សញ្ញាដដែលៗចេញពីចំណុចកណ្តាល Milky Way អាចជាពាក្យអេលៀននិយាយថា «សួស្តី!» (លទ្ធផលសិក្សាថ្មី) (មានវីដេអូ)

(បរទេស)៖ តើអាចមានជីវិតភពផ្សេង កំពុងមានវត្តមាននៅតំបន់ចំណុចកណ្តាល នៃកាឡាក់ស៊ី Milky Way របស់យើងដែរឬទេ? លទ្ធផលសិក្សាថ្មី ដែលទើបចេញក្តៅៗនៅក្នុងឆ្នាំ ២០២៣ នេះបានធ្វើការវែកញែក អំពីរលកសញ្ញា (pulse signal) ក្នុងទម្រង់ដដែលៗ បានជះចេញពីតំបន់ចំណុចកណ្តាលរបស់កាឡាក់ស៊ីយើងនេះ ហើយក្រុមអ្នកវិទ្យាសាស្ត្រខ្លះមានការសង្ស័យថា វាអាចជាពាក្យ «Hello! ឬ សួស្តី!» ដែលជីវិតភពផ្សេង (Alien) និយាយមកកាន់ភពផែនដី។

យើងដឹងហើយថា បណ្តារលកសញ្ញាមានប្រេកង់ចង្អៀត (narrow-frequency pulses) ដែលជះចេញប្រៀបបីដូចជាចង្វាក់ជីពចរនោះ តែងតែបានមកពីពពួកផ្កាយ ផាលសារ (pulsars) ប៉ុន្តែរលកសញ្ញាប្រភេទនេះ ក៏តែងតែត្រូវបានមនុស្សប្រើប្រាស់ នៅក្នុងប្រព័ន្ធរ៉ាដា (radar) សម្រាប់បញ្ជូន និងទទួលរលកសញ្ញាផងដែរ។ ដោយសារតែរលកសញ្ញា pulses ងាយវែកញែកយកចេញពី បណ្តុំរលកវិទ្យុដ៏រញ៉េរញ៉ៃនៅទីអវកាស ដូច្នេះទើបគេអាចប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ក្នុងការធ្វើទំនាក់ទំនងរវាងទីអវកាសឆ្ងាយ ជាពិសេសទៅលើការស្វែងរក អរិយធម៌ជីវិតភពផ្សេង (Alien)

(រូបភាពពីបរទេស)

នៅក្នុងអត្ថបទសិក្សាថ្មីមួយ រៀបរាប់អំពីយុទ្ធសាស្ត្រនៃការស្វែងរក Alien ដឹកនាំដោយក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យា Cornell ដែលត្រូវបានដកស្រង់ នៅដើមខែមិថុនា ឆ្នាំ២០២៣ បានបង្ហើបអំពីការអភិវឌ្ឍកម្មវិធី (software) ដើម្បីតាមដានរលកសញ្ញាដែលមានប្រេកង់ទាប និងធ្វើតេស្តផងដែរទៅលើ រលកសញ្ញាមកពីពពួកតារា puslars ដែលគេបានស្គាល់ ស្ថិតក្នុងន័យស្វែងយល់ឲ្យប្រាកដច្បាស់ថា ពួកគេអាចចាប់យករលកសញ្ញា pulses ដ៏ចង្អៀតទាំងនោះដែរឬទេ។

ជួរប្រេកងរបស់រលកសញ្ញា pulses ពិតជាចង្អៀតខ្លាំងណាស់ ដែលស្មើតែ ១ ភាគ ១០ នៃទំហំប្រេកង់ត្រូវបានប្រើដោយស្ថានីយវិទ្យុ FM តូចមួយប៉ុណ្ណោះ។ ក្រុមអ្នកស្រាវជ្រាវបានស្រាវជ្រាវរកទិន្នន័យ តាមរយៈតេឡេស្កូបចាប់រលកវិទ្យុ Green Bank Telescope ស្ថិតនៅរដ្ឋ West Virginia សហរដ្ឋអាមេរិក ដោយប្រើប្រាស់យុទ្ធសាស្ត្រខាងលើនេះ។

(រូបភាពពីកម្មវិធី Breakthrough Listen)

ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា «មកទល់នឹងពេលនេះ ក្រុមការងារនៃវិទ្យាស្ថាន SETI តែងតែបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីស្រាវជ្រាវរលកសញ្ញានានា ដោយឥតឈបឈរ»SETI ជាអង្គការមិនរកប្រាក់កម្រៃមួយ ដែលបំពេញកិច្ចការងារស្វែងរកជីវិតឆ្លាតវៃ ឬ Alien នៅក្នុងចក្រវាលនេះ។ ពួកគេបានពន្យល់ទៀតថា «ការសិក្សានេះ បានផ្តល់នូវពន្លឺប្រកបដោយថាមពលដ៏មានប្រសិទ្ធភាព ទៅលើរលកសញ្ញា (ប្រៀបបីដូចជាជីពចរមួយខ្សែ) ដែលជាមធ្យោបាយនៃការធ្វើទំនាក់ទំនងឆ្លងកាត់ទីអវកាសដ៏វែងឆ្ងាយ…។ ជាការកត់សម្គាល់ ការសិក្សានេះបង្ហាញពីការខិតខំប្រឹងប្រែងដ៏ទូលំទូលាយលើកដំបូង ដែលមិនធ្លាប់មានក្នុងការស្រាវជ្រាវ ដ៏ស៊ីជម្រៅសម្រាប់សញ្ញាទាំងនេះ»

(រូបភាពពីបរទេស)

ក្រុមអ្នកស្រាវជ្រាវកំពុងស្តាប់ អ្វីៗដែលជះមកពីតំបន់កណ្តាលនៃកាឡាក់ស៊ី Milky Way ព្រោះនៅទីនោះជាកន្លែងកកកុញដោយផ្កាយ និងអាចមានភពតាមប្រព័ន្ធផ្កាយខ្លះ (exoplanets) ដែលផ្ទុកជីវិតរស់នៅផងក៏ថាបាន។ អ្វីដែលអាចលើសពីនេះទៅទៀត «ប្រសិនបើពួកអេលៀនដ៏ឆ្លាតវៃ (Alien) នៅតំបន់ចំណុចកណ្តាលនៃ Milky Way ចង់បង្ហាញវត្តមានពួកគេទៅកាន់ តំបន់ផ្សេងៗទៀតនៃកាឡាក់ស៊ីមួយនេះ ពួកគេអាចបញ្ជូនសញ្ញានានា ទៅកាន់ភពជាច្រើនដែលស្ថិតនៅតាមមុខព្រួញស្រាប់ ព្រោះភពពួកគេកំពុងស្ថិតនៅទីតាំង ប្រកបដោយប្រសិទ្ធភាពស្រាប់ នោះគឺតំបន់កណ្តាលកាឡាក់ស៊ីតែម្តង»។

(រូបភាពពីកម្មវិធី Breakthrough Listen)

នៅក្នុងការសន្និដ្ឋានដាច់ដោយឡែកមួយទៀត របស់ក្រុមអ្នកស្រាវជ្រាវមកពីកម្មវិធី Breakthrough Listen បានអះអាងបែបនេះថា «ការប្រើប្រាស់ប្រេកង់បញ្ជូនសញ្ញាដ៏តូចចង្អៀត និងស្ថិតក្នុងលំនាំដដែលៗ មកពីតំបន់កណ្តាល Milky Way អាចជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពមួយសម្រាប់ពួក Alien ក្នុងការបង្ហាញខ្លួនរបស់ពួកគេ ទៅកាន់កាឡាក់ស៊ី ព្រោះថាទម្រង់រួមផ្សំបែបនេះ ទំនងជាមិនអាចកើតឡើង ដោយធម្មជាតិទៅរួចទេ»។ សរុបមក លទ្ធផលសិក្សាទាំងអស់នេះសុទ្ធតែមានប្រយោជន៍ ដល់បេសកកម្មស្វែងរកជីវិតឆ្លាតវៃនៅថ្ងៃអនាគត តាមរយៈការស្រាវជ្រាវ និងចាប់រលកសញ្ញានៅក្នុងករណីដែលពួកគេ ពិតជាបានបញ្ជូនមកផែនដីយើងមែន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣)

Comments (0)
Add Comment