វាបានគោចរមកកៀកផែនដីជាងព្រះចន្ទ៣ដង! តែ២ថ្ងៃក្រោយកើតហេតុ ទើបអ្នកវិទ្យាសាស្ត្រដឹង (មានវីដេអូ)

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រទើបបង្ហើបឲ្យដឹងថា អាចម៍ផ្កាយមួយបានហោះកាន់ផែនដី ក្នុងល្បឿន ៨៦,០០០គីឡូម៉ែត្រក្នុង១ម៉ោង ហើយនៅក្នុងគម្លាតកៀកភពផែនដី ជាងព្រះចន្ទទៅទៀតកាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែរហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ឯណោះ (២ថ្ងៃបន្ទាប់) ទើបពួកគេបានដឹងរឿងនេះ។ សំណាងល្អដែលមិនមានរឿងអ្វីកើតឡើង ហើយក្រុមអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះឲ្យ អាចម៍ផ្កាយថ្មីនេះថា «2023 NT1»។

បើតាមទិន្នន័យពីអង្គការ NASA អាចម៍ផ្កាយ 2023 NT1 នេះមានមុខកាត់ ៦០ម៉ែត្រ (ស្មើនឹងអគារកម្ពស់ ២០ជាន់)។ សម្រាប់មូលហេតុដែលតេឡេស្កូប យ៉ាងច្រូងច្រាងលើផែនដី មិនអាចចាប់បានសកម្មភាពរបស់វា ពេលកំពុងហោះសំដៅមកកៀកផែនដីទាន់ពេលនោះ គឺព្រោះតែអាចម៍ផ្កាយមួយនេះ គោចរមកពីទិសដៅរបស់ព្រះអាទិត្យ ហើយតេឡេស្កូបទាំងអស់មិនអាចថតបញ្ច្រាសពន្លឺព្រះអាទិត្យបានឡើយ ហេតុដូច្នេះទើបនៅរយៈពេល ២ ថ្ងៃ ក្រោយវាគោចរកាត់ផែនដីរួច ក្នុងគម្លាតតែ ១ ភាគ ៣ នៃគម្លាតរបស់ព្រះចន្ទ និងផែនដីនោះ ទើបពួកគេអាចចាប់ដានរបស់វាបាន តាមរយៈតេឡេស្កូប ATLAS នៅប្រទេសអាហ្វ្រិកខាងត្បូង និងតេឡេស្កូបផ្សេងៗទៀត។

គន្លងគោចរនៃអាចម៍ផ្កាយ 2023 NT1 (រូបភាពពីបរទេស)

យោងតាមក្រុមអ្នកជំនាញ ទោះបីជា 2023 NT1 បានមក surprise ពួកគេខ្លាំងក៏ពិតមែន តែទំហំរបស់អាចម៍ផ្កាយនេះមិនត្រូវបានចាត់ទុកថា ជាវត្ថុអវកាសដែលអាចបង្កគ្រោះធ្ងន់ធ្ងរ ដល់មនុស្សលើភពផែនដីនោះឡើយ។ អង្គការ NASA នៅតែប្រកាន់ខ្ជាប់នូវលទ្ធផលសិក្សារបស់ខ្លួន ដែលត្រូវបានបញ្ចេញកាលពីឆ្នាំ២០២១ នោះថា ផែនដីនឹងមានសុវត្ថិភាពពីអាចម៍ផ្កាយគ្រោះថ្នាក់ខ្នាតតូច នៅរយៈពេល ១០០ឆ្នាំទៅមុខ និងយ៉ាងហោចណាស់ពីពពួកអាចម៍ផ្កាយធំៗនៅរយៈពេល ១,០០០ឆ្នាំខាងមុខ។

រូបតំណាង (រូបភាពពីបរទេស)

ទោះជាយ៉ាងណាក៏ដោយ គ្រប់គ្នាក៏មិនត្រូវភ្លេចនោះដែរថា អាចម៍ផ្កាយដែលធ្លាក់ចូលក្នុងបរិយាកាសផែនដី និងផ្ទុះបែកនៅក្នុងដែនអាកាសនៃទីក្រុង Chelyabinsk ប្រទេសរុស្ស៊ី កាលពីអំលុងខែកុម្ភៈ ឆ្នាំ២០១៣នោះ មានមុខកាត់តែ ១៨ម៉ែត្រប៉ុណ្ណោះ ហើយវាបានបណ្តាលឲ្យមនុស្សជិត ១,៥០០នាក់រងរបួស និងអគារជាច្រើនរងការខូចខាត (មិនមានមនុស្សស្លាប់ទេ)។ អ្វីដែលសំខាន់ផងដែរនោះ ការមកដល់នៃអាចម៍ផ្កាយ Chelyabinsk នោះ មិនមានសញ្ញាប្រកាសអាសន្នជាមុនសូម្បីតែបន្តិច៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/Live Science

Comments (0)
Add Comment