BREAKING៖ មួយសន្លឹករបស់ James Webb នេះផ្ទុកកាឡាក់ស៊ីដល់ទៅ «៤៥,០០០កាឡាក់ស៊ី»

(បរទេស)៖ តេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ទើបតែបានបង្កើតស្នាដៃថ្មីសន្លាងមួយទៀត ដើម្បីត្រៀមអបអរខួប ១ឆ្នាំ នៃការធ្វើប្រតិបត្តិការជាផ្លូវការរបស់ខ្លួន ហើយរូបភាពដែលត្រូវបានបញ្ចេញ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានផ្ទុកទៅដោយកាឡាក់ស៊ីរហូតដល់ទៅ ៤៥,០០០កាឡាក់ស៊ីឯណោះ។ ប៉ុន្តែឈប់សិន! ហេតុអ្វីក៏មានកាឡាក់់ស៊ីច្រើនម្ល៉េះ?

ជាការពិតណាស់ នេះមិនមែនជារូបភាពដែលត្រូវបានផ្តិតយក ដោយប្រើប្រាស់វីធីសាស្ត្រធម្មតាៗនោះទេ តែវាបានលេចចេញមកតាមរយៈកម្មវិធី ស្ទាបស្ទង់វត្តមានកាឡាក់ស៊ីក្នុងកម្រិតខ្ពស់ (Advanced Deep Extragalactic Survey ឬហៅយ៉ាងខ្លីថា JADES) ជាកម្មវិធីធំមួយរបស់ក្រុមការងារគ្រប់គ្រង James Webb ដើម្បីស្វែងយល់អំពីបដិវត្តន៍នៃការកកើតកាឡាក់ស៊ី និងផ្កាយនានា នៅក្នុងអំលុងពេលដំបូងៗ ក្រោយការចាប់កំណើតរបស់ចក្រវាល។

កាឡាក់ស៊ី ៤៥,០០០ (រូបភាពពី NASA/ESA/CSA)

សម្រាប់ពពួកកាឡាក់ស៊ីដែលស្ថិតនៅឆ្ងាយ តែងបង្ហាញវត្តមានក្នុងប្រវែងរលក (wavelength) វែងជាងកាឡាក់ស៊ីធម្មតា និងមានពណ៌ក្រហមៗ ដោយសារតែការពង្រីកខ្លួននៃចក្រវាល ហើយបាតុភូតនេះត្រូវបានគេហៅថា ការប្តូរពណ៌ទៅក្រហម (redshift)។ ក្រុមតារាវិទូបានសិក្សាទៅលើកម្រិតនៃ redshift នេះ ដើម្បីគណនារកអាយុកាល និងរយៈចម្ងាយនៃពពួកកាឡាក់ស៊ី ដែលមានពណ៌ក្រហមៗទាំងនោះ។

តេឡេស្កូបអវកាស James Webb (រូបភាពពី NASA/ESA/CSA)

គួរបញ្ជាក់ថា មុនការមកដល់នៃតេឡេស្កូបអវកាស James Webb តេឡេស្កូបមុនៗដែលអាចអង្កេតបម្រែបម្រួល redshift ក្នុងកម្រិត ដែរនោះ បាននាំឲ្យក្រុមតារាវិទូរកឃើញកាឡាក់ស៊ីឆ្ងាយៗ ក្នុងចំនួនតិចតួចប៉ុណ្ណោះ (ចាប់ពី ២០ – ៣០កាឡាក់ស៊ី) នៅអំលុងពេលចក្រវាលទើបមានអាយុជិត ៦៥០លានឆ្នាំ។ ឥឡូវនេះកម្មវិធី JADES ដោយប្រើប្រាស់ James Webb ដ៏មានឥទ្ធិពល អាចរកឃើញក្នុងចំនួនរាប់ពាន់ ដូចមាននៅក្នុងរូបភាពថ្មីមួយសន្លឹកនេះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA

Comments (0)
Add Comment