(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ក្យូតុ (Kyoto) នៃប្រទេសជប៉ុនបានអះអាងថា ឈើបានមកពីដើម ម៉ាកណូលា (magnolia) អាចជាសម្ភារៈដ៏ល្អបំផុត សម្រាប់ផលិតចេញជាផ្កាយរណប ដែលគ្រោងនឹងបាញ់បង្ហោះទៅកាន់ទីអវកាសនៅឆ្នាំ ២០២៤ ខាងមុខនេះ។
លទ្ធផលបានមកពីការពិសោធន៍ថ្មីៗនេះនៅឯ ស្ថានីយអវកាសអន្តរជាតិ (ISS) ក្នុងចំណោមផលិតផលឈើចំនួនបីបានបង្ហាញថា magnolia ជាប្រភេទឈើ ដែលអាចប្រើបានធន់មាំជាងគេ។ ឈើគំរូដែលត្រូវបានដាក់ឲ្យប្រឈមនឹងលក្ខខណ្ឌដ៏អាក្រក់នៃលំហអវកាសអស់់រយៈ ១០ខែ ត្រូវបានយកមកផែនដីវិញកាលពីខែមករា ដើមឆ្នាំ២០២៣នេះ។
លទ្ធផលពិសោធន៍បានបង្ហាញថា ឈើ magnolia មិនមានការពុក ឬរងការខូចខាតដូចជា ប្រេះ របក ឬរហែកអ្វីនោះឡើយ។ លើសពីនេះទៅទៀត ឈើ magnolia ក៏មិនមានការផ្លាស់ប្តូរម៉ាស់ (mass) ក្រោយពេលយកមកពី ទីពិសោធន៍នៅអវកាសវិញនោះដែរ។
យ៉ាងណាក៏ដោយ ការប្រើប្រាស់លោហធាតុជាទូទៅសម្រាប់ផលិតចេញជាផ្កាយរណប មានការចំណាយតិចជាង ការយកឈើមកធ្វើដូចខាងលើនេះ។ ប៉ុន្តែអ្វីដែលជាគោលដៅធំ សម្រាប់ក្រុមអ្នកស្រាវជ្រាវ Kyoto គឺកិច្ចគាំពារបរិស្ថាន ព្រោះការផលិតផ្កាយរណបពីឈើ នឹងនាំឲ្យវាមានទម្ងន់ស្រាល ងាយបត់បែន ហើយច្បាស់ជានឹងឆេះអស់ទាំងស្រុង ក្នុងអំឡុងពេលធ្លាក់បុកចូលទៅក្នុងបរិយាកាសផែនដីឡើងវិញ ដែលនឹងកាត់បន្ថយហានិភ័យ នៅពេលមានផ្កាយរណបធ្លាក់ម្តងៗ។
សម្រាប់ផ្កាយរណបទូទៅ ដែលត្រូវបានផលិតឡើងពីលោហធាតុនោះ ត្រូវបានគេដឹងថា មិនឆេះអស់ទាំងស្រុងនៅពេលធ្លាក់បុកបរិយាកាសនោះទេ ហើយភាគច្រើនគេតែងតែបញ្ជាឲ្យវាទម្លាក់ខ្លួនបុកបរិយាកាស ហើយកម្ទេចកម្ទីដែលសេសសល់ នឹងត្រូវសាបព្រួសចូលទៅក្នុងសមុទ្រ។ ទោះយ៉ាងណា ផ្កាយរណបធ្វើពីឈើ នឹងមិនមែនគ្មានហានិភ័យសោះនោះទេ ព្រោះគ្រឿងបង្គុំសំខាន់ៗនៅក្នុងខ្លួនរបស់វា នៅតែធ្វើឡើងពីលោហធាតុដូចផ្កាយរណបទូទៅដដែល។
គួរបញ្ជាក់ថា សាកលវិទ្យាល័យ Kyoto បានចាប់ដៃគូជាមួយស្ថាប័ន Sumitomo Forestry កាលពីឆ្នាំ ២០២០ ដើម្បីអភិវឌ្ឍគម្រោងផលិតផ្កាយរណប LignoStella Space Wood Project ដោយប្រើប្រាស់វត្ថុធាតុដើមឈើ។ ការធ្វើតេស្តកន្លងមកលើផែនដីបានបង្ហាញថា ឈើប្រភេទលះពិតជាអាចស៊ូទ្រាំនឹង សីតុណ្ហភាពដ៏ក្តៅនៅទីអវកាសបាន។
ទីភ្នាក់ងារអវកាសជប៉ុន JAXA និងអាមេរិក NASA ត្រូវបានគេដឹងថា នឹងរួមគ្នាបាញ់បង្ហោះក្រុមផ្កាយរណបធ្វើពីឈើ របស់សាកលវិទ្យា Kyoto នៅអំលុងឆ្នាំ ២០២៤។ ពួកវានឹងក្លាយជាផ្កាយរណបសម្រាប់ពិសោធន៍ការទាក់ទងផ្នែករលកវិទ្យុផង និងជួយឲ្យក្រុមនិស្សិតស្វែងយល់ អំពីឥរិយាបថនៃផ្កាយរណបឈើទាំងនោះផង៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Tech Spot/Phys.org (ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣)