(បារាំង)៖ ទោះបីជាមានអាយុកាលចំណាស់ រាប់ទសវត្សរ៍មកហើយក្តី ក៏កែវយឺតអវកាស Hubble នៅតែអាចផ្តិត និងសន្សំទុករូបភាពដ៏អស្ចារ្យជាច្រើន ស្តីអំពីវត្ថុអវកាស កាឡាក់ស៊ី ផ្កាយ និងបាតុភូតដ៏មហាអស្ចារ្យឥតគណនា នៅក្នុងចក្រវាឡ ដែលជាបណ្តុំនៃកាឡាក់ស៊ីរាប់ពាន់លាននេះ។ នេះបើតាមការចេញផ្សាយរបស់ បណ្តាញព័ត៌មាន Space.com ដែលត្រូវបានដកស្រង់នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១។
ជាក់ស្តែងរូបភាព ដែលត្រូវបានបញ្ចេញដោយ តារាវិទូវ័យក្មេងរបស់បារាំង លោក Charles Messier កាលពីពេលថ្មីៗនេះមានចំនួន ៩៣រូបភាព ប៉ុន្តែយើងខ្ញុំសូមដកស្រង់យករូបភាពស្អាតៗមួយចំនួន ដើម្បីឲ្យបងប្អូនយើងបានស្វែងយល់។ ជាការពិតភ្នែកធម្មជាតិរបស់មនុស្ស មិនអាចមើលឃើញទិដ្ឋភាពទាំងនេះឡើយ ប៉ុន្តែ Hubble ត្រូវបានបំពាក់នូវសមត្ថភាពពិសេសបំផុត ដែលអាចចាប់យកភាពអស្ចារ្យ នៃវត្ថុអវកាសក្នុងផ្ទៃមេឃដ៏សែនជ្រៅនេះបាន ហើយវាពិតជាវិសេសវិសាលមិនអាចគណនាបាននោះឡើយ។
គួរបញ្ជាក់ថា រូបភាពទាំងឡាយខាងក្រោមនេះ គឺបង្ហាញអំពីបណ្តុំផ្កាយនៅក្នុងកាឡាក់ស៊ី, ផ្តាយតូចធំ, ដុំពពកកើតចេញពីបន្ទុះណេបូឡា, និងវត្ថុអវកាសបញ្ចេញពន្លឺរាប់មិនអស់ ព្រមជាមួយនឹងតារាចែងចាំងពន្លឺ មានទាំងចាស់ និងក្មេងផងដែរ។ ដូច្នេះសូមបងប្អូនទាំងអស់ ទស្សនាកម្រងរូបភាពដូចខាងក្រោមនេះ៖