(បរទេស)៖ ការលើកឡើងដដែលៗអំពីប្រធានបទ នៃការគំរាមកំហែងដោយអាចម៍ផ្កាយ (asteroid) ឬផ្កាយដុះកន្ទុយ (comet) ដែលអាចកើតឡើងជាថ្មីមកលើភពផែនដីយើងនេះ អាចជាមានភាពសាំញុំាបន្តិច ប៉ុន្តែក៏មិនមែនមានន័យថា វាមិនអាចកើតឡើងនោះដែរ។ អតីតកាលបានបង្រៀនយើងរួចហើយ ខណៈពេលនេះ និងទៅថ្ងៃអនាគត មនុស្សលោកយើងនេះហើយ គឺជាអ្នករ៉ាប់រងជោគវាសនាដោយខ្លួនឯង។
- តើអាចម៍ផ្កាយធំដល់កម្រិតណាទើបអាចបំផ្លាញជីវិត ឲ្យរលាយអស់ទាំងស្រុងពីផែនដីយើងបាន?
មុននឹងធ្វើការឆ្លើយតបចំពោះសំណួរខាងលើនេះ ចូរយើងរំលឹកអំពីអតីតកាល នៃការវាយប្រហារដោយអាចម៍ផ្កាយធំមួយ នោះគឺ Chicxulub ដែលបានត្រូវចំឈូងសមុទ្រ Yucatan នៃប្រទេសម៉ិចស៊ីកូ កាលពី ៦៥លានឆ្នាំមុន ដែលបានផ្តាច់ជីវិតលើផែនដីប្រមាណ ៧៥% (ជីវិតលើគោកផុតពូជស្ទើរទាំងអស់ ខណៈពពួកដាយណូស័រដាច់ពូជទាំងស្រុង)។ អាចម៍ផ្កាយនេះត្រូវបានគេជឿជាក់ថា មានអង្កត់ផ្ចិតចន្លោះពី ១០-១២គីឡូម៉ែត្រ ដែលបានបង្កកម្លាំងផ្ទុះស្មើនឹងគ្រាប់បែកបរមាណូ ដែលសហរដ្ឋអាមេរិកទម្លាក់លើទីក្រុង Hiroshima ប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥ រហូតដល់ទៅ ៤.៥ពាន់លានដង។
យើងទាំងអស់គ្នាធ្លាប់បានដឹងរួចហើយពីការសិក្សាលើប្រធានបទ Chicxulub នេះថា ទោះបីជាសត្វលោកជាច្រើន ដែលអាចនៅរស់រាន ក្រោយអាចម៍ផ្កាយនោះបុកផែនដីពេញទំហឹង ដែលបង្កទៅជាគ្រោះរញ្ជួយផែនដី, រលកមហាយក្សស៊ូណាមិ និងកម្ទេចកម្ទីថ្មធ្លាក់រាយប៉ាយនៅក្នុងរង្វង់រាប់រយគីឡូម៉ែត្រ ពីចំណុចដែលអាចម៍ផ្កាយបុកចំនោះក្តី ក៏បញ្ហាភ្លើងឆេះព្រៃ និងផ្សែងអ័ព្ទពុល ព្រមទាំងភ្លៀងអាស៊ីតកម្រិតធ្ងន់ ពាសពេញភពផែនដី បានអូសបន្លាយអស់ជាច្រើនខែ។ ផលអាក្រក់ទាំងអស់នេះហើយ បាននាំឲ្យពពួកសត្វរស់នៅលើគោក និងក្នុងទឹកបានងាប់ជាបន្តបន្ទាប់ រហូតដល់អស់ជីវិតជារួមប្រមាណ ៧៥% ពីភពផែនដីដោយព្រឹត្តិការណ៍ Chicxulub នោះ។
សម្រាប់ចម្លើយទៅកាន់សំណួរខាងលើនេះវិញ បើតាមការគណនាដោយក្រុមអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យ Colorado Boulder និងវិទ្យាស្ថាន MIT សហរដ្ឋអាមេរិកបានឲ្យដឹងថា «អាចម៍ផ្កាយមានអង្កត់ផ្ចិតចាប់ពី ៦០ម៉ៃល៍ (៩៦គីឡូម៉ែត្រ) ឡើងទៅ ប្រសិនបើវាហោះមកបុកភពផែនដីនោះ នឹងអាចបំផ្លាញជីវិតលើផែនដីទាំងស្រុងតែម្តង ដោយសូម្បីស្រមោចមួយក្បាលក៏មិនសល់ដែរ»។
- ការប៉ាន់ប្រមាណផ្សេងៗទៀត ចំពោះឥទ្ធិពលនៃអាចម៍ផ្កាយ៖
អាចម៍ផ្កាយទំហំប៉ុនផ្ទះមួយខ្នង អាចបំផ្លាញអ្វីៗគ្រប់យ៉ាង (ជីវិត និងសំណង់នានា) ដែលស្ថិតនៅជុំវិញកន្លែងវាថ្នាក់ប្រមាណជិត ១គីឡូម៉ែត្រ (ប្រសិនបើវាធ្លាក់លើផែនដី ក្នុងល្បឿន ៤៨,០០០គីឡូម៉ែត្រក្នុង១ម៉ោង) ខណៈអាចម៍ផ្កាយប៉ុនអគារកម្ពស់ ២០ជាន់ អាចបំផ្លាញអ្វីគ្រប់យ៉ាងនៅក្នុងរង្វង់ ៨គីឡូម៉ែត្រ ពីចំណុចដែលវាធ្លាក់ចំ។ ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA ធ្លាប់បានធានាអះអាងកាលពីឆ្នាំ២០២១ថា មនុស្សលោកនឹងមានសុវត្ថិភាពពីអាចម៍ផ្កាយគ្រោះថ្នាក់ ចាប់ពីពេលនេះដល់រយៈពេល ១០០ឆ្នាំទៀត៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Futurism (ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣)