ចិនបង្កើតស្នាដៃថ្មីទៀត ពាក់ព័ន្ធដែនម៉ាញេទិចភពព្រះអង្គារ តាមរយៈបេសកកម្ម «ធានវិន១»

(បរទេស)៖ រ៉ូបូត ជូយ៉ុង (Zhurong) នៃបេសកកម្ម ធានវិន១ (Tianwen-1) របស់ប្រទេសចិន បានស្ថិតនៅលើភពអង្គារ (Mars) រយៈពេលជាង ២ឆ្នាំហើយ (គិតតាមពេលវេលាលើផែនដី) ដោយវាបានចុះទៅដល់តំបន់ Utopia Planitia នៃអឌ្ឍគោលខាងជើងភពក្រហមនោះ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ប៉ុន្តែការធ្វើប្រតិបត្តិការរបស់វា បានជាប់គាំងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដោយសារតែរដូវរងា និងព្យុះខ្សាច់ខ្លាំងជាងការព្យាករណ៍របស់ក្រុមអ្នកវិទ្យាសាស្ត្រចិន។

ទោះជាបែបនេះក្តី រ៉ូបូត Zhurong បានចល័តលើផ្ទៃភពអង្គារ ក្នុងរយៈចម្ងាយជាង ១គីឡូម៉ែត្រ (១,១៩៤ម៉ែត្រ) រួចទៅហើយ មុននឹងវាជាប់គាំងនោះ ហើយក៏ជាការសម្រេចស្នាដៃលើសពីផែនការស្នូល ដែលត្រូវបានគ្រោងទុកដែរ។ ចំណុចសំខាន់១ ដែល Zhurong បានធ្វើអំលុងពេលនេះ គឺការអង្កេតលើ «ដែនម៉ាញេទិច (magneticfield)» ដ៏ក្សត់ខ្សោយនៃភពស្ថិតលេខរៀងទី ៤ ក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ ហើយក៏បានប្រមូលយកទិន្នន័យសំខាន់ៗជាងច្រើនផងដែរ។

រ៉ូបូត Zhurong និងជើងទម្រងចុះចត (Lander) របស់ Tianwen-1 (រូបភាពី CNSA)

យោងតាមបណ្ឌិតសភាវិទ្យាសាស្ត្រចិន (Chinese Academy of Science ឬ CAS) បានឲ្យដឹងនៅដើមខែកក្កដា ឆ្នាំ២០២៣ នេះថា «ឥទ្ធិពលម៉ាញេទិច (ភពអង្គារ) ពិតជាខ្សោយខ្លាំងណាស់ នៅពីក្រោមតំបន់ដែលរ៉ូបូត Zhurong ធ្វើប្រតិបត្តិការ»។ លទ្ធផលសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិននេះ ក៏ត្រូវបានចុះផ្សាយផងដែរនៅក្នុង កាសែតអន្តរជាតិ Nature Astronomy

ការអង្កេតនៃបេសកកម្ម Zhurong បាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ខណៈដែលភពអង្គារត្រូវបានគេជឿជាក់ថា មិនបញ្ចេញខែលម៉ាញេទិចពីក្នុងស្នូល (magnetosphere) ទៀតនោះ មានភស្តុតាងថ្មីមួយបានបង្ហាញថា ភពនេះធ្លាប់បានបញ្ចេញខែលម៉ាញេទិចនេះ កាលពីរយៈពេល ៤ពាន់លានឆ្នាំមុន។ ភស្តុតាងអំពីការធ្លាប់មាន ខែម៉ាញេទិចរបស់ភពអង្គារនោះ ត្រូវបានបង្កកទុកនៅក្នុងសំបក (crust) របស់ភពក្រហមនោះ ដែលនៅតែដើរតួជាខែលម៉ាញេទិចដ៏ខ្សោយ សាយភាយពាសពេញផ្ទៃភពអង្គារនៅឡើយ។

ដាននៃខែលម៉ាញេទិចភពអង្គារ (រូបភាពពីបរទេស)

កន្លងមក ឧបករណ៍អង្កេតភពអង្គារដូចជា Mars Global Surveyor (MGS) និង Mars Atmosphere and Volatile EvolutioN (MAVEN) របស់អង្គការ NASA នៃសហរដ្ឋអាមេរិក ព្រមទាំងយាន InSight ផងដែរ ក៏សុទ្ធតែធ្លាប់រកឃើញដាននៃដែនម៉ាញេទិចភពអង្គារផងដែរ ក្នុងនោះយាន InSight បានបំពាក់ឧបករណ៍តាមដាន ឥទ្ធិពលម៉ាញេទិច (fluxgate magnetometer) ចំនួន ១គ្រឿង ដើម្បីតាមដានភស្តុតាងនៃឥទ្ធិពលម៉ាញេទិចតែ ១ទីតាំងប៉ុណ្ណោះ នៅក្នុងតំបន់ Elysium Planitia ដែលវាឈរជើង។

សម្រាប់ Zhurong វិញ គឺជាគ្រឿងយន្តដំបូងរបស់មនុស្ស ដែលត្រូវបានបញ្ជូនទៅចុះចតលើផ្ទៃភពអង្គារ ដោយមានបំពាក់ឧបករណ៍តាមដាន ឥទ្ធិពលម៉ាញេទិច (fluxgate magnetometers) ចំនួន ២ ដែលបានតាមដានភស្តុតាងនៃឥទ្ធិពលម៉ាញេទិចចំនួន ១៦ទីតាំង នៅលើចម្ងាយផ្លូវ ១,០៨៩ម៉ែត្រ ដែលវាបានចល័តនៅក្នុងតំបន់ Utopia Planitia ដែលមានចម្ងាយប្រមាណ ២,០០០គីឡូម៉ែត្រពីទីតាំងរបស់យាននៅស្ងៀម «InSight»។

ឧបករណ៍សំំខាន់ៗលើយាន Insight (រូបភាពពីបរទេស)

យ៉ាងណាក៏ដោយ លទ្ធផលតាមដានដែលឧបករណ៍ magnetometers របស់ Zhurong ចាប់បាន គឺផ្ទុយទៅនឹងលទ្ធផលដែលទទួលបានពីយាន InSight។ លទ្ធផលពី Zhurong បង្ហាញថា សំបកពីក្រោមតំបន់ Utopia Planitia នោះ បានបញ្ចេញឥទ្ធិពលម៉ាញេទិចដ៏ខ្សោយ ចាប់តាំងពីវាបានកកើតឡើងមកម្ល៉េះ (កាលពី ៤ពាន់លានឆ្នាំកន្លងទៅ) ឬមួយក៏វាបានបាត់បង់ឥទ្ធិពលម៉ាញេទិច ពេលមានវត្ថុអវកាសទំហំប្រហាក់ប្រហែលភពអង្គារ បានបុកចំភពនេះនៅពេលក្រោយពីនោះទៀត។

គួរបញ្ជាក់ថា ការយល់ដឹងអំពីពេលវេលាជាក់លាក់ ដែលភពអង្គារបាត់បង់ខែលម៉ាញេទិច ពិតជាសំខាន់ណាស់ ដើម្បីគាំទ្រដល់បេសកកម្មស្វែងរកដាននៃជីវិត និងការអំពីការបាត់បង់ទឹក ឬមួយក៏ជីវិតដែលអាចកើតមានកាលពីអតីតកាលលើភពនោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ INVERSE (ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣)

Comments (0)
Add Comment