(បរទេស)៖ ទោះបីជាត្រូវបានគេគិតថា អាចស្រដៀងនឹងភពសុក្រ (Venus) ទាំងទៅលើទំហំ និងបរិមាណធាតុវិទ្យុសកម្មទទួលបានពីផ្កាយមេរបស់វាក៏ដោយ ក៏តេឡេស្កូបអវកាស James Webb ពេលនេះបានរកឃើញថា ភព TRAPPIST-1 c មិនសំបូរកាបូនឌីអុកស៊ីតក្នុងបរិយាកាស ដូចជាភពសុក្រនោះឡើយ ហើយបរិយាកាសផ្ទុកកាបូនឌីអុកស៊ីតរបស់វាក៏ស្ថិតក្នុងកម្រិតស្តើងខ្លាំងដែរ។
យើងបានដឹងរួចហើយថា TRAPPIST-1 c គឺជាភពនៅលេខរៀងទី ២ របស់ប្រព័ន្ធផ្កាយ TRAPPIST-1 ដែលជាប្រភេទផ្កាយតូច ឬតឿពណ៌ក្រហម (M dwarf) និងមានចម្ងាយខ្ទង់ ៤០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ ពពួកផ្កាយតូច M dwarf នេះ ភាគច្រើនពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ព្រោះបើគិតជាភាគរយវិញនោះ ឱកាសដែលពួកវាអាចមានភពថ្ម (rocky planets) គោចរជុំវិញ មានច្រើនលើសពីពពួកផ្កាយដូចជាព្រះអាទិត្យយើង រហូតដល់ទៅ ២ដងឯណោះ។
ជាការពិតណាស់ ត្រឹមជាផ្កាយតូចជាងព្រះអាទិត្យយើងមែន តែ TRAPPIST-1 មានភពថ្មរហូតដល់ទៅចំនួន ៧ភព គោចរនៅជុំវិញវា។ តារាតឿប្រភេទ M នេះមានភាពសកម្ម ដោយការបញ្ចេញកាំរស្មី X និងកាំរស្មី UV ដែលអាចបំផ្លាញ ឬដកហូតបរិយាកាស របស់ភពគោចរជុំវិញវានោះបាន។ ក្រុមតារាវិទូនៅមិនច្បាស់នៅឡើយទេថា តើប្រព័ន្ធទាំងឡាយដែលមានផ្កាយប្រភេទដូចជា TRAPPIST-1 នោះមាន ទឹក កាបូនឌីអុកស៊ីត ឬសារធាតុផ្សំផ្សេងៗទៀត ដែលគ្រប់គ្រាន់សម្រាប់បង្កើតបរិយាកាស នៅពេលភពជុំវិញពួកវាកកើតឡើងដែរ ឬមួយក៏យ៉ាងណា។
សម្រាប់លទ្ធផលសង្កេតជារួមទៅលើភព TRAPPIST-1 c វិញគឺ James Webb បានរកឃើញថា លើផ្ទៃនៃផ្នែកពេលថ្ងៃរបស់ភពនេះ មានសីតុណ្ហភាពចន្លោះពី «៦៦អង្សាសេ ទៅជាង ១០៧អង្សាសេ» ដែលនាំឲ្យវាត្រូវបានចាត់ទុកជាភព rocky exoplanet មានសីតុណ្ហភាពទាបជាងគេបំផុត យោងទៅលើបរិមាណនៃបំភាយកម្តៅ។ TRAPPIST-1 c គោចរជុំវិញផ្កាយមេរបស់ក្នុងគម្លាត ២.៤លានគីឡូម៉ែត្រ និងប្រើរយៈពេលតែ ២.៤២ថ្ងៃនៃពេលវេលាលើផែនដីប៉ុណ្ណោះ ដើម្បីគោចរជុំវិញផ្កាយមេវាមួយជុំ (ស្មើនឹង១ឆ្នាំលើភពនោះ)។
បើគិតពីទំហំវិញនោះ TRAPPIST-1 c ស្ថិតក្នុងជំពូកភព Super-Earth ទៅហើយ ដោយទំហំខ្លួនរបស់វា គឺធំជាងផែនដីយើងបន្តិច និងមានស្មើនឹងម៉ាស់ផែនដី ១.៣ដង ជាមួយនឹងដង់ស៊ីតេដូចគ្នា ហេតុដូច្នេះហើយទើបក្រុមតារាវិទូអាចកំណត់ថា TRAPPIST-1 c ជាប្រភេទភពថ្មដូចផែនដីយើងដែរ។ យោងតាមលទ្ធផលអង្កេត ពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម (mid-infrared light) ១៥មីក្រុង ដោយ James Webb បានរកឃើញថា «ភព TRAPPIST-1 c មានផ្ទៃក្រាលដោយថ្មទទេ ឬក៏មានបរិយាកាសកាបូនឌីអុកស៊ីតដ៏ស្តើង ស្រោបនៅជុំវិញភពនោះប៉ុណ្ណោះ»។
ដើម្បីឆ្លុះមើលដឹងអំពីធាតុផ្សំក្នុងបរិយាកាសភព TRAPPIST-1 c ក្រុមការងារ James Webb បានបញ្ជាលើ ឧបករណ៍អង្កេតពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម MIRI (Mid-Infrared Instrument) ឲ្យសម្ងំអង្កេតដោយបែងចែកជាឱកាសៗ ទាំងនៅពេលដែលភពនោះ គោចរទៅខាងក្រោយផ្កាយរបស់វា និងនៅពេលភពនោះ គោចរបាំងពីមុខផ្កាយរបស់វា។ ក្រោយទទួលបានទម្រង់ពន្លឺទាំង ២ ហើយទើបក្រុមការងារ James Webb អាចធ្វើការវិភាគទម្រង់ពណ៌នៃពន្លឺ ដែលប្រែប្រួលនៅក្នុងបរិយាកាសផ្នែកពេលថ្ងៃ ដែលត្រូវបានពន្លឺផ្កាយ TRAPPIST-1 ចាំងចំនោះ ដើម្បីវែករកធាតុផ្សំក្នុងបរិយាកាស។
គួរបញ្ជាក់ថា តេឡេស្កូបអវកាស James Webb មានភាពបត់បែនខ្ពស់ ដែលអាចឲ្យវាស្វែងរកសារធាតុ និងម៉ូលេគុលចម្បងៗដូចជា អុកស៊ីហ្សែន អាសូត និងកាបូនឌីអុកស៊ីត នៅក្នុងបរិយាកាសរបស់ភពនៅប្រព័ន្ធផ្កាយដទៃ (exoplanet) បាន។ មិនខុសពីប្រព័ន្ធផ្កាយ Proxima Centauri ដែលស្ថិតនៅក្បែរផែនដីបំផុតនោះឡើយ ផ្កាយ TRAPPIST-1 នេះក៏កំពុងធ្វើឲ្យក្រុមតារាវិទូងឿងឆ្ងល់ និងចង់ដឹងកាន់តែខ្លាំងផងដែរថា តើភពដែលគោចរជុំវិញផ្កាយដ៏តូច និងពុះកញ្ជ្រោលបែបនោះ អាចមានឱកាសឲ្យជីវិតកកើតដែរ ឬមួយក៏យ៉ាងណា។
សម្រាប់ភព TRAPPIST-1 c នេះ យើងអាចវិភាគយ៉ាងខ្លី និងច្បាស់លាស់ជាងមុនថា «គ្មានជីវិតណាអាចកកើតលើវាបានឡើយ» ហើយក៏មិនខុសអ្វីទៅនឹងភព TRAPPIST-1 b ដែល James Webb បានអង្កេតមុនគេនោះដែរ។ គិតចាប់តាំងពីការរកឃើញភពទាំង ៧ នៅជុំវិញប្រព័ន្ធផ្កាយ TRAPPIST-1 ក្រុមតារាវិទូបានចាត់ទុកថា ភព TRAPPIST-1 d, e និង f (ភពលេខរៀងទី ៣, ៤ និង ៥) ស្ថិតនៅក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ដោយសារតែតំបន់ដែលពួកវាកំពុងគោចរនោះ អាចឲ្យភពរក្សាវត្តមានទឹកនៅលើផ្ទៃសំបក និងបរិយាកាសស្រោបជុំវិញ។ តែយ៉ាងណា យើងនឹងអាចដឹងកាន់តែច្បាស់ជាងនេះ នៅក្រោយ James Webb ធ្វើការសង្កេតនៅថ្ងៃអនាគត៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA/James Webb’s Team (ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣)