(បរទេស)៖ តេឡេស្កូបអវកាស James Webb ដែលកំពុងស្ថិតក្នុងការគ្រប់គ្រងដោយ អង្គការ NASA, ESA និង CSA ទើបតែបានឆ្លុះមើលប្រព័ន្ធផ្កាយវ័យក្មេងមួយឈ្មោះ PDS 70 ដែលស្ថិតនៅចម្ងាយជិត ៤០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ ៩.៤៦ទ្រីលានគីឡូម៉ែត្រ) និងបានរកឃើញវត្តមាន ចំហាយទឹក (water vapor) នៅក្នុងរង្វង់ឌីសធូលី-ឧស្ម័នផ្នែកខាងក្នុង (inner disk) ហើយប្រការនេះក៏កំពុងផ្តល់ជាក្តីចម្ងល់ធំមួយផងដែរ។
តើចម្ងល់នោះជាអ្វី? បើតាមការបកស្រាយរបស់ក្រុមអ្នកជំនាញ ចម្ងល់គឺទៅលើ «ប្រភពដើមនៃចំហាយទឹកទាំងអស់នោះតែម្តង» ខណៈរង្វង់ឌីសដែលផ្ទុកចំហាយទឹកនោះ ស្ថិតនៅចម្ងាយខ្ទង់ ១៧០លានគីឡូម៉ែត្រ ពីផ្កាយក្មេង PDS 70 ដែលកំពុងស្ថិតនៅក្នុងដំណាក់កាល កកើតប្រព័ន្ធក្តៅៗនៅឡើយនោះ។
តាមពិតទៅ ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់រំពឹងថា ការរកឃើញវត្តមានទឹក គឺសមតែនៅតំបន់នៅជាយៗ (outer disk) របស់ពពួកផ្កាយកំពុងចាប់កំណើតប៉ុណ្ណោះ ប៉ុន្តែសម្រាប់ករណី PDS 70 នេះវិញ គឺជារឿងថ្មី។ ក្រុមអ្នកវិទ្យាសាស្ត្រដែលបានប្រើប្រាស់ James Webb ដើម្បីឆ្លុះមើលប្រព័ន្ធផ្កាយល្បីឈ្មោះខាងលើនេះ បានធ្វើការសន្និដ្ឋាន ២ចំណុច អំពីប្រភពដើមរបស់ចំហាយទឹកទាំំងនោះដូចខាងក្រោម៖
ទី១៖ ចំហាយទឹកទាំងនោះ អាចកើតចេញពីឧស្ម័នអ៊ីដ្រូសែន (hydrogen) និង អុកស៊ីហ្សែន (oxygen) រួមបញ្ចូលគ្នា។
ទី២៖ ចំហាយទឹកអាចកើតមានឡើងនៅ ម៉ូលេគុលទឹកកក (ice) ដែលកប់ក្នុងភាគល្អិតនៃធូលី (dust particles) ត្រូវបានបញ្ជូនពីតំបន់រង្វង់ឌីសផ្នែកខាងក្រៅ (outer disk) ទៅកាន់តំបន់រង្វង់ឌីសផ្នែកខាងក្នុង (inner disk), ជាកន្លែងដែលទឹកកកត្រូវរំលាយទៅជាទឹក រួចបន្ទាប់មកទៀតក៏ក្លាយជាចំហាយដោយសារកម្តៅ។ តែការបញ្ជូនបែបនេះ ក៏នាំឲ្យគេចោទជាសំនួរមួយទៀត អំពីរបៀបនៃដំណើរការរបស់វាផងដែរ ព្រោះវាតម្រូវឲ្យមានការឆ្លងកាត់ ចម្ងាយដ៏ឆ្ងាយរវាងតំបន់ outer disk និង inner disk នោះ។
សម្រាប់ចម្ងល់មួយទៀតនោះ គឺថាតើចំហាយទឹកទាំងអស់នោះ អាចរក្សាវត្តមានបានដូចម្តេច បើពួកវាស្ថិតនៅកៀកផ្កាយ PDS 70 ដ៏ក្តៅគគុកនោះ ខណៈពន្លឺស្វាយអ៊ុលត្រា (ultraviolet light) របស់ផ្កាយនេះ អាចបំបែកម៉ូលេគុលទឹកទាំងនោះឲ្យខ្ទេចខ្ទីបាន។ សម្រាប់ចម្លើយបឋមចំពោះចម្ងល់នេះ គឺវាទំនងជាអាចមានរង្វង់នៃវត្ថុធាតុនានា នៅពីមុខរង្វង់ឌីសផ្នែកខាងក្នុង inner disk ដែលចំហាយទឹកកំពុងមានវត្តមាននោះទៀត ដែលអាចជាខែលការពារវត្តមានរបស់ចំណាយទឹកទាំងនោះ។
គួរបញ្ជាក់ថា ប្រព័ន្ធផ្កាយ PDS 70 នេះទើបតែមានអាយុប្រមាណខ្ទង់ ៥លានឆ្នាំប៉ុណ្ណោះ ដែលនេះពិតស្ថិតក្នុងវ័យកុមារភាពមួយ បើធៀបនឹងព្រះអាទិត្យយើងដែលមានអាយុខ្ទង់ ៤.៦ពាន់លានឆ្នាំនោះ។ ចំណុចសំខាន់ៗដ៏គួរឲ្យចាប់អារម្មណ៍របស់ប្រព័ន្ធផ្កាយ PDS 70 នេះ គឺវាមានភពចំនួន ២ កំពុងរីកធំធាត់ឡើងនៅក្នុងវង្វង់ឌីសធូលី និងឧស្ម័ន (planetary disk) ដោយភពទី១មានឈ្មោះថា PDS 70b និងភពទី២ឈ្មោះ PDS 70c។
អ្វីដែលកាន់តែពិសេសចំពោះភពទាំង ២ នេះ គឺកាលអំលុងខែកក្កដា ឆ្នាំ២០២១ ក្រុមតារាវិទូបានរកឃើញវង្វង់ឌីសធូលី និងឧស្ម័ននៃព្រះចន្ទកំពុងកកើតជាក់ស្តែងនៅជុំវិញភព PDS 70c ដែលប្រការនេះពិតជាបានគាំទ្រទាំងស្រុង ចំពោះទ្រឹស្តីនៃការកកើតព្រះចន្ទរបស់ភពផែនដីយើងដែរ។ ឈានចូលមកដល់ខែកក្កដា ឆ្នាំ២០២៣ នេះតែម្តង ក្រុមតារាវិទូ NASA ក៏បានប្រកាសពីរបកគំហើញថ្មីពិសេសមួយទៀត នោះគឺភស្តុតាងដំបូងអំពី «ភពភ្លោះ» (Torjan ឬ Co-orbital Planet) ដែលជាភពស្ថិតក្នុងគន្លងជាមួយភព PDS 70b ដែរ ហើយប្រសិនបើភស្តុតាងនេះ មានអំណះអំណាងគាំទ្រពេញលេញនោះ ទ្រឹស្តីអំពី Trojan Planet ដែលត្រូវបានបង្កើតឡើងជាង ២០ឆ្នាំមកនេះ នឹងមាននូវឧទាហរណ៍ពិតជាក់ស្តែង៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣)