យាន Solar Parker ទើបចល័តទៅកៀកព្រះអាទិត្យជាថ្មី និងអង្កេត Solar Wind ដោយផ្ទាល់ (មានវីដេអូ)

(បរទេស)៖ អស់មួយរយៈធំហើយដែលយើងមិនបានដឹងឮ អំពីយានស្រាវជ្រាវព្រះអាទិត្យ Parker Solar Probe។ ថ្មីៗនេះយាន Parker បានចល័តទៅកៀកនឹងព្រះអាទិត្យ ហើយអង្កេតមើលបាតុភូតដ៏ពុះកញ្ជ្រោលមួយ ដែលមនុស្សលើផែនដីកំពុងចាប់អារម្មណ៍ និងខ្លះទៀតសម្តែងក្តីព្រួយបារម្ភផងដែរ នោះគឺខ្យល់ព្រះអាទិត្យ (Solar Wind)។

ខ្យល់ព្រះអាទិត្យ (Solar Wind) ដែលមានកម្រិតខ្សោយ និងព្យុះព្រះអាទិត្យ (Solar Storm) ដែលមានកម្រិតធ្ងន់ តែងតែបង្កឡើងដោយសារតែចលនាពុះកញ្ជ្រោល នៅលើស្រទាប់អណ្តាតភ្លើងផ្នែកខាងលើនេះ (Corona) របស់ព្រះអាទិត្យ ហើយប្រសិនបើវាស្ថិតក្នុងកម្រិតខ្លាំង នោះនឹងជះភាគល្អិតមានបន្ទុកអគ្គិសនី (charged particles) មកកាន់ភពផែនដីយើង ដែលនឹងបង្កទៅជា ពន្លឺអូរ៉ូរ៉ា (Aurora) នៅលើប៉ូលទាំង ២, ការដាច់ចរន្តអគ្គិសនី, ភាពរអាល់រអួល ឬដាច់ប្រព័ន្ធវិទ្យុទាក់ទង និងអាចបំផ្លាញផ្កាយរណបបានផងដែរ នៅក្នុងករណីធ្ងន់ធ្ងរ។

យាន Parker Solar (រូបភាពពី NASA)

យាន Parker Solar Probe ត្រូវបានអភិវឌ្ឍ និងបញ្ជូនចេញពីផែនដីកាលពីខែសីហា ឆ្នាំ២០១៨ ដើម្បីទៅសិក្សានៅកៀកព្រះអាទិត្យមិនធ្លាប់មាន ស្ថិតក្នុងគោលដៅយល់ដឹងឲ្យបានកាន់តែច្បាស់ អំពីឥរិយាបថរបស់ផ្កាយយើង។ នៅក្នុងការហោះទៅកៀកព្រះអាទិត្យក្នុងឆ្នាំ ២០២៣ នេះ នៅក្នុងគម្លាត ២២លានគីឡូម៉ែត្រ យាន Parker Solar បានសង្កេតឃើញដោយផ្ទាល់នូវ «ការកកើត ខ្យល់ព្រះអាទិត្យ (Solar Wind) នៅលើផ្ទៃ (surface) របស់ព្រះអាទិត្យតែម្តង»។

រូបភាព Solar Wind ដោយយាន Parker នៅឆ្នាំ២០២១ (រូបភាពពី NASA)

បើតាមអ្នកជំនាញនៃសាកលវិទ្យាល័យ Maryland-College Park សហរដ្ឋអាមេរិក បានឲ្យដឹងថា ការសិក្សាអំពីប្រធានបទ Solar Wind នេះពិតជាសំខាន់ណាស់ ព្រោះវានឹងនាំយើងទៅរកការយល់ដឹង អំពីរបៀបដែលព្រះអាទិត្យជះចេញនូវថាមពល និងជំរុញថាមពលទាំងនោះឲ្យទៅជាព្យុះ ដែលបាតុភូតទាំងអស់នេះហើយ តែងតែជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរ ដល់បណ្តាញទូរគមនាគមន៍ នៅលើភពបែតងរបស់យើង។

យាន Parker Solar (រូបភាពពី NASA)

គួរបញ្ជាក់ថា Parker Solar Probe បានហោះទៅកៀកព្រះអាទិត្យជាលើកទី ១៥ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅក្នុងគម្លាតជិត ៩លានគីឡូម៉ែត្រប៉ុណ្ណោះ ជាមួយនឹងល្បឿនជាង ៦០០,០០០គីឡូម៉ែត្រក្នុង១ម៉ោង។ យាន Parker នឹងហោះទៅកៀកព្រះអាទិត្យម្តងទៀត (លើកទី ១៦) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងគម្លាតជិត ៩លានគីឡូម៉ែត្រដដែល ខណៈនៅក្នុងផែនការស្នូល យាននេះនឹងត្រូវធ្វើបែបនេះសរុប ២៤លើក។ យាន Parker មិនអាចហោះកៀកព្រះអាទិត្យតិចជាង ៧លានគីឡូម៉ែត្រនោះឡើយ ព្រោះវានឹងអាចរលាយខ្លួនបាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/The Nature (ថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣)

Comments (0)
Add Comment