រកឃើញប្រភពនៃ «ពន្លឺជះខ្លាំងបំផុតមកកាន់ផែនដី» កាលពីឆ្នាំ២០២២ នោះហើយ! (មានវីដេអូ)

(បរទេស)៖ ការជះកាំរស្មីវិទ្យុសកម្មហ្កាំម៉ា (gamma-ray) ប្រកបដោយថាមពលខ្លាំងបំផុត មិនធ្លាប់មានពីទីអវកាស ដែលបានសំដៅដោយផ្ទាល់មកកាន់ភពផែនដីយើង កាលពីកំលុងខែតុលា ឆ្នាំ ២០២២ និងមានឈ្មោះសម្គាល់ថា «GRB 221009A» នោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញចម្លើយហើយ។ ពន្លឺនោះពិតជាខ្លាំងណាស់ ដោយអាចទម្លុះបណ្តុំពពកធូលីរបស់កាឡាក់ស៊ី Milky Way យើងមកដល់ភពផែនដីនេះបាន និងត្រូវបានចាត់ទុកផងដែរថា ជាព្រឹត្តិការណ៍ ១០,០០០ឆ្នាំទើបអាចកើតមានម្តង។

ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានអះអាងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះថា ព្រឹត្តិការណ៍ GRB 221009A ឬមានរហស្សនាមថា BOAT (Brightest of All Times) នោះគឺបន្ទុះនៃផ្កាយ (Supernova) ប្រកបដោយម៉ាស់ធ្ងន់បំផុតមួយ ដែលបានបង្កើតចេញទៅជាប្រហោងខ្មៅ (Black Hole) ស្ថិតនៅចម្ងាយយ៉ាងហោចណាស់ ២.៤ពាន់លានឆ្នាំពន្លឺពីភពផែនដី។ កាលពីឆ្នាំ២០២២ តេឡេស្កូបអវកាស Fermi Gamma-ray បានប្រទះឃើញវានៅម្តុំតារានិករ Sagitta (បើយើងមើលទៅលើផ្ទៃមេឃផែនដី)។

រូបតំណាងនៃព្រឹត្តិការណ៍ BOAT (ការផ្ទុះនៃផ្កាយបង្កើតជា Black Hole និងជះចេញនូវកាំរស្មី Gamma-ray ដ៏ភ្លឺបំផុត) (រូបភាពពី NASA)

បើតាមក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ George Washington សហរដ្ឋអាមេរិកបានពន្យល់ថា ការផ្ទុះជះពន្លឺ gamma-ray ខ្លាំងក្នុងកម្រិតខ្លាំងបែបនេះ តែងតែបង្កឡើងដោយកំសួលថាមពល (jet) ដ៏មុតស្រួច ប្រកបដោយរចនាសម្ព័ន្ធព័ទ្ធជុំវិញដោយលំហូរនៃឧស្ម័នដ៏ខ្លាំងក្លា នៅពេលដែលផ្កាយមានម៉ាស់ធ្ងន់បំផុតមួយ វិលជុំវិញខ្លួនឯងក្នុងល្បឿនយ៉ាងលឿ​ន ហើយផ្ទុះ និងកកើតទៅជា Black Hole

ការពន្យល់អំពី Black Hole កកើតពីផ្កាយផ្ទុះ និងជះចេញនូវ Jet និង Gamma-ray ប្រកបដោយពន្លឺ និងថាមពល (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ការប្រើប្រាស់តេឡេស្កូប និងវិភាគទៅលើព្រឹត្តិការណ៍ BOAT គឺស្ថិតក្នុងគោលដៅសិក្សាស្វែងយល់ អំពីព្រឹត្តិការណ៍ផ្ទុះដ៏ធំមហិមាទាំងឡាយនៅក្នុងទីអវកាស ដែលពេលខ្លះហាក់ប្រឆាំងទៅនឹងច្បាប់រូបវិទ្យា ដែលក្រុមអ្នកវិទ្យាសាស្ត្រយល់ដឹងកន្លងមក៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/Science Alert (ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣)

Comments (0)
Add Comment