(បរទេស)៖ រូបភាពដ៏ពិសេសមួយសន្លឹក ដែលត្រូវបានថតដោយយានអវកាស ជូណូ (Juno) តាំងតែពីខែធ្នូ ឆ្នាំ២០២០ ទើបតែត្រូវបានអង្គការ NASA បញ្ចេញនៅក្នុងខែមិថុនា ឆ្នាំ២០២៣ នេះ។ វាគឺជាទិដ្ឋភាពពន្លឺពណ៌បៃតងរំលេចចេញពីក្នុងបណ្តុំពពករាងរង្វង់ ដែលមានលក្ខណៈជាខ្យល់កួច ស្ថិតនៅក្បែរប៉ូលខាងជើងរបស់ភពព្រហស្បតិ៍ (Jupiter)។
ការផ្តិតរូបភាពដ៏ពិសេសមួយនេះ ត្រូវបានធ្វើឡើងនៅក្នុងរយៈកម្ពស់ ៣២,០០០គីឡូម៉ែត្រ ពីស្រទាប់ពពកឧស្ម័នលើបំផុតនៃភពឧស្ម័នយក្ស (Gass Giant) មួយនេះ ហើយនោះគឺជាពន្លឺផ្លេកបន្ទោរ មិនខុសពីអ្វីដែលតែងតែកើតមាន នៅលើភពផែនដីរបស់យើងនោះឡើយ។
ការចម្រាញ់ចេញជារូបភាពមួយនេះ ត្រូវបានធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រឯកជនមួយរូប ឈ្មោះ Kevin Gill ដោយការប្រើប្រាស់ទិន្នន័យរូបភាពពិតបានមកពីកាមេរ៉ា JunoCam នៅលើខ្លួនយានអវកាស Juno។ អង្គការ NASA តែងតែបញ្ចេញរូបភាពបានពី Juno ក្នុងលក្ខណៈជាទម្រង់ដើមជាសាធារណៈតែម្តង នៅក្នុងវែបសាយ https://www.missionjuno.swri.edu/junocam/processing ដែលមហាជនទូទៅ អាចយកទៅធ្វើការកែច្នៃទៅតាមជំនាញរបស់ខ្លួនបាន ដើម្បីបម្រើផលប្រយោជន៍ជារួមផ្នែកវិទ្យាសាស្ត្រ។
គួរបញ្ជាក់ថា បើទោះបីជាមើលពីខាងក្រៅ បាតុភូតផ្លេកបន្ទោរក្នុងពពកភពព្រហស្បតិ៍ មានលក្ខណៈដូចនៅលើផែនដីយើងមែន តែដំណើរនៃការកកើតបាតុភូតបែបនេះ នៅលើភពទាំង ២ មិនដូចគ្នាទាំងស្រុងទេ។ សម្រាប់ផ្លេកបន្ទោរលើភពផែនដី តែងតែកើតមានពីបណ្តុំពពកដែលផ្ទុកទឹក ហើយជារឿយៗតែងកើតមានឡើងនៅ ក្បែរខ្សែអេក្វាទ័រ។ ដោយឡែកសម្រាប់ភពព្រហស្បតិ៍វិញ គឺផ្លេកបន្ទោរតែងតែកើតមាន នៅក្នុងពពកអាម៉ូញាក់-ទឹក ហើយភាគច្រើនបំផុត គឺកើតឡើងនៅតំបន់ក្បែរប៉ូលទៅវិញ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣)