(បរទេស)៖ បើសិនមើលមួយភ្លែត យើងអាចច្រលំបានថា នេះជារូបភាពព្រះចន្ទរបស់ភពផែនដី ប៉ុន្តែតាមការពិតទៅ នេះគឺជាទិដ្ឋភាពយានអវកាស BepiColombo របស់អង្គការអវកាសអឺរ៉ុប ESA សហការជាមួយអង្គការអវកាសជប៉ុន JAXA ដើម្បីទៅសិក្សាស្រាវជ្រាវនៅភពពុធ (Mercury) ដែលជាភពទី ១ នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ។
នេះជាការហោះកាត់ (flyby) លើកទី ៣ ហើយសម្រាប់ BepiColombo ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងគម្លាតប្រមាណ ២៣៦គីឡូម៉ែត្រពីភពនោះ។ បើតាមផែនការស្នូល យាននេះនឹងជ្រៀតចូលក្នុងគន្លងគោចរ ជុំវិញភពពុធតែម្តងនៅចុងឆ្នាំ២០២៥ ខណៈវាបាននិងកំពុងប្រើប្រាស់ កម្លាំងទំនាញភពផែនដី និងភពសុក្រ (Venus) ដើម្បីរុញច្រានខ្លួនឯងនៅក្នុងគន្លងគោចរជុំវិញព្រះអាទិត្យ។
គួរបញ្ជាក់ថា នៅក្នុងការហោះឆ្វែលភព Mercury ដែលបច្ចុប្បន្នកំពុងមានចម្ងាយ ៤៨លានគីឡូម៉ែត្រពីព្រះអាទិត្យនោះ យាន BepiColombo បានផ្តិតរូបភាពជាច្រើនសន្លឹក នៅក្នុងទម្រង់ស-ខ្មៅ ដែលអាចឲ្យយើងមើលឃើញផ្ទៃភពពុធយ៉ាងច្បាស់លាស់។
ក្នុងនោះទៀតសោត ក្រុមអ្នកវិទ្យាសាស្ត្រក៏បានដាក់ឈ្មោះតំបន់ពោពេញដោយកំហូង (craters) និងអតីតភ្នំភ្លើង (volcanic ridges) មួយដែលបានប្រទះឃើញ នៅលើផ្ទៃភពពុធនោះផងដែរថា Edna Manley ផងដែរ ដើម្បីរំលឹកដល់វិចិត្រករជនជាតិអង់គ្លេស ដើមកំណើតចាម៉ៃកាលោកស្រី Edna Manley ដែលបានទទួលមរណភាពកាលពីឆ្នាំ ១៩៨៧៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/ESA/JAXA (ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣)