«ស្ថានីយលំហក្រោមសមុទ្រដំបូង» អាចនឹងរួចរាល់នៅឆ្នាំ២០២៥! (មានវីដេអូ)

(អាមេរិក)៖ កិច្ចសហប្រតិបត្តិការរួមគ្នាមួយកំពុងដំណើរការទៅមុខ រវាងរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិសហរដ្ឋអាមេរិក (NOAA) និងក្រុមហ៊ុន Proteus Ocean Group ដើម្បីសាងសង់ «ស្ថានីយ៍លំហក្រោមទឹកនៃមហាសមុទ្រ» (Underwater Space Station of the Ocean) ដំបូងបំផុតលើពិភពលោក ដោយស្ថិតក្នុងគោលដៅសិក្សាស្រាវជ្រាវជីវៈចំរុះនៅក្នុងសមុទ្រ និងការប្រែប្រួលអាកាសធាតុភពផែនដី។

ដែនកោះ Curacao (រូបភាពពី Google Earth)

ជាមួយនឹងគម្រោងសាងសង់ ដែលមានទីតាំងនៅក្បែរកោះ ឃ្យួរ៉ាខាវ (Curacao) នៃដែនសមុទ្រការីបៀន (Caribbean) មួយនេះ រដ្ឋបាល NOAA បានគូសបញ្ជាក់ថា ស្ថានីយក្រោមទឹកឈ្មោះ «PROTEUS» នឹងក្លាយជាលើកដំបូងបង្អស់ សម្រាប់សំណង់ប្រភេទនេះ។ ស្ថានីយនេះ នឹងដើរតួនាទីជា «ជម្រកក្រោមទឹក» ដែលក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវទាំងឡាយអាចរស់នៅ និងបំពេញកិច្ចការងារក្រោមទឹកសមុទ្រ ដើម្បីសិក្សាអំពីបរិស្ថានមហាសមុទ្រសម្រាប់ថ្ងៃអនាគត។

គំរូស្ថានីយក្រោយសមុទ្រ PROTEUS (រូបភាពពី NOAA)

PROTEUS នឹងមាននូវមន្ទីរពិសោធន៍វិទ្យាសាស្ត្រទំនើប, កន្លែងស្នាក់នៅ, មូលដ្ឋានក្រោមទឹកសម្រាប់ផលិតអាហារ និងស្ទូឌីយ៉ូសម្រាប់ផលិតវីដេអូដោយពេញលក្ខណៈ ដើម្បីអនុញ្ញាតឲ្យមានការផ្សាយបន្តផ្ទាល់ សម្រាប់កម្មវិធីស្រាវជ្រាវ និងអប់រំនានា។

លោក Jeremy Weirich នាយកផ្នែកស្រាវជ្រាវមហាសមុទ្ររបស់ NOAA បានថ្លែងថា «ភាពជាដៃគូនេះមានសក្តានុពល ក្នុងការពង្រីកសមត្ថភាពរបស់យើងយ៉ាងខ្លាំង ដើម្បីសិក្សាអំពីមហាសមុទ្រ។ តាមរយៈការរស់នៅក្រោមទឹកសម្រាប់រយៈពេលយូរ នៅក្នុងមន្ទីរពិសោធន៍មហាសមុទ្រថ្មីនេះ យើងនឹងអាចបកស្រាយ អាថ៌កំបាំងនៃមហាសមុទ្របាន ដូច្នេះយើងអាចអាស្រ័យផលប្រកបដោយនិរន្តរភាពផង និងការពារផង ចំពោះធនធានមហាសមុទ្រ»។

គំរូស្ថានីយក្រោយសមុទ្រ PROTEUS (រូបភាពពី NOAA)

គួរបញ្ជាក់ថា ស្ថានីយលំហក្រោមសមុទ្រដំបូងខាងលើនេះ អាចនឹងចាប់ផ្តើមសាងសង់នៅអំលុងឆ្នាំ ២០២៣ នេះ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥។ តាមរយៈភាពជាដៃគូរបស់ស្ថាប័នទាំង រដ្ឋបាល NOAA នឹងមានក្រុមអ្នកវិទ្យាសាស្ត្រដើម្បីចូលរួមកិច្ចការងារនេះ បូករួមទាំងការផ្តល់នាវា និងបច្ចេកវិទ្យាពាក់ព័ន្ធ ខណៈដែលក្រុមហ៊ុន Proteus Ocean Group នឹងចែករំលែកទិន្នន័យ និងការយល់ដឹងទាំងឡាយ ដែលទាក់ទងនឹងការអភិវឌ្ឍន៍ជម្រកក្រោមទឹក៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ FOX (ថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣

Comments (0)
Add Comment