(បរទេស)៖ អស់រយៈកាលជាង ៥០ឆ្នាំមកនេះ នៅទីបំផុតក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ «រចនាសម្ព័ន្ធខាងក្នុងរបស់ព្រះចន្ទ» ហើយ ដោយទីឋានរណបរបស់ផែនដីយើងមួយនេះមាន ស្រទាប់ស្នូលក្រៅ (Outer Core) ជាធាតុរាវ និងស្នូលក្នុង (Inner Core) ជាធាតុរឹងស្រដៀងនឹងបុគ្គលិកលក្ខណៈរបស់ភពផែនដីដែរ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Côte d’Azur និងវិទ្យាស្ថាន Celestial Mechanics and Ephemeris Calculations (IMCCE) នៃប្រទេសបារាំង បានរៀបរាប់លម្អិតពីការរកឃើញទាំងនេះ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងលទ្ធផលសិក្សាដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងកាសែត Nature។
ជាច្រើនទសវត្សរ៍កន្លងមកហើយ ក្រុមតារាវិទូអន្តរជាតិបានងឿងឆ្ងល់ និងចង់ស្វែងយល់អំពី «រចនាសម្ព័ន្ធផ្ទៃក្នុងរបស់ព្រះចន្ទ» មុនពេលដែលមានគ្រឿងយន្តពីផែនដី បញ្ជូនទៅចុះចតនៅទីឋាននោះ។ ការជជែកវែកញែកគ្នាយ៉ាងក្តៅគគុក បានកើតឡើងនៅអំលុងជិតពាក់កណ្តាលសតវត្សរ៍ ២០ ដោយកាលណោះអ្នកវិទ្យាសាស្ត្រខ្លះបានចោទជាសំនួរថា តើព្រះចន្ទរបស់ផែនយើងនេះ ត្រឹមជាដុំថ្មស្លាប់ដូចជា ហ្វូបូស (Phobos) និង ដីម៉ូស (Deimos) របស់ភពព្រះអង្គារ ឬក៏ជាទីឋានមានរចនាសម្ព័ន្ធផ្ទៃក្នុងដ៏សំបូរបែប?
ជុំវិញការលើកឡើងដំបូងដែលថា ព្រះចន្ទមានផ្ទៃខាងក្នុងដូចផែនដីនោះ គឺបានមកពីបេសកកម្ម អាប៉ូឡូ (Apollo) របស់អង្គការ NASA។ ទិន្នន័យដែលប្រមូលបានដោយឧបករណ៍វិទ្យាសាស្ត្រ របស់យានដែលធ្លាប់បានចុះចតលើព្រះចន្ទបង្ហាញថា សណ្ឋានផ្ទៃក្នុងរបស់់ព្រះចន្ទមានភាពខុសប្លែកគ្នា ដោយមានស្រទាប់ជាវត្ថុធាតុក្រាស់ និងហាប់ណែននៅចំកណ្តាល (ស្នូល) និងវត្ថុធាតុស្រាល ឬមិនសូវហាប់នៅជិតសំបក (Crust)។ អវកាសយានិកនៃបេសកកម្ម Apollo ថែមទាំងបានទុកឧបករណ៍វាស់ស្ទង់រញ្ជួយនៅលើព្រះចន្ទ ដែលក្រោយមកបានបង្ហាញថា ព្រះចន្ទក៏មាននូវបាតុភូតរញ្ជួយដីដែរ, នេះបើតាមការបញ្ជាក់ពីអង្គការ NASA។
ទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រទើបតែមានឱកាសរៀបចំ ទៅតាមលំដាប់ថ្នាក់ទិន្នន័យសំខាន់ៗ អំពីបេសកកម្ម Apollo និងការទិន្នន័យពីការស្រាវជ្រាវផ្សេងៗទៀតចំពោះព្រះចន្ទ ដើម្បីយល់ដឹងឲ្យកាន់តែច្បាស់ នូវការពិតនៃផ្នែកខាងក្នុង (ស្នូល) របស់ព្រះចន្ទ។ នៅក្នុងឆ្នាំ ២០១១ ការស្រាវជ្រាវពីអង្គការ NASA បានអះអាងថា ស្នូលខាងក្រៅ (outer core) របស់ព្រះចន្ទគឺជាធាតុដែករាវ (fluid iron) ហើយបានបង្កើត ស្រទាប់រាវ (រលាយ) ដោយផ្នែក នៅត្រង់តំបន់ដែលផ្សាភ្ជាប់ជាមួយស្រទាប់រឹង (mantle)។ លទ្ធផលនៃការសិក្សាកាលណោះក៏បានអះអាងផងដែរថា ព្រះចន្ទអាចមានស្នូលក្នុងដែលជាធាតុដែក។
ឈានចូលមកដល់ឆ្នាំ ២០២៣ នេះ ការសិក្សាថ្មីបានគូសបញ្ជាក់ថា «ស្នូលខាងក្នុងដ៏ហាប់ណែនរបស់ព្រះចន្ទនេះពិតជាមានមែន» ដែលជាដែករឹងមានកម្តៅចាប់ពីជាង ១,៣០០ – ១,៤០០អង្សាសេ។ ដោយប្រើគំរូប្រកបដោយភាពលម្អិតតាមកម្មវិធីកុំព្យូទ័រ ដែលបង្កើតឡើងយោងលើទិន្នន័យភូមិសាស្ត្រពិតៗពីបេសកកម្ម Apollo និង GRAIL របស់ NASA ដែលបានប្រើប្រាស់គ្រឿងយន្ត ២គ្រឿង ដើម្បីតាមដានដែនទំនាញ (gravitational field) របស់ព្រះចន្ទ អស់រយៈពេលជាងមួយឆ្នាំនោះ ក្រុមអ្នកស្រាវជ្រាវបានកំណត់ថា «ស្នូលខាងក្នុង (inner core) របស់ព្រះចន្ទមានអង្កត់ផ្ចិតប្រមាណ ៥០០គីឡូម៉ែត្រ» ឬត្រឹមតែ ១៥% នៃមុខកាត់របស់ព្រះចន្ទប៉ុណ្ណោះ។ ទំហំដ៏តូចនេះក៏ទំនងជាបានពន្យល់យើង អំពីមូលហេតុដែលក្រុមអ្នកវិទ្យាសាស្ត្រកន្លងមក ពិបាកក្នុងការស្រាវជ្រាវស្នូលក្នុងនេះផងដែរ។
គួរបញ្ជាក់ថា ការយល់ដឹងកាន់តែស៊ីជម្រៅ អំពីសណ្ឋានផ្ទៃក្នុងរបស់ព្រះចន្ទ អាចជួយឲ្យក្រុមអ្នកវិទ្យាសាស្ត្រ បកស្រាយភាពអាថ៌កំបាំងនៃភូមិសាស្ត្ររបស់វា ដូចជាអ្វីដែលបានកើតឡើង ចំពោះដែនម៉ាញេទិច (magnetic field) របស់ព្រះចន្ទ ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា ធ្លាប់មានថាមពលខ្លាំងពីមុន។ (ខណៈដែលព្រះចន្ទបច្ចុប្បន្ននេះមិនមានដែនម៉ាញេទិចទៀតនោះ សំណាកលើថ្មមួយចំនួនបានបង្ហាញថា ទីឋានរណបផែនដីមួយនេះ ធ្លាប់មានដែនម៉ាញេទិច ដែលអាចតតាំងនឹងផែនដីបានកាលពីអតីតកាល)៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Live Science/Nature (ថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៣)