«ពស់យន្ត» មួយនេះនឹងទៅត្បុលព្រះចន្ទមួយរបស់ភពសៅរ៍ (Saturn) (មានវីដេអូ)

(បរទេស)៖ ការស្រាវជ្រាវនៅទីឋានដទៃក្រៅពីភពផែនដី ពិតជាត្រូវការគ្រឿងយន្តដែលមានសមត្ថភាព អាចបត់បែនបានច្រើនកាលៈទេសៈបំផុតតាមដែលអាចធ្វើទៅរួច ហើយពេលនេះគ្រឿងយន្តចម្លែកថ្មីមួយទៀត បាននិងកំពុងស្ថិតក្នុងការធ្វើតេស្ត ដោយមន្ទីរពិសោធន៍យាន (JPL) របស់អង្គការ NASA ដើម្បីត្រៀមបញ្ចូលទៅកាន់ព្រះចន្ទទឹកកកមួយរបស់ភពសៅរ៍ (Saturn)

សម្រាប់ព្រះចន្ទទឹកកកដែលស្ថិតក្នុងគោលដៅ សម្រាប់ការអភិវឌ្ឍពស់យន្តយកទៅស្រាវជ្រាវនោះគឺ អ៊ែនសេឡាដឹស (Enceladus)។ ព្រះចន្ទនេះមានភាពល្បីល្បាញ និងគួរជាទីចាប់អារម្មណ៍ខ្លាំង ក្រោយពីរូបភាពជាច្រើនសន្លឹក ថតដោយបេសកកម្មយាន កាស្ស៊ីនី (Cassini) របស់អង្គការ NASA បានបង្ហាញឲ្យឃើញនូវ កំសួលទឹក (Water Vapor) ជះចេញពីសំបកទឹកកករបស់ព្រះចន្ទនោះ។ ប្រការនេះបាននាំឲ្យ ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ក្រោមសំបកទឹកកករបស់ Enceladus ជាសមុទ្រទឹករាវ ហើយវាក៏អាចដូចពាក្យស្លោកមួយឃ្លា ដែលមនុស្សលោកលើផែនដីតែងតែពោលថា «ទីណាមានទឹកទីនោះមានជីវិត»

(រូបភាពពី NASA/JPL Team)

សម្រាប់ពស់យន្តខាងលើនេះ មានឈ្មោះជាផ្លូវការថា អ្នកអង្កេតរកជីវិត ដែលអាចមាននៅទីឋានដទៃ (Exobiology Extant Life Surveyor ឬ EELS) ដែលត្រូវបានអភិវឌ្ឍឡើង ឲ្យវាប្រកបដោយលក្ខណៈបត់បែនខ្ពស់ជាទីបំផុត (ប្រៀបបីដូចជាខ្លួនសត្វពស់មែនទែន) ដើម្បីទៅរុករកទីតាំងកន្លុកកន្លៀតដែលពិបាកទៅដល់ ហើយក៏អាចស៊ូទ្រាំទៅនឹងសីតុណ្ហភាពដ៏មហាត្រជាក់ នៅលើផ្ទៃទឹកកកដែលយានចល័ត (Rover) ឬសូម្បីគ្រឿងយន្តនៅស្ងៀម (Lander) មិនអាចធ្វើបាន។

(រូបភាពពី NASA/JPL Team)

សម្រាប់សត្វពស់ធម្មតាពិតជាមិនចូលចិត្តវានៅកន្លែងត្រជាក់ខ្លាំង ឬផ្ទាំងទឹកកកនោះឡើយ ប៉ុន្តែសម្រាប់ EELS វិញ គឺត្រូវបានច្នៃបង្កើតឡើងជាពិសេស ដើម្បីស៊ូទ្រាំនឹងបរិស្ថានដ៏លំបាកវេទនាបំផុតទាំងនោះ។ តំបន់កន្លៀតកៀនកោះ និងជ្រលងជ្រោះដ៏ត្រជាក់ ប្រកបដោយបរិស្ថានមរណៈ នឹងមិនមែនជាឧបសគ្គរបស់ EELS ឡើយ ខណៈក្រុមការងារអភិវឌ្ឍ EELS បានធ្វើតេស្តវាក្នុងបរិស្ថានបែបនោះរួចមកហើយ។

(រូបភាពពី NASA/JPL)

គួរបញ្ជាក់ថា ការអភិវឌ្ឍពស់យន្ត EELS មួយនេះ គឺស្ថិតក្នុងគម្រោងបែប Startup មួយប៉ុណ្ណោះ ព្រោះ JPL មិនទទួលបានការអនុម័តផ្តល់ជំនួយ ពីរដ្ឋាភិបាលសហព័ន្ធអាមេរិក ដើម្បីអភិវឌ្ឍ និងរៀបចំផែនការជាក់លាក់ ដើម្បីបញ្ជូនវាទៅព្រះចន្ទ Enceladus នោះឡើយ។ តែយ៉ាងណា បើតាមក្រុមជំនាញ JPL បានគូសបញ្ជាក់ថា ការសិក្សា, ពិសោធន៍ និងការបំពេញបន្ថែមទៅវិញទៅមក គឺជាជំហានដ៏ប្រសើរបំផុត ដើម្បីត្រៀមខ្លួនទុកជាមុន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣)

Comments (0)
Add Comment