(បរទេស)៖ នាចុងខែកក្កដា ឆ្នាំ២០២៣ នេះ ប្រមុខដឹកនាំទីភ្នាក់ងារអវកាសរុស្ស៊ី លោក យូរី បូរីសូវ (Yuri Borisov) ចំពោះមុខកិច្ចប្រជុំកំពូល BRICS ដែលគ្រោងធ្វើឡើងនៅអាហ្វ្រិកខាងត្បូង បានជំរុញឲ្យប្រទេសប្រេស៊ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងផងដែរ ចូលរួមជាមួយខ្លួនក្នុងការកសាង បន្ទប់ម៉ូឌុល (module) រួមគ្នាមួយ ដើម្បីឆ្ពោះទៅរកការបង្កើតស្ថានីយអវកាស (Space Station) នៅថ្ងៃអនាគត។
ទីក្រុងម៉ូស្គូធ្លាប់បានប្រកាសកាលពីខែកក្កដា ឆ្នាំ២០២២ ថា ខ្លួននឹងចាកចេញពីស្ថានីយអវកាសអន្តរជាតិ (ISS) បន្ទាប់ពីឆ្នាំ២០២៤ ហើយងាកទៅកសាងស្ថានីយអវកាសដោយខ្លួនឯងវិញ។ ប៉ុន្តែក្រោយមកនៅអំលុងខែឧសភា ឆ្នាំ២០២៣ រុស្ស៊ីបានសម្រេច យល់ព្រមបន្តកិច្ចសហប្រតិបត្តិការនៅ ISS រហូតដល់ឆ្នាំ២០២៨ ខណៈអង្គការ NASA និងដៃគូមួយចំនួនទៀតដូចជា ជប៉ុន កាណាដា និងអង្គការអវកាសអឺរ៉ុប (ESA) ផងដែរ បានព្រមព្រៀងបន្តដំណើរការនៃ ISS ឲ្យដល់ឆ្នាំ ២០៣០។
សម្រាប់គម្រោងបង្កើត «ស្ថានីយអវកាស» របស់រុស្ស៊ីខាងលើនេះ មិនមែនជារឿងថ្មីនោះឡើយ ប៉ុន្តែការជំរុញឲ្យបណ្តាប្រទេសធំៗផ្សេងទៀតចូលរួមជាមួយខ្លួន នោះជាការបោះជំហានដ៏ធំមួយ បន្ទាប់ពីទីក្រុងម៉ូស្គូបានប្រកាសពីមហិច្ឆតានេះ កាលពីឆ្នាំ ២០២២ បន្ទាប់ពីបណ្តាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសម្រុកដាក់ទណ្ឌកម្មលើរុស្ស៊ី ព្រមទាំងបានផ្អាកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនផងដែរ ព្រោះតែការបង្កសង្គ្រាមឈ្លានពានលើប្រទេសអ៊ុយក្រែន។
ចំពោះអ្វីដែលអង្គការអវកាសរុស្ស៊ី ROSCOSMOS គ្រោងនឹងបង្កើតឡើងក្នុងដំណាក់កាលដំបូងនោះ គឺជាបន្ទប់ស្នូលនៃស្ថានីយអវកាសមានឈ្មោះថា ប្រព័ន្ធគោចររុស្ស៊ី (Russian Orbital System ឬ ROS) ដែលគ្រោងនឹងបញ្ជូនទៅកាន់ គន្លងគោចរជុំវិញភពផែនដី នៅអំលុងឆ្នាំ ២០២៧។ បន្ទាប់មកទៀត រុស្ស៊ីនឹងបញ្ជូន ម៉ូឌុល (module) ចំនួន ៤ បន្ទប់ទៀត ទៅផ្សាភ្ជាប់ជាមួយបន្ទប់ស្នូល ចាប់ពីឆ្នាំ ២០២៨ ដល់ ឆ្នាំ២០៣០៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ CNN (ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣)