(អាល្លឺម៉ង់)៖ វិស័យអវកាសបានទទួលការចាប់អារម្មណ៍ខ្លាំង ទើបតែរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះប៉ុណ្ណោះ ប៉ុន្តែតាមការពិតទៅ ក្រុមតារាវិទូបានបង្កើតរបកគំហើញថ្មីៗ រាប់រយឆ្នាំមកហើយ ជាពិសេសលោក ហ្គាលីឡេអូ ហ្គាលីឡេយ ជនជាតិអ៊ីតាលី ដែលបានរកឃើញភពព្រហស្បតិ៍ និងព្រះច័ន្ទទាំង ០៤ របស់វា កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៦០០ ដូច្នោះឯង។
ងាកមកកាន់ផែនដីវិញ សម្រាប់ការបញ្ជូនឧបករណ៍ទៅថតរូបនៅទីអវកាស ក្នុងរយៈកម្ពស់ទាប ទើបតែកើតមានឡើងក្នុងរយៈពេល ជាងកន្លះសតវត្សរ៍មកនេះប៉ុណ្ណោះ ដោយក្នុងនោះរូបថតផែនដីពីទីអវកាសដំបូង ត្រូវបានថតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៦ បើគិតមកទល់នឹងពេលនេះ គឺមានរយៈពេល ៧១ឆ្នាំហើយ។
រូបភាពស-ខ្មៅព្រាលៗ ដែលនាំឲ្យយើងអាចដឹងថា ជាពពក បរិយាកាសផែនដី និងផ្ទៃអវកាសពណ៌ខ្មៅនេះ ត្រូវបានថតក្នុងរយៈកម្ពស់ ១០៥គីឡូម៉ែត្រ ពីផ្ទៃផែនដីដោយប្រើប្រាស់កាមេរ៉ាភ្ជាប់នឹងគ្រាប់រ៉ុក្កែត German V2 ពីលើរដ្ឋ New Mexico សហរដ្ឋអាមេរិក ដែលមានរយៈពេលមួយឆ្នាំ ក្រោយបញ្ចប់សង្គ្រាមលោកលើកទីពីរ។
គួរបញ្ជាក់ថា នៅក្នុងគ្រាប់រ៉ុក្កែតខាងលើនេះ ជាប្រភេទដែលបំពាក់គ្រឿងផ្ទុះ ប៉ុន្តែត្រូវបានក្រុមជំនាញដោះចេញ ហើយភ្ជាប់មកវិញនូវកាមេរ៉ាប្រភេទ 35mm motion-picture និងឧបករណ៍វិទ្យាសាស្ត្រមួយចំនួនទៀត ដោយមានការភ្ជាប់ទៅនឹងបាឡុងមួយ អាចទ្រកាមេរ៉ា និងវត្ថុផ្សេងៗទៀតចុះមកវិញប្រកបដោយសុវត្ថិភាព និងមិនធ្លាប់មានពីមុនមកឡើយនាសម័យនោះ៕