(បរទេស)៖ អាជ្ញាធរឧតុនិយមអូស្ត្រាលី បានបញ្ចេញរបាយការណ៍បានមកពី ការព្យាករណ៍របស់ខ្លួនកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ថា បាតុភូតដ៏អាក្រក់ អ៊ែល នីណូ (El Nino) ឬ អ៊ែល នីញ៉ូ (El Niño ជាភាសាអេស្ប៉ាញ) អាចនឹងកើតឡើងនៅក្នុងឆ្នាំ ២០២៣ នេះ ជាមួយនឹងឱកាស ៧០% យោងទៅលើគំរូធាតុអាកាស El Nino ដែលកំពុងវិវត្តជាបន្តបន្ទាប់ ដោយផ្សាភ្ជាប់ជាមួយនឹងធាតុអាកាសក្តៅ និងស្ងួត។
ការិយាល័យឧតុនិយមអូស្ត្រាលីបានគូសបញ្ជាក់ថា យោងតាមគំរូធាតុអាកាស និងសូចនាករដែលមានស្រាប់កន្លងមកនេះ ពេលនេះវាបានបំពេញតាមលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់ ដើម្បីឲ្យអាជ្ញាធរបង្កើនកម្រិតដល់ «ប្រុងប្រយ័ត្ន» ពីកម្រិតពីមុនត្រឹម «ឃ្លាំមើល» សម្រាប់លទ្ធភាពនៃការកើតមានបាតុភូត El Nino។
យោងតាមការព្យាករណ៍បង្ហាញថា សីតុណ្ហភាពទឹកសមុទ្រលើតំបន់ត្រូវពិក នៃមហាសមុទ្រប៉ាស៊ីហ្វិក នឹងឈានដល់កម្រិតរបស់ El Nino ចាប់ពីរដូវរងាឆ្នាំ ២០២៣ (ខែធ្នូ)។ ក្រុមមន្ត្រីជំនាញអូស្ត្រាលី នៅតែកំពុងបន្តអង្កេតមើល ការប្រែប្រួលរយៈពេលវែងខាងលើនេះ ដើម្បីសន្មត់ជាចុងក្រោយថា វាជាបាតុភូត El Nino។
- តើបាតុភូត El Nino ជាអ្វី និងកកើតឡើងដូចម្តេច?
បើនិយាយឲ្យងាយយល់ និងសាមញ្ញ El Nino ជាបាតុភូតរលកកម្តៅមួយ ដែលកើតឡើងនៅពេលសីតុណ្ហភាពទឹកសមុទ្រផ្នែកខាងលើបំផុត កើនឡើងលើសពីកម្រិតមធ្យម ហើយចាប់ផ្តើមបង្កើតទៅជាខ្សែបន្ទាត់នៃទឹកក្តៅ អូសកាត់តំបន់ខ្សែអេក្វាទ័រនៃមហាសមុទ្រប៉ាស៊ីហ្វិកតែម្តង។
គិតចាប់តាំងពីការសិក្សា និងរកឃើញ El Nino មក ក្រុមអ្នកវិទ្យាសាស្ត្របានសន្មត់ថា បាតុភូតនេះតែងកើតឡើង ក្នុងរយៈពេល ៣ឆ្នាំ ទៅ ៥ឆ្នាំម្តង តែនៅលើមហាសមុទ្របាស៊ីហ្វិកប៉ុណ្ណោះ។ មួយវិញទៀត បាតុភូត El Nino តែងតែអូសបន្លាយក្នុងរយៈពេលចាប់ពី ៩ខែ ទៅ ១២ខែ ដោយគិតទាំងពេលដែលវាកកើត និងឥទ្ធិពលអាក្រក់ដែលវាជះចេញ។
- ប្រសិនបើកើតមានឡើងនៅឆ្នាំ២០២៣នេះមែន តើ El Nino នឹងជះផលអាក្រក់ខ្លាំងនៅឆ្នាំណា?
បើតាមលទ្ធផលនៃការព្យាករណ៍ដោយ អង្គការសហប្រជាជាតិ (UN), អាជ្ញាធរឧតុនិយមសហរដ្ឋអាមេរិក និងអាជ្ញាធរឧតុនិយមអូស្ត្រាលី លទ្ធផលបានចេញមកប្រហាក់ប្រហែលគ្នា នោះគឺបាតុភូត El Nino អាចនឹងលេចឡើងនៅអំលុងឆមាសទី ២ នៃឆ្នាំ ២០២៣ នេះ (គិតចាប់ពីខែមិថុនានេះ ដល់់ខែធ្នូ) ហើយប្រសិនបើវាកើតមានឡើងមែន នោះផលអាក្រក់របស់វា នឹងជះឥទ្ធិពលយ៉ាងច្បាស់នៅឆ្នាំ២០២៤។
ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា នៅអំលុងខែមេសា និងឧសភា ឆ្នាំ២០២៣នេះ ត្រូវបានចាត់ទុកជាពេលវេលាដ៏ក្តៅបំផុត មិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ ហើយវាក៏ជាសញ្ញាដែលបង្ហាញថា ព្រឹត្តិការណ៍ El Nino កំពុងចាប់ផ្តើមវិវត្តផងដែរ។
- តើឥទ្ធិពលអាក្រក់អ្វីខ្លះ នឹងលេចឡើងនៅឆ្នាំ២០២៤?
យោងតាមការព្រមានជាលក្ខណៈអន្តរជាតិ បាតុភូត El Nino លើកនេះ ប្រសិនបើវាកើតឡើងនោះ នឹងបញ្ចេញឥទ្ធិពលអាក្រក់ ដែលយើងមិនធ្លាប់ជួបប្រទះនោះឡើយ។ សម្រាប់ឆ្នាំ២០២៤ បាតុភូត El Nino នឹងធ្វើឲ្យចំនួនព្យុះកំណាច (hurricane) នៅមហាសមុទ្រអាត្លង់ទិកធ្លាក់ចុះ តែបែរជាមកកើតមានច្រើននៅលើ មហាសមុទ្រប៉ាស៊ីហ្វិកវិញ ជាពិសេសនៅតំបន់ឆ្នេរភាគខាងលិច នៃសហរដ្ឋអាមេរិក (តំបន់ភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក)។
El Nino នឹងធ្វើឲ្យចរន្តទឹកក្តៅលើមហាសមុទ្រប៉ាស៊ីហ្វិក ចល័តទៅភាគខាងត្បូង និងបន្តទៅភាគខាងកើត។ សម្រាប់អំលុងរដូវរងា (ដើមឆ្នាំ២០២៤) វានឹងធ្វើឲ្យអាកាសធាតុមានសំណើមជាងធម្មតា នៅតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក ហើយក្តៅ និងស្ងួតនៅតំបន់ភាគខាងជើង។ សត្វសមុទ្ររស់នៅតំបន់ដែនទឹកជាប់ឆ្នេរសមុទ្រនានា នៃមហាសមុទ្រប៉ាស៊ីហ្វិក ក៏នឹងរងគ្រោះផងដែរ។
- ក្រៅពីសហរដ្ឋអាមេរិក តើប្រទេស ឬតំបន់ណាទៀត ដែលរងឥទ្ធិពលពី El Nino នៅឆ្នាំ២០២៣ និង ២០២៤?
យោងតាមលទ្ធផលព្យាករណ៍ និងទំនោររបស់ El Nino តំបន់ដែលនឹងរងគ្រោះដោយសារ បាតុភូតនេះធ្ងន់ធ្ងរជាងគេមានដូចជា អាមេរិកកណ្តាល (Central America), អាហ្វ្រិកខាងត្បូង (Southern African) និងចុងអាស៊ីខាងកើត (Far East Asia)។ គ្រោះធម្មជាតិដែលតំបន់ទាំងនោះនឹងត្រូវជួបប្រទះ គឺរាំងស្ងួត ហើយក្រុមអ្នកជំនាញក៏បានព្យាករណ៍ផងដែរថា វិបត្តិស្បៀងអាហារនឹងលេចឡើង នៅឆ្នាំបន្ទាប់ពីកើតមានគ្រោះរាំងស្ងួត ព្រោះតែតំបន់់ដែលនឹងរងគ្រោះទាំងនោះ សុទ្ធតែជាតំបន់ធ្វើកសិកម្ម៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Reuters/NOAA/NASA (ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣)