(បរទេស)៖ មានការសាកសួរទៅកាន់ក្រុមអ្នកជំនាញអង្គការ NASA ដោយផ្ទាល់ថា តើទឹកកកនៅប៉ូលទាំង ២ របស់ភពផែនដី ពិតជាកំពុងរលាយមែនឬយ៉ាងណា? ហើយចម្លើយយ៉ាងខ្លីទៅកាន់សំណួរនេះគឺ «ជាការពិតណាស់ វាកំពុងរលាយ»។ ប៉ុន្តែដំណើរការនោះ មានភាពស្មុគស្មាញជាងអ្វីដែលលោកអ្នកធ្លាប់គិតទៅទៀត។
អ្នកអាចនឹកគិតទៅដល់ផ្ទាំងទឹកកកនានា ឬទឹកកកនៅតំបន់ទ្វីបអង់តាកទិក (Antarctica) និងកោះហ្គ្រីនលែនដ៍ (Greenland) ដែលប្រៀបបីដូចជាអាងស្តុកទឹកកក ដ៏ច្រើនរបស់ផែនដី។ តែនៅពេលនេះយើងក៏ចង់ដឹង និងប្រៀបធៀបថា តើទឹកកកចំនួនប៉ុន្មានដែលកើនឡើងនៅក្នុងអាងនោះ និងចំំនួនប៉ុន្មានដែលបាត់បង់ទៅវិញផងដែរ។
ជុំវិញចម្ងល់នេះ អ្នកជំនាញ NASA បានធ្វើការពន្យល់ជាបន្តបន្ទាប់ថា «ព្រិលធ្លាក់លើផ្ទាំងទឹកកក គឺប្រៀបដូចជាការបើកទឹកចេញពីក្បាលរ៉ូប៊ីណេដូច្នោះឯង។ ពេលអ្នកបើករ៉ូប៊ីណេនោះ កម្រាស់ផ្ទាំងទឹកកកនឹងកើនឡើង ហើយបន្ទាប់មកវានឹងរលាយទៅវិញ នៅពេលជួបធាតុអាកាសក្តៅ ឬទឹកក្តៅនៃមហាសមុទ្រ។ ប្រការនេះមានន័យថា យើងមិនមែនគិតគូរតែទៅលើ ការរលាយនៃទឹកកកនោះទេ តែក៏ទៅលើតុល្យភាពរវាងទឹកកកដែលកកើតឡើងវិញ (បូករួមទាំងព្រិលធ្លាក់) ជាប្រចាំផងដែរ»។
អ្នកជំនាញបានបន្តទៀតថា «សម្រាប់អង្គការ NASA យើងអាចតាមដានទាំងចំពោះ ទ្វីបអង់តាកទិក និងហ្គ្រីនឡែនដ៍យ៉ាងងាយស្រួលពីលំហ។ យើងក៏មានប្រព័ន្ធឡាស៊ែរបំពាក់ជាប់ផ្កាយរណប ដែលអាចវាស់កម្រាស់ទឹកកកជាប្រចាំផងដែរ។ ហេតុដូច្នេះហើយ យើងពិតជាអាចតាមដានតំបន់នានា ដែលផ្ទាំងទឹកកកកំពុងរិចរិល ហើយបាត់បង់ម៉ាស់យ៉ាងលឿនបំផុត ទៅក្នុងមហាសមុទ្រនោះបាន»។
ដូច្នេះសរុបសេចក្តីមកវិញ តើទឹកកកប៉ូលកំពុងរលាយឬទេ? ចម្លើយគឺ «ពិតមែនហើយ វាកំពុងរលាយ»។ ការរលាយទឹកកក គឺកត្តារួមចំណែកលេខ ១ ក្នុងការធ្វើឲ្យនីវ៉ូទឹកសមុទ្រកើនឡើង ហើយនេះក៏ជាមូលហេតុដែលអង្គការ NASA មានក្រុមអ្នកវិទ្យាសាស្ត្រ ដែលបាននិងកំពុងសិក្សាពីទំនាក់ទំនងរវាងផ្ទាំងទឹកកក និងកម្រិតទឹកសមុទ្រជារៀងរាល់ថ្ងៃ។ ចំពោះកត្តាចម្បងដែលនាំឲ្យទឹកកករលំរលាយវិញនោះ គឺការកើនឡើងកម្តៅភពផែនដី ដែលត្រូវបានជំរុញជាបន្តបន្ទាប់ដោយសារការបញ្ចេញឧស្ម័នពុល (ផ្ទះកញ្ចក់) ដោយសកម្មភាពរបស់មនុស្ស គិតចាប់តាំងពីបដិវត្តន៍ឧស្សាហកម្មកើតឡើងមកទល់នឹងបច្ចុប្បន្ន៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SciTech Daily (ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣)