(បរទេស)៖ លទ្ធផលនៃការសិក្សាថ្មីចុងក្រោយត្រូវបានប្រកាសឲ្យដឹងថា យានស្រាវជ្រាវ Perseverance របស់អង្គការ NASA បានរកឃើញម៉ូលេគុលសរីរាង្គចម្រុះ (diverse menagerie of organic molecules) នៅក្នុងអតីតបឹងស្តុកទឹកឈ្មោះ «Jezero» ដែលយានកង់ ៦ មួយនេះកំពុងស្ថិតនៅ។ សមាសធាតុសរីរាង្គ (Organic compounds) គឺជាម៉ូលេគុលដែលផ្សំឡើងជាចម្បងដោយ កាបូន (Carbon) ហើយពេលខ្លះពួកវាក៏អាចមានរួមបញ្ចូល សមាសធាតុផ្សេងៗទៀតដែរដូចជា អ៊ីដ្រូសែន (hydrogen), អុកស៊ីសែន (oxygen), នីដ្រូសែន ឬ អាសូត (nitrogen), ផូស្វ័រ (phosphorus) និងស្ពាន់ធ័រ ឬស៊ុលផួ (sulfur)។
កន្លងមកនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ ប្រភេទម៉ូលេគុលសរីរាង្គមួយចំនួនដែរ នៅក្នុងដុំថ្មដែលមានប្រភពដើមពីភពព្រះអង្គារ (តាមរយៈអាចម៍ផ្កាយដែលបានបុកភពព្រះអង្គារ ហើយកម្ទេចកម្ទីនៃដុំថ្មភពអង្គារមួយចំនួន បានរសាត់អណ្តែតមកធ្លាក់នៅលើភពផែនដី) ព្រមទាំងនៅក្នុងរណ្តៅ ហ្គែល (Gale Crater) របស់ភពអង្គារផ្ទាល់ ដែលយានស្រាវជ្រាវ Curiosity របស់អង្គការ NASA បាននិងកំពុងរុករកដាននៃជីវិតតាំងតែពីឆ្នាំ ២០១២ មកម្ល៉េះ។
ជុំវិញលទ្ធផលសិក្សាថ្មីនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រភពផែនដីមួយរូបឈ្មោះ Sunanda Sharma មកពីវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋកាលីហ្វ័រញ៉ានៅទីក្រុង ផាសេដេណា (Pasadena) បានប្រាប់សារព័ត៌មាន SPACE ថា «ពួកវា (សម្តៅលើសមាសធាតុសរីរាង្គលើភពអង្គារ) ជាតម្រុយដ៏គួរឱ្យរំភើប សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ចាប់តាំងពីត្រូវបានគេសន្និដ្ឋានថា ជាមូលដ្ឋាននៃការកកើតជីវិតនោះមក…»។
យ៉ាងណាក៏ដោយ លោកស្រី Sharma ក៏បានប្រាប់កុំឲ្យគ្រប់គ្នាឆាប់រំភើបពេកនោះដែរ ព្រោះពពួក organic compounds ដែលត្រូវបានរកឃើញកាន់តែច្រើន នៅលើភពអង្គារនោះ ក៏អាចត្រូវបានបង្កើតឡើងដោយដំណើរធម្មជាតិ ដែល «មិនពាក់ព័ន្ធនឹងជីវិត» បានដែរ។ លោកស្រីបានសង្កត់ធ្ងន់ទៀតថា មានតែការសិក្សា និងស្វែងរកភស្តុតាងបន្តទៀតប៉ុណ្ណោះ ទើបយើងអាចសន្មត់ជាផ្លូវការថា តើសមាសធាតុសរីរាង្គទាំងនោះ ត្រូវបានបង្កើតឡើងដោយរបៀបណា។
ក្រុមការងាររបស់លោកស្រី Sharma បានធ្វើការសិក្សាកន្លងមកនេះ ដោយយោងទៅលើទិន្នន័យ ទទួលបានពីយានស្រាវជ្រាវភពអង្គារ Perseverance ដែលបានចុះទៅដល់រណ្តៅ Jezero កាលពីខែកុម្ភៈ ឆ្នាំ២០២១។ អង្គការ NASA បានជ្រើសយករណ្តៅ Jezero ជាទីតាំងចុះចតយាន Perseverance ព្រោះវាជាអតីតបឹងស្តុកទឹកដ៏ធំមួយពីអតីតកាល ហើយក៏ត្រូវបានគេជឿជាក់ថា អាចជាទីតាំងដ៏ល្អជាងគេដែលជីវិតធ្លាប់កកើត កាលពីអតីតកាលលើភពក្រហមនោះផងដែរ។
ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងទៀតថា បាតរណ្តៅ Jezero មានដីឥដ្ឋ និងសារធាតុរ៉ែផ្សេងទៀត ដែលអាចរក្សាទុកសមាសធាតុសរីរាង្គនៅក្នុងនោះ។ សម្រាប់ទិន្នន័យទាំងអស់នេះ គឺទទួលបានមកពីឧបករណ៍ SHERLOC (Scanning Habitable Environments with Raman and Luminescence for Organics and Chemicals) នៅលើយាន Perseverance ដែលអាចវិភាគដឹងអំពីបរិស្ថានទ្រទ្រង់ជីវិត និងចំណុចដែលអាចមានផ្ទុកសារធាតុគីមី និងសមាសធាតុសរីរាង្គនានា នៅបាតរណ្តៅ Jezero នោះបាន។
គួរបញ្ជាក់ថា ឧបករណ៍ SHERLOC បានប្រមូលយកទិន្នន័យពីបណ្តុំថ្មចំនួន ២ ឈ្មោះ ម៉ាអាស (Máaz) និង សៃតាហ៍ (Séítah) ដ៏គួរឲ្យចាប់អារម្មណ៍នៅបាតរណ្តៅ Jezero ហើយក្រុមការងារលោកស្រី Sharma បានតម្រូវឲ្យឧបករណ៍របស់ Perseverance ធ្វើការខួងចំនួន ១០ចំណុច ដ៏គួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីការឆ្លុះមើលដោយពន្លឺស្វាយអ៊ុលត្រា (ultraviolet light) ទៅលើទីតាំងទាំងពីរនោះ។ នៅទីបំផុតក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា សមាសធាតុសរីរាង្គ បានកកជាប់ក្នុងផ្ទាំងថ្មបាតបឹងនោះអស់រយៈពេល ២.៣ – ២.៦ពាន់លានឆ្នាំមកហើយ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣)