(បរទេស)៖ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA បានបញ្ចេញរូបភាពថ្មីៗរបស់ភពសៅរ៍ (Saturn) ជាលើកដំបូង ក្រោយពីត្រូវបានផ្តិតយកកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។ ពីដំបូងឡើយនៅថ្ងៃទី២៨ ខែមិថុនា ការបញ្ចេញត្រូវបានធ្វើឡើងជាលក្ខណៈសខ្មៅ ដែលនោះមានន័យថា វាជាទម្រង់រូបភាពដើម (raw image) ដែលមិនទាន់មានការកែច្នៃអ្វីទាំងអស់ ខណៈនៅថ្ងៃទី៣០ ខែមិថុនា ទើបរូបភាពកែតម្រូវពណ៌រួច ត្រូវបានចេញផ្សាយជាសាធារណៈ។
ការផ្តិតរូបភាពភពសៅរ៍ ក្នុងទម្រង់ពណ៌ដូចក្នុងរូបភាពផ្លូវការខាងក្រោមនេះ គឺជាការបង្ហាញឲ្យឃើញនូវ ពន្លឺក្រហមអាំងហ្វ្រា (infrared light) ដែលប្រព័ន្ធភពឧស្ម័នយក្សនេះបានបញ្ចេញ ហើយបើតាមភាពជាក់ស្តែង មានតែបណ្តុំខ្សែក្រវាត់ (Rings) របស់ភពសៅរ៍ប៉ុណ្ណោះ ដែលបានបញ្ចេញពន្លឺ ខណៈខ្លួនភពសៅរ៍ទាំងមូលវិញ មើលទៅងងឹតខ្លាំង។ នេះជាការសម្លឹងមើលពន្លឺក្រហមអាំងហ្វ្រា ដោយឧបករណ៍ NIRCam របស់ James Webb ដែលមានន័យថា ភ្នែកមនុស្សមិនអាចមើលចេញបែបនេះឡើយ។
ការផ្តិតរូបភាពពន្លឺ Infrared ពីប្រព័ន្ធភពសៅរ៍ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងកម្រិត filter F323N (៣.២៣មីក្រុង) ដែលជាមូលហេតុនាំឲ្យ Rings របស់ភពសៅរ៍បញ្ចេញពន្លឺខ្លាំងជាងភពរបស់ខ្លួន ព្រោះតែ Rings ទាំងនោះពោពេញដោយដុំថ្ម និងទឹកកក ដែលសុទ្ធសឹងតែអាចមានចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យ ឲ្យទៅកាន់ទីអវកាសវិញ។ សម្រាប់ខ្លួនភពសៅរ៍ ដែលបែរជាងងឹតវិញនោះ ព្រោះបរិយាកាសភពឧស្ម័នយក្សនេះ គ្របដណ្តប់ដោយ មេតាន (methane) ដែលអាចស្រូបយកពន្លឺព្រះអាទិត្យចូលទៅក្នុងបរិយាកាស និងគ្មានកម្តៅអ្វីឲ្យឧបករណ៍ចាប់ពន្លឺ Infrared របស់ James Webb ផ្តិតបាននោះឡើយ។
ការផ្តិតរូបភាពភពសៅរ៍ ក្នុងទម្រង់ប្លែកបែបនេះ គឺស្ថិតនៅក្នុងកម្មវិធីមួយរបស់ James Webb ដើម្បីផ្តិតរូបភាពប្រព័ន្ធភពសៅរ៍ដ៏ស្មុគស្មាញ ក្នុងលក្ខណៈ deep exposure ខ្លាំង ដើម្បីឧបករណ៍ NIRCam របស់តេឡេស្កូបនេះ អាចមើលឃើញនូវព្រះចន្ទនានា (យើងអាចឃើញមានដូចជា Dione, Enceladus និង Tethys ជាដើម) ដែលបញ្ចេញពន្លឺស្រាលបំផុតនៅជុំវិញភពនេះផង និងរចនាសម្ព័ន្ធនៃបណ្តុំ Rings ដ៏ភ្លឺចែងចាំំងនោះផង។
ទោះបីជាយានអវកាស កាស្ស៊ីនី (Cassini) បានទៅដល់ភពសៅរ៍ និងផ្តិតរូបភាពដ៏អស្ចារ្យជាច្រើន ដែលបង្ហាញពីរចនាសម្ព័ន្ធ Rings និងបរិយាកាសផ្នែកខាងក្រៅ នៃភពសៅរ៍យ៉ាងលម្អិតរួចហើយមែន តែការផ្តិតយកពន្លឺ Infrared ដោយ James Webb ពេលនេះ នឹងធ្វើឲ្យការសិក្សាអំពីភពសៅរ៍ កាន់តែមានភាពស៊ីជម្រៅ ជាពិសេសទៅលើការប្រែប្រួលនៃរដូវរវាងអឌ្ឍគោលខាងជើង និងអឌ្ឍគោលខាងត្បូង៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣)