James Webb សម្រេចស្នាដៃ២ទៀតគឺ៖ ការឆ្លុះមើល «ភពអាថ៌កំបាំង» និង «ផ្កាយដ៏ភ្លឺ១ដួងលើមេឃផែនដី»

(បរទេស)៖ តេឡេស្កូបអវកាស James Webb នៅតែបន្តបំពេញប្រតិបត្តិការទៅមុខ ដោយមិនមានឧបសគ្គនោះឡើយ ហើយនៅដើមខែឧសភា ឆ្នាំ២០២៣នេះ ស្នាដៃពិសេសៗ ២ ទៀតត្រូវបានបង្ហាញចេញនោះគឺទី១៖ ភពអាថ៌កំបាំងមួយ ត្រូវបានអង្កេតជាលើកដំបូង និងទី២៖ ការឆ្លុះឃើញខ្សែក្រវាត់អាចម៍ផ្កាយ (Asteroid Belt) បន្ថែមទៀតនៅជុំវិញផ្កាយមួយដួង ដែលស្ថិតនៅកៀកប្រព័ន្ធព្រះអាទិត្យយើង។

តេឡេស្កូបអវកាស James Webb (រូបភាពពីបរទេស)

១៖ ភពអាថ៌កំបាំង ឬ mini-Neptune ឈ្មោះ GJ 1214 b

នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ គ្មានភព mini-Neptune បែបឡើយ ហើយអាថ៌កំបាំងនៃភពដែលមានរហស្សនាមបែបនេះ ក៏ធ្លាប់ផ្តល់ជាក្តីចម្ងល់ សម្រាប់ក្រុមតារាវិទូជាយូរមកហើយដែរ បើទោះបីជាវាត្រឹមជាភពសាមញ្ញមួយក៏ដោយ។ ឥឡូវនេះក្រុមការងារ James Webb ទើបបានបញ្ចេញនូវទិន្នន័យ អំពីភពដែលមានឈ្មោះជាផ្លូវការ GJ 1214 b មួយនេះ។

ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់ឧបករណ៍អង្កេតពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម (MIRI) របស់ James Webb ដើម្បីឆ្លុះមើលបុគ្គលិកលក្ខណៈរបស់ GJ 1214 b នៅពេលគោចរជុំវិញផ្កាយ GJ 1214 របស់វាមួយជុំតែម្តង។ ពួកគេបានរកឃើញថា សីតុណ្ហភាពនៅផ្នែកពេលថ្ងៃលើភពមួយនេះគឺ «២៧៩អង្សាសេ» ឯនៅផ្នែកពេលយប់វិញគឺ «១៦៥អង្សាសេ» ដែលជាកម្រិតនៃការឡើងចុះសីតុណ្ហភាពដ៏ខ្ពស់មួយ។

រូបតំណាងភព GJ 1214 b (រូបភាពពី NASA/JPL-Caltech/R. Hurt (IPAC))

យោងតាមសន្និដ្ឋានជាបឋម ការអាចប្រែប្រួលសីតុណ្ហភាពក្នុងកម្រិតនេះ លុះត្រាណាតែបរិយាកាសភព GJ 1214 b កំពុងពោពេញដោយម៉ូលេគុលធ្ងន់ៗដូចជា ទឹក (Water) ឬក៏មេតាន (Methane) ជាជាងម៉ូលេគុលស្រាលៗដូចជា អ៊ីដ្រូសែន (Hydrogen)។ មានទ្រឹស្តី ក្នុងការសន្និដ្ឋានអំពីភពនេះ នោះគឺទី១៖ ភព GJ 1214 b កំពុងបាត់បង់ម៉ូលេគុលអ៊ីដ្រូសែនចេញពីបរិយាកាសរបស់វា និង ទី២៖ ភព GJ 1214 b កំពុងវិវត្តទៅជាភពដែលពោពេញដោយទឹក (Water World) នៅពេលគោចរនៅឆ្ងាយពីផ្កាយរបស់វា។

គួរបញ្ជាក់ថា ផ្កាយ GJ 1214 ជាប្រភេទតារាក្រហមទំហំតូច (Red Dwarf) ដែលមានចម្ងាយ ៤៧.៨ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ សម្រាប់ភព GJ 1214 b ដែលគេមិនទាន់ហ៊ានសន្មត់ថា ជាភពទឹក ឬឧស្ម័នមួយនេះ មានម៉ាស់ស្មើនឹង ៨.៧ដងនៃម៉ាស់ភពផែនដី ហើយវាគោចរតែក្នុងរយៈចម្ងាយ ២.២លានគីឡូម៉ែត្រពីផ្កាយមេរបស់វាប៉ុណ្ណោះ។

២៖ ការឆ្លុះឃើញខ្សែក្រវាត់អាចម៍ផ្កាយ (Asteroid Belt) ជុំវិញផ្កាយ Fomalhaut

ហ្វូម៉លហត (Fomalhaut) ជាផ្កាយដែលបញ្ចេញពន្លឺភ្លឺជាងគេ នៅក្នុងតារានិករ Piscis Austrinus ឬយើងហៅថា Southern Fish ហើយក៏ជាតារាភ្លឺខ្លាំងមួយ នៅលើផ្ទៃមេឃរបស់ផែនដីពេលរាត្រីផងដែរ។ ពីដំបូងឡើយក្រុមតារាវិទូបានមើលឃើញថា តារាវ័យក្មេងមួយនេះមានខ្សែក្រវាត់អាចម៍ផ្កាយ (asteroid belt) តែមួយរង្វង់ប៉ុណ្ណោះ ប៉ុន្តែការឆ្លុះមើលដោយឧបករណ៍អង្កេតពន្លឺក្រហមអាំងហ្វ្រា (Infrared Light) របស់ James Webb បាននាំឲ្យពួកគេរកឃើញ រង្វង់ខ្សែក្រវាត់ ២ទៀត នៅផ្នែកខាងក្នុងនៃរង្វង់ចាស់ ដែលត្រូវបានរកឃើញពីមុន។

ផ្កាយ Fomalhaut ថតដោយ James Webb (រូបភាពពី NASA/ESA/CSA)

ខ្សែក្រវាត់អាចម៍ផ្កាយទាំង ៣រង្វង់នេះ ស្ថិតនៅក្នុងគម្លាតរហូតដល់ទៅ ២៣ពាន់លានគីឡូម៉ែត្រពីផ្កាយ Fomalhaut ឬស្មើនឹង ១៥០ដង នៃគម្លាតរវាងផែនដី និងព្រះអាទិត្យ (ផែនដី និងព្រះអាទិត្យមានគម្លាតពីគ្នាជាមធ្យម ១៥០លានគីឡូម៉ែត្រ)។ សម្រាប់សំនួរថា៖ តើកត្តាអ្វីទើបត្រួសត្រាយឲ្យមាន រង្វង់ខ្សែក្រវាត់អាចម៍ផ្កាយ រហូតដល់ទៅ ៣ នៅឃ្លាតៗពីគ្នាបែបនោះ? ក្រុមអ្នកវិទ្យាសាស្ត្របានពន្យល់ថា វាអាចបណ្តាលមកពីកម្លាំងទំនាញ (gravitational force) នៃភពមួយចំនួនដែលពួកយើងមិនទាន់អាចរកឃើញនៅឡើយ។

ផ្កាយ Fomalhaut លើផ្ទៃមេឃផែនដី (រូបភាពពីបរទេស)

សម្រាប់នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ខ្សែក្រវាត់អាចម៍ផ្កាយ (Asteroid Belt) ដែលស្ថិតនៅចន្លោះរវាងភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter) នោះ ត្រូវបានបង្កឡើងដោយទំនាញ (Gravity) នៃភពព្រហស្បតិ៍ ហើយសម្រាប់ខ្សែក្រវាត់អាចម៍ផ្កាយទឹកកក (Kuiper Belt) នៅចុងប្រព័ន្ធព្រះអាទិត្យវិញ គឺទទួលរងឥទ្ធិពលពីភពណិបទូន (Neptune)។ យ៉ាងណាក៏ដោយ ចំពោះផ្កាយ Fomalhaut ដែលទើបមានអាយុជាង ៤៤០លានឆ្នាំ និងស្ថិតនៅចម្ងាយ ២៥ឆ្នាំពន្លឺពីផែនដីនោះ ត្រូវបានតារាវិទូរកឃើញភពតែប៉ុណ្ណោះ កំពុងគោចរជុំវិញវានោះគឺ Fomalhaut b ឬមានឈ្មោះមួយទៀតថា Dagon កាលពីឆ្នាំ ២០០៨ ហើយវាគោចររហូតដល់ទៅចម្ងាយ ១៧ពាន់លានគីឡូម៉ែត្រឯណោះពីផ្កាយ Fomalhaut នាំឲ្យមួយឆ្នាំលើភពនោះ ស្មើនឹង ១,៧០០ឆ្នាំនៃពេលវេលាលើផែនដី៕

ការថតរូបភព និងផ្កាយ Fomalhaut ដោយផ្ទាល់ (រូបភាពពី NASA/ESA)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣)

Comments (0)
Add Comment