(អាមេរិក)៖ នេះពុំមែនជាឆ្នាំដំបូងឡើយ ដែលមានពាក្យចចាមអារ៉ាមលេចឡើងថា ទីភ្នាក់ងារអវកាសអាមេរិក NASA ទទួលស្គាល់ថា ភពផែនដីនឹងមានថ្ងៃដែលងងឹតសូន្យឈឹងចំនួន ១៥ថ្ងៃ នៅពេលណាមួយ ដោយពាក្យចចាមអារ៉ាមចុងក្រោយបំផុត បានអះអាងថា ផែនដី នឹងទទួលរងការងងឹតសូន្យសុងតែម្តង ក្នុងរយៈពេល ១៥ថ្ងៃនៅអំឡុងខែវិច្ឆិកាខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ www.al.com នៅរសៀលថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។
ពាក្យចចាមអារ៉ាមនាឆ្នាំនេះ បានអះអាងដូច្នេះថា «អង្គការ NASA ទទួលស្គាល់ថា ផែនដីរបស់យើង នឹងទទួលការងងឹតសូន្យឈឹងរយៈពេល ១៥ថ្ងៃនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយរាប់ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០។ បើតាមការឃ្លាំមើលយ៉ាងដិតដល់ ក្រុមតារាវិទូមកពី NASA បានបញ្ជាក់ថាបាតុភូតនេះនឹងចាប់ផ្តើមនៅម៉ោង ៣៖០០នាទី ទាបភ្លឺថ្ងៃទី១៥ ខែវិច្ឆិកាហើយនឹងបន្តរហូតដល់ម៉ោង ៤៖៤៥នាទីល្ងាចថ្ងៃទី៣០ ខែដដែល។ បាតុភូតងងឹងសូន្យឈឹងនេះ គឺបង្កឡើងដោយព្រឹត្តិការណ៍តារាសាស្រ្ត នៅចន្លោះភពព្រហស្បតិ៍ (Jupiter) និងភពសុក្រ (Venus)»។
យ៉ាងណាមិញ រឿងនេះគ្រាន់ជារឿងកុហកបំផុសបំផុលប៉ុណ្ណោះ ហើយវាពុំមែនជាអ្វីដែលថ្មីថ្មោងឡើយ។ ពាក្យចចាមអារ៉ាមនេះ ត្រូវបានគេប្រទះឃើញជាលើកដំបូង នៅលើវែបសាយព័ត៌មានបោកប្រាស់មួយចំនួន កាលពីឆ្នាំ២០១៥ ហើយក៏ត្រូវបានមនុស្សម្នានាំគ្នា ធ្វើការចែកចាយតៗគ្នាភ្លាមៗនៅលើប្រព័ន្ធបណ្តាញសង្គម។ ហើយវាក៏បានលេចឡើងម្តងទៀតកាលពីឆ្នាំ២០១៦ មុននឹងផុសឡើងជាថ្មីកាលពីខែសីហាកន្លងទៅ ក្រោយពីមានបាតុភូតសូរ្យគ្រាសដ៏កម្រនៅសហរដ្ឋអាមេរិក «The Great American Eclipse» ដែលបានជះស្រមោលព្រះច័ន្ទឆ្លងកាត់ពីចុងម្ខាង ទៅចុងម្ខាងទៀតនៃទឹកដីអាមេរិក។
គួរបញ្ជាក់ថា រឿងបោកប្រាស់ខាងលើនេះ ត្រូវបានវែបសាយជំនាញ Snopes.com និងក្រុមអ្នកវិទ្យាសាស្រ្ត ចេញមុខបកអាក្រាតជាច្រើនលើករួចទៅហើយ ក៏ប៉ុន្តែនៅតែមានអ្នកយកមកធ្វើការផ្សព្វផ្សាយ ក៏ដូចជាចែកចាយបន្ត ក្នុងន័យចង់បង្កភាពភ័ន្តច្រឡំ ហើយមនុស្សមួយចំនួនក៏បានជឿថែមទៀត។ ម៉្យាងវិញទៀត អង្គការ NASA ក៏ពុំបានបញ្ជាក់ទទួលស្គាល់ថា មានបាតុភូតងងឹងសូន្យឈឹងរយៈពេល ០២សប្តាហ៍ នៅខែវិច្ឆិកាខាងមុខនេះ ឬក៏នៅថ្ងៃអនាគតណាមួយដែរ៕