(បរទេស)៖ ផ្កាយរណប ម៉េវិន (Mars Atmosphere and Volatile EvolutioN ឬ MAVEN) របស់អង្គការ NASA ទើបតែបានថតរូបភពអង្គារ (Mars) នៅក្នុងទម្រង់ជាពន្លឺស្វាយអ៊ុលត្រា (ultraviolet) ហើយលោកអ្នកពិតជា មិនធ្លាប់បានឃើញភពក្រហមរបស់យើង ក្នុងលក្ខណៈបែបនេះឡើយ។ ប៉ុន្តែឈប់សិន! តើការថតក្នុងទម្រង់ ultraviolet បែបនេះ មានប្រយោជន៍អ្វីខ្លះ?
ការពិតទៅ ក្រុមការងារគ្រប់គ្រងបេសកកម្ម MAVEN របស់ NASA បានថតរូបភាពរបស់ភពអង្គារក្នុងទម្រង់ ultraviolet នេះ តាំងតែពីខែកក្កដា ឆ្នាំ២០២២ មកម្ល៉េះសម្រាប់លើកទី ១ ដែលនឹងត្រូវនឹងរដូវក្តៅ នៅអឌ្ឍគោលខាងជើងភពនោះ ខណៈដែល Mars បានគោចរទៅកៀកនឹងព្រះអាទិត្យបំផុតក្នុងគន្លងគោចររបស់ខ្លួន ហើយសម្រាប់លើកទី ២ វិញ គឺនៅខែមករា ឆ្នាំ២០២៣ បន្ទាប់ពីភពអង្គារ បានឆ្លងផុតចំណុចឆ្ងាយបំផុត នៃគន្លងគោចររបស់ខ្លួនជុំវិញព្រះអាទិត្យ។
ឧបករណ៍ផ្តិតរូបភាពវិសាលគមពណ៌នៃពន្លឺស្វាយអ៊ុលត្រា (Imaging Ultraviolet Spectrograph ឬ IUVS) របស់ផ្កាយរណប MAVEN អាចគណនាប្រវែងរលក (wavelength) ចន្លោះពី ១១០-៣៤០ ណាណូម៉ែត្រ នៅក្រៅពីវិសាលគមពណ៌នៃពន្លឺ ដែលភ្នែកមនុស្សអាចមើលឃើញ។ សម្រាប់តំបន់មានពណ៌ស្វាយនៅក្នុងរូបភាពខាងលើនេះ គឺជាបណ្តុំ អូហ្សូន (ozone) នៅក្នុងបរិយាកាសភពអង្គារ ខណៈតំបន់មានពណ៌ស និងខៀវវិញ គឺជាបណ្តុំពពក ឬអ័ព្ទនៅលើផ្ទៃមេឃភពនោះ។ ដោយឡែកសម្រាប់ពណ៌រាងត្នោត និងបៃតងវិញ គឺជាផ្ទៃដីនៃភពអង្គារ។
យោងតាមសេចក្តីថ្លែងការណ៍របស់ NASA បានឲ្យដឹងថា «តាមរយៈការសម្លឹងមើលភពអង្គារ ដោយប្រវែងរលកនៃពន្លឺស្វាយអ៊ុលត្រា ក្រុមអ្នកវិទ្យាសាស្ត្រអាចធ្វើការវិភាគស៊ីជម្រៅ អំពីអ្វីដែលមានក្នុងបរិយាកាស និងនៅលើផ្ទៃរបស់ភពអង្គារព្រមគ្នា តាមរយៈវិធីសាស្ត្រដ៏គួរឲ្យកត់សម្គាល់នេះ»។
សម្រាប់រូបភាពភពអង្គារទី១ (ឆ្វេងដៃ)៖ ត្រូវបានថតកាលពីខែកក្កដា ឆ្នាំ២០២២ បង្ហាញអំពីរណ្តៅជ្រៅៗនៅលើផ្ទៃភពអង្គារ និងជាពិសេសគឺអតីតអាងទឹក Argyre Basin ដែលស្ថិតនៅតំបន់ខាងឆ្វេង នៃផ្នែកខាងក្រោមភព។ សម្រាប់រណ្តៅនានាក្នុងរូបភាពទី ១ ហាក់ដូចជាពោពេញដោយអ័ព្ទនៃបរិយាកាស ខណៈជ្រលងដ៏វែង និងជ្រៅបំផុតលើភពអង្គារ «Valles Marineris» ដែលស្ថិតនៅក្បែរតំបន់ខាងឆ្វេង នៃផ្នែកខាងលើរបស់រូបភាពទី ១ គឺពោពេញដោយពពក។
យោងតាមទិន្នន័យពីអង្គការ NASA នៅរដូវក្តៅលើភពអង្គារ គឺជាពេលដែលសីតុណ្ហភាពកើនឡើង ហើយកាតឹបទឹកកក នៅប៉ូលខាងត្បូងនឹងរលាយ ដែលនឹងបង្កឲ្យកាបូនឌីអុកស៊ីតអណ្តែតឡើងលើ នាំឲ្យបរិយាកាសភពនេះកាន់តែក្រាស់។ ផ្កាយរណប MAVEN ដែលបានទៅដល់ភពអង្គារកាលពីឆ្នាំ ២០១៤ នោះក៏បានរកឃើញផងដែរ នូវការបាត់បង់ម៉ូលេគុលអ៊ីដ្រូសែនយ៉ាងឆាប់រហ័សជាងមុន ចេញពីភពអង្គារនៅគ្រាដែលវាទៅដល់នោះ ព្រោះតែឥទ្ធិពលនៃព្យុះធូលី ដែលបានរុញច្រានចំហាយទឹក ទៅកាន់រយៈកម្ពស់ខ្ពស់បំផុតនៃបរិយាកាស។
សម្រាប់រូបភាពភពអង្គារទី ២ (ស្តាំដៃ)៖ ត្រូវបានថតនៅខែមករា ឆ្នាំ ២០២៣ ដោយចាប់យកទិដ្ឋភាពនៃអឌ្ឍគោលខាងជើង នៅក្នុងទម្រង់ពន្លឺ ultraviolet បន្ទាប់ពីភពអង្គារបានឆ្លងកាត់ ចំណុចឆ្ងាយបំផុតក្នុងគន្លងជុំវិញព្រះអាទិត្យ ហើយយើងឃើញមានពពកពណ៌សជាច្រើន នៅតំបន់ជុំវិញប៉ូលខាងជើង។ ការប្រមូលផ្តុំនៃអូហ្សូន (ozone) ក៏អាចត្រូវបានគេមើលឃើញ នៅផ្នែកខាងលើនៃរូបភព (មានពណ៌ស្វាយ) នោះផងដែរ ដោយ ozone ទាំងនោះបានកកើតឡើង ក្នុងអំឡុងរាត្រីនៃតំបន់ប៉ូលដ៏ត្រជាក់ អំលុងរដូវរងានៅអឌ្ឍគោលភាគខាងជើង។ ទោះជាយ៉ាងណា ការកើនឡើងនៃចំហាយទឹកនៅរដូវបន្ទាប់ នឹងបំផ្លាញវត្តមានរបស់អូហ្សូន នៅអឌ្ឍគោលខាងជើងនេះវិញ។
គួរបញ្ជាក់ថា បេសកកម្មផ្កាយរណប MAVEN របស់ NASA នឹងប្រារព្ធខួប ១០ឆ្នាំរបស់ខ្លួនក្នុងការបាញ់បញ្ជូនទៅភពអង្គារ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ និងការចូលទៅក្នុងគន្លងនៃភពអង្គារ នៅខែកញ្ញា ឆ្នាំ ២០១៤៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣)