូតាង (sample) នៅក្នុងសំបកផែនដី (crust) បានចង្អុលបង្ហាញភស្តុតាងនៃព្រឹត្តិការណ៍ supernova មួយផ្សេងទៀត ដែលបានកើតមានឡើងប្រហែល ៨លានឆ្នាំមុន។ ទាំងពីរករណីនេះអាចកើតឡើង នៅក្នុងរយៈចម្ងាយឆ្ងាយបំផុត ២០០-៣០០ឆ្នាំពន្លឺពីផែនដី ឬក៏អាចជិតបំផុតត្រឹម ៦៥ឆ្នាំពន្លឺប៉ុណ្ណោះ។ ព្រឹត្តិការណ៍ supernova ទាំងពីរលើកនេះ (កាលពី ២លានឆ្នាំមុន និង ៨លានឆ្នាំមុន) ហាក់ដូចជាមិនបានបង្កឱ្យមានការផុតពូជទ្រង់ទ្រាយធំ នៃជីវិតនានាលើភពផែនដីឡើយ ដូច្នេះយើងអាចយល់បានថា ព្រឹត្តិការណ៍ supernova ណាមួយដែលកើតឡើងនៅរយៈចម្ងាយជាង ១០០ឆ្នាំពន្លឺពីផែនដី នោះគឺមិនបង្កគ្រោះថ្នាក់ឡើយ។

(រូបភាពពី NASA)

ការសិក្សាថ្មីៗនេះ ក៏បានផ្ដល់គំនិតផ្សេងទៀតដែរ។ ការសិក្សាពីមុនៗបានផ្តោតលើរយៈពេលដ៏គ្រោះថ្នាក់ ដំណាក់កាលក្រោយកើតមានព្រឹត្តិការណ៍ supernova នោះគឺទី១៖ បណ្តុំពន្លឺដ៏មហិមានៃការផ្ទុះដំបូង ដែលនឹងចល័តមកដល់ភពយើងនៅក្នុងល្បឿនពន្លឺ និង ទី២៖ លំហូរនៃភាគល្អិតប្រកបដោយថាមពល ដែលអាចវាយប្រហារភពផែនដី នៅរយៈរាប់រយ ឬរាប់ពាន់ឆ្នាំក្រោយមកទៀត។ ឥទ្ធិពលអាក្រក់ទាំង នេះត្រូវបានក្រុមតារាវិទូគណនាថា នឹងមានទំនោរចុះខ្សោយ នៅពេលឆ្លងកាត់រយៈចម្ងាយរាប់រយឆ្នាំពន្លឺឡើងទៅ។

(រូបភាពពី NASA)

ប្រសិនបើមាន បន្ទុះ Supernova នៅក្បែរផែនដី នោះវានឹងអាចនឹងជះពន្លឺភ្លឺជាងព្រះចន្ទមួយរយៈ ដែលនឹងប៉ះពាល់ដល់របៀបរបបនៃការរស់នៅពេលយប់ របស់សត្វមួយចំនួន ប៉ុន្តែវានឹងមិនបង្កឱ្យមានការផុតពូជដ៏ធំធេងអ្វីនោះទេ។ យើងក៏មិនត្រូវភ្លេចនោះដែរថា បរិយាកាសរបស់ផែនដី គឺជារបាំងដ៏ល្អចំពោះកាំរស្មីជះពីបន្ទុះ Supernova នោះ ហេតុដូច្នេះការផ្ទុះមួយរយៈពេល គឺមិនអាចបង្កគ្រោះថ្នាក់អ្វីឡើយ។ ប៉ុន្តែការសិក្សានេះបានពិនិត្យជាពិសេស ទៅលើពន្លឺនៃកាំរស្មីអ៊ិច (X-ray) ដែលបញ្ចេញដោយ ព្រឹត្តិការណ៍ Supernova ប្រភេទខ្លះ ហើយនេះគឺជាចំណុចដែលអាចបង្កបញ្ហាឲ្យកាន់តែអាក្រក់ទៅៗ

(រូបភាពពី NASA)

កាំរស្មី X មានឥទ្ធិពលអាក្រក់ ដែលរំខានដល់ស្រទាប់អូហ្សូន (Ozone Layer) របស់ផែនដី។ ប្រសិនបើមានកាំរស្មី X ដ៏ខ្លាំងក្លា ជះចេញពីបន្ទុះ supernova ពួកវាអាចធ្វើឲ្យធ្លុះធ្លាយស្រទាប់អូហ្សូនរបស់ភពផែនដី ដែលនឹងធ្វើឲ្យស្រទាប់បរិយាកាសផែនដីបើកចំហ និងទទួលយកពន្លឺស្វាយអ៊ុលត្រា (Ultraviolet) ដ៏គ្រោះថ្នាក់ពីព្រះអាទិត្យ។ ពន្លឺ Ultraviolet អាចបង្កើតទៅជាស្រទាប់ផ្សែងអ័ព្ទនៃ អាសូត (នីដ្រូហ្សែន) ឌីអុកស៊ីត (nitrogen dioxide) ដែលនឹងនាំឱ្យមានភ្លៀងអាស៊ីត និងការធ្វើឱ្យភពផែនដីបាត់បង់ភាពបៃតងរបស់ខ្លួនបន្តិចម្តងៗ។

រយៈចម្ងាយដែលបន្ទុះ supernova មួយអាចបញ្ចេញឥទ្ធិពលដ៏សាហាវនោះ មិនត្រឹមតែអាស្រ័យទៅលើភាពជិតរបស់វា ទៅនឹងភពដូចជាផែនដីបានប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើកម្រិតនៃកាំរស្មី X ដែលវាអាចបង្កើតផងដែរ។ ក្រុមការងារបានពិនិត្យមើលកាំរស្មី X នៃព្រឹត្តិការណ៍ supernova ចំនួនជាង ៣០ករណី នៅក្នុងរយៈពេល ៤៥ឆ្នាំចុងក្រោយនេះ ហើយបានគណនារយៈចម្ងាយដែលអាចបញ្ចេញឥទ្ធិពលដ៏សាហាវ ពីសំណាក់ពួកវានីមួយៗ។

ព្រឹត្តិការណ៍ supernova មួយដែលមិនបង្កគ្រោះថ្នាក់សោះនោះ គឺមានឈ្មោះថា 1987a ដែលតំបន់ចាប់ពី ១ឆ្នាំពន្លឺពីវាឡើងទៅ គឺមានសុវត្ថិភាព។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍ supernova ដ៏សាហាវបំផុត ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបាននោះគឺ supernova ឈ្មោះ 2006jd ដែលអាចបំផ្លាញភពទ្រទ្រង់ជីវិតមួយបាន ទោះបីជាភពនោះស្ថិតនៅចម្ងាយរហូតដល់ ១៦០ឆ្នាំពន្លឺពីព្រឹត្តិការណ៍នោះក៏ដោយ។

(រូបភាពពី NASA)

សរុបសេចក្តីមក ដើម្បីឱ្យគ្រប់គ្នាយល់កាន់តែច្បាស់ ក្រុមតារាអាចប្រាប់បានថា «មិនមានផ្កាយនៅក្បែរៗយើងណាមួយ អាចបង្កការគំរាមកំហែងដល់ផែនដីឡើយ សូម្បីតែផ្កាយ ប៊ីធែលជឹស (Betelgeuse) ដែលស្ថិតនៅរហូតដល់ទៅជាង ៦៤០ឆ្នាំពន្លឺពីផែនដី និងត្រូវបានក្រុមតារាវិទូសង្ស័យថា អាចផ្ទុះនៅរយៈពេលរាប់សែនឆ្នាំទៀតនោះក៏ដោយ»។ ទោះជាបែបនេះក្តី លទ្ធផលសិក្សាថ្មីនេះកំពុងជួយយើងឲ្យកំណត់បានកាន់តែច្បាស់ថា តើភព exoplanet មួយចំនួន ដែលយើងគិតថាអាចរស់នៅបាននោះ អាចបន្តមានជីវិតរស់រាននៅក្នុងកាឡាក់ស៊ីរបស់យើងដែរឬទេ។ ប្រការនេះនាំឲ្យយើងយល់ដឹងលើរឿងមួយផ្សេងទៀតថា «ភពមួយអាចមានលទ្ធភាពទ្រទ្រង់ជីវិត ឬអាចការពារជីវិតបានយូរអង្វែងដែរឬមួយក៏អត់នោះ មិនមែនអាស្រ័យលើផ្កាយមេរបស់វាទាំងស្រុងនោះឡើយ តែក៏អាស្រ័យលើផ្កាយនានាដែលនៅក្បែរខាងពួកវាផងដែរ»

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/Universe Today (ថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣)

Comments (0)
Add Comment