បេសកកម្មនាំមនុស្សទៅព្រះចន្ទ អាចនឹងត្រូវពន្យារ១ឆ្នាំទៀតព្រោះតែ SpaceX (មានវីដេអូ)

(បរទេស)៖ យើងគ្រប់គ្នាបានដឹងហើយថា ការធ្វើតេស្តនាវាអវកាស Starship របស់ក្រុមហ៊ុន SpaceX កាលពីអំលុងខែមេសា ឆ្នាំ២០២៣ បានទទួលបរាជ័យ ក្នុងការត្បុលឡើងទៅឲ្យដល់គន្លងគោចរជុំវិញផែនដី និងធ្វើគោចរតាមផែនការមេ ប៉ុន្តែនោះមិនមែនជាបញ្ហាសម្រាប់ក្រុមហ៊ុន SpaceX តែមួយនោះឡើយ។

អង្គការ NASA ដែលបានទទួលយក SpaceX របស់លោក Elon Musk ធ្វើជាដៃគូក្នុងការបំពេញបេសកកម្ម Artemis ទៅកាន់ឋានព្រះចន្ទនោះ ក៏កំពុងតែជួបប្រទះឱកាស ដែលអាចធ្វើការពន្យារពេលរហូតដល់ទៅ ១ឆ្នាំទៀត ជាលើកទីផងដែរ ដោយសារតែភាពមិនច្បាស់លាស់ នៃការធ្វើតេស្តសមត្ថភាពជាក់ស្តែងរបស់ Starship នោះ។

Ship24 (Starship) និង Booster 7 ក្នុងការធ្វើតេស្តកាលពីខែមេសា ឆ្នាំ២០២៣ (រូបភាពពី SpaceX)

ក្រុមអ្នកជំនាញបានមើលឃើញថា បេសកកម្ម Artemis 3 ដែលត្រូវបានពន្យារពេលម្តងរួចមកហើយពីឆ្នាំ ២០២៤ ទៅឆ្នាំ ២០២៥ វិញនោះ អាចនឹងត្រូវពន្យារពេលថែម ១ឆ្នាំទៀត ពោលគឺរហូតដល់ឆ្នាំ ២០២៦។ ពីដើមឡើយ បញ្ហាចម្បងៗរបស់ Starship គឺមានតែទៅលើការទទួលស្គាល់ជាផ្លូវការប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីការធ្វើតេស្ត Ship 24 និង Booster 7 កាលពីចុងខែមេសា បានបញ្ចប់ទៅដោយការផ្ទុះឆេះនៅលើអាកាសនោះ បញ្ហាធំមួយនេះត្រូវបានកត់បញ្ចូលទៅក្នុង បញ្ជីដែលត្រូវគិតពិចារណាឡើងវិញ។

Ship24 (Starship) និង Booster 7 ផ្ទុះឆេះនៅលើអាកាសកាលពីខែមេសា ឆ្នាំ២០២៣ (រូបភាពពី SpaceX)

សម្រាប់ផែនការពីដើមដំបូងនៃការនាំមនុស្ស ទៅជាន់ដីឋានព្រះចន្ទឡើងវិញ និងបោះមូលដ្ឋានស្រាវជ្រាវអចិន្ត្រៃយ៍ លើតំបន់ក្បែរប៉ូលខាងត្បូងព្រះចន្ទ (Artemis 3) នោះ ត្រូវបានគ្រោងធ្វើឡើងនៅចុងឆ្នាំ២០២៤ ប៉ុន្តែកាលពីឆ្នាំ២០២១ ក្រុមការងារអង្គការ NASA បានសម្រេចពន្យារពេលទៅដល់ចុងឆ្នាំ ២០២៥ វិញ។ ប៉ុន្តែនៅពេល SpaceX បាននិងកំពុងជួបប្រទះបញ្ហាធំក្នុងការធ្វើតេស្ត Starship នៅឡើយ នោះអង្គការ NASA មានឱកាសខ្ពស់បំផុត ក្នុងការពន្យារពេលបេសកកម្ម Artemis 3 ដូចការព្យាករណ៍ខាងលើ។

(រូបភាពពី NASA/SpaceX)

គួរបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣ នេះ គេនៅមិនទាន់ឃើញអង្គការ NASA បង្ហាញចេតនាជាក់ស្តែង អំពីការពន្យារពេល Artemis 3 ឬក៏អាចមានផែនការអ្វីផ្សេងនៅឡើយទេ។ ក្រុមហ៊ុន SpaceX ត្រូវបាន NASA ជ្រើសរើសជាដៃគូសម្រាប់បេសកកម្ម Artemis 3 ដើម្បីផ្គត់ផ្គង់សេវាចុះចតលើផ្ទៃព្រះចន្ទហៅថា Starship HLS lander ឬ Starship Human Landing System។ ដោយឡែកសម្រាប់បេសកកម្ម Artemis 2 ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ ២០២៤ នោះ គឺជាបេសកកម្មយាន Orion អភិវឌ្ឍដោយក្រុមហ៊ុន Boeing ដែលនឹងត្រូវដឹកនាំអវកាសយានិក ០៤រូប ទៅគោចរជុំវិញព្រះចន្ទ និងត្រលប់មកផែនដីវិញ (ដោយគ្មានការចុះចតនោះទេ)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Gagadget (ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣)

Comments (0)
Add Comment