ផ្កាយ១ដួងនឹងក្លាយទៅជា «ដុំពេជ្រ» នៅរាប់រយឆ្នាំពន្លឺពីផែនដី, តែជាក់ស្តែងមិនទាន់មាន… (មានវីដេអូ)

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញផ្កាយមួយដួង ដែលបាននិងកំពុងប្រែក្លាយខ្លួនវាបន្តិចម្តងៗទៅជា «ដុំពេជ្រ» មានទំហំប៉ុនភពផែនដីរបស់យើង ហើយជោគវាសនាបែបនេះ ក៏អាចនឹងកើតឡើងទៅលើព្រះអាទិត្យ និងផ្កាយប្រមាណ ៩៧% នៅក្នុងកាឡាក់ស៊ី Milky Way របស់យើងផងដែរ។

ក្រុមអ្នកវិទ្យាសាស្ត្រនៃសហរដ្ឋអាមេរិក, កាណាដា, ចក្រភពអង់គ្លេស និងអូស្ត្រាលី បានឲ្យដឹងថា ផ្កាយខាងលើនេះមានឈ្មោះសម្គាល់ថា HD 190412 C ស្ថិតនៅចម្ងាយខ្ទង់ ១០៤ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយបើគិតនៅក្នុងន័យតារាសាស្ត្រនោះ ចម្ងាយកម្រិតនេះមិនឆ្ងាយប៉ុន្មាន ពីប្រព័ន្ធព្រះអាទិត្យយើងឡើយ។

រូបតំណាងផ្កាយ white dwarf ដែលនឹងវិវដ្តទៅជាដុំពេជ្រ (រូបភាពពីបរទេស)

អ្វីដែលយើងអាចដឹងបន្ថែមពីផ្កាយខាងលើនេះ គឺវាជាប្រភេទផ្កាយតូច ឬផ្កាយតឿមានពណ៌ស (white dwarf) និងអាយុប្រហែល ៤.២ពាន់លានឆ្នាំ (មិនទាន់ប្រាដក) ព្រោះតែផ្កាយនោះកំពុងប្រែក្លាយទៅរកភាពជា ដុំពេជ្រមួយ តាមរយៈការពង្រីកខ្លួននៃស្នូលគ្រីស្តាល់របស់វា។

  • តើចំណុចអ្វីដែលគេសន្មត់ថា ផ្កាយនោះអាចក្លាយជាដុំពេជ្រ?

ផ្កាយ HD 190412 C ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា បាននិងកំពុងបាត់បង់ ស្រទាប់ក្រៅៗរបស់វាទៅហើយ នៅអំលុងពេលនៃការប្រែក្លាយខ្លួនវា ទៅជាផ្កាយតូចពណ៌សនោះ។ បន្ថែមពីនេះ ម៉ាស់ (mass) របស់វាក៏បាននិងកំពុងថមថយដែរ ហើយប្រសិនបើវាអស់ឧស្ម័នសម្រាប់ទ្រទ្រង់ចំហេះ នោះវាក៏អាចវិវដ្តទៅជាប្រហោងខ្មៅ (Black Hole) ផងដែរ។ តែយ៉ាងណា យោងតាមការសិក្សា និងវិភាគទៅលើផ្កាយ white dwarf មួយដួងនោះ វាកំពុងតែស្ថិតនៅក្នុងដំណើរកកើតគ្រីស្តាល់ ខណៈសីតុណ្ហភាពរបស់វាកំពុងធ្លាក់ចុះ ដោយសារតែការអស់ប្រភពឧស្ម័ន សម្រាប់ទ្រទ្រង់ចំហេះ។

រូបតំណាងផ្កាយ white dwarf ដែលនឹងវិវដ្តទៅជាដុំពេជ្រ (រូបភាពពីបរទេស)

ក្រុមតារាវិទូបានសន្និដ្ឋានថា ពពួកផ្កាយប្រភេទដូចខាងលើនេះ នឹងក្លាយដុំខ្មៅតូច (black dwarf) ឬយើងហៅថា «ផ្កាយស្លាប់» ដែលនៅក្នុងខ្លួនវានឹងពោពេញទៅដោយ «ពេជ្រ»។ ដំណើរការនេះត្រូវបានគេគិតថា នឹងចំណាយពេលជាង ១៣.៨ ពាន់លានឆ្នាំ សម្រាប់តារានិមួយៗ ដូច្នេះវាទំនងជាមិនទាន់មានវត្ថុបែបនេះនៅឡើយទេ នៅក្នុងចក្រវាល។ ប៉ុន្តែនេះគឺជាជោគវាសនារបស់ផ្កាយស្ទើរតែទាំងអស់ នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ រួមទាំងព្រះអាទិត្យរបស់យើងផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Universe Today (ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣)

Comments (0)
Add Comment