(បរទេស)៖ អង្គការ NASA និងទីភ្នាក់ងារស្រាវជ្រាវបច្ចេកវិទ្យាទំនើប សម្រាប់វិស័យការពារជាតិ DARPA របស់សហរដ្ឋអាមេរិកនៅចុងខែកក្កដា ឆ្នាំ២០២៣នេះ បានឯកភាពគ្នាជ្រើសរើសយក ក្រុមហ៊ុនផលិតសព្វាវុធដ៏ល្បីល្បាញនោះគឺ Lockheed Martin ឲ្យទទួលបន្ទុកផលិត យានអវកាសបំពាក់ម៉ាស៊ីនរ៉ុក្កែតជំរុញល្បឿនដោយថាមពលនុយក្លេអ៊ែរ (nuclear thermal rocket engine) ខណៈក្រុមហ៊ុនមួយទៀតគឺ BWX Technologies នឹងក្លាយជាអ្នកផ្គត់ផ្គង់ម៉ាស៊ីនរ៉េអាក់ទ័រ (reactor) និងឥន្ធនៈ។
ប្រព័ន្ធដឹកជញ្ជូនថ្មីខាងលើនេះ មានឈ្មោះថា DRACO (Demonstration Rocket for Agile Cislunar Operations) ដែលស្ថិតក្នុងគោលដៅចម្បងបំផុតក្នុងការដឹកជញ្ជូនទំនិញ និងមនុស្សទៅកាន់ព្រះចន្ទ និងភពព្រះអង្គារ (Mars) ហើយអង្គការ NASA មានក្តីរំពឹងខ្ពស់ថា នៅឆ្នាំ ២០២៧ ខាងមុខនេះ បច្ចេកវិទ្យាដែលស្ថិតក្នុងគម្រោងការនេះ នឹងលេចនូវរូបរាងជាក់ស្តែង។
ចំពោះបច្ចេកវិទ្យាជំរុញល្បឿនដោយថាមពលនុយក្លេអ៊ែរ (Nuclear thermal propulsion ឬ NTP) ដូចខាងលើនេះ មានគុណសម្បត្តិគួរឲ្យកត់សម្គាល់មួយចំនួន ដែលលើសម៉ាស៊ីនរ៉ុក្កែតគីមីធម្មតា ដោយទី១៖ វាអាចជំរុញឲ្យយានអវកាស ធ្វើដំណើរក្នុងទីអវកាសបានកាន់តែឆ្ងាយ និងរហ័ស (លឿនជាងរ៉ុក្កែតធម្មតា ២ ទៅ ៥ដងឯណោះ) និងទី២៖ វាអាចឲ្យយានអវកាស សល់ចន្លោះទំនេរជាងការប្រើប្រាស់ រ៉ុក្កែតគីមីផ្សេងៗទៀត ដែលត្រូវការកន្លែងធំសម្រាប់ស្តុកឥន្ធនៈ។
បន្ថែមពីខាងលើនេះ វាក៏អាចជាជម្រើសបន្ថែម ពីលើគំនិតនៃបច្ចេកវិទ្យាពីមុន (ការបញ្ជូនយានទៅភពអង្គារហើយ មិនអាចបកត្រលប់មកផែនដីវិញ) នោះផងដែរ ព្រោះការប្រើយានអវកាសបំពាក់រ៉ុក្កែត-នុយក្លេអ៊ែរ នឹងងាយស្រួលឲ្យក្រុមអវកាសយានិក បញ្ជាយានឲ្យបកត្រលប់មកផែនដីវិញ យ៉ាងឆាប់រហ័សជាងការរំពឹងទុក។
គំនិតដូចដែលត្រូវបានរៀបរាប់ទាំងអស់នេះហើយ នឹងអាចឲ្យ NTP ក្លាយជាមធ្យោបាយដ៏ល្អជាងគេបំផុត សម្រាប់បម្រើការធ្វើដំណើរទៅកាន់ភពព្រះអង្គារ ព្រោះវាក៏នឹងជួយកាត់បន្ថយហានិភ័យឲ្យក្រុមអវកាសយានិក ក្នុងការប្រឈមមុខចំពោះធាតុវិទ្យុសកម្មដ៏កំណាច អំលុងពេលពួកគេធ្វើដំណើរនៅក្នុងទីអវកាសដ៏វែងឆ្ងាយនោះផងដែរ។
បើតាមក្រុមជំនាញ NASA និងដៃគូ ប្រព័ន្ធ បច្ចេកវិទ្យា NTP នេះនឹងប្រើប្រាស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដើម្បីដុតកម្តៅអ៊ីដ្រូសែនរាវ ឲ្យឡើងទៅដល់កម្រិតកម្តៅខ្ពស់ យ៉ាងឆាប់រហ័សបំផុត។ ឧស្ម័ននោះនឹងត្រូវបង្ហូរចូលទៅផ្នែកក្បាលរបស់ម៉ាស៊ីន ដែលនឹងបង្កើតឲ្យមានកម្លាំងរុញច្រានយានអវកាសដ៏ខ្លាំងក្លា។ ដោយឡែកប្រព័ន្ធសុវត្ថិភាពរបស់នាវាអវកាសនេះ ត្រូវបានគិតគូរ ដើម្បីរក្សាឲ្យបាននូវសុវត្ថិភាព និងការជឿទុកចិត្តក្នុងកម្រិតខ្ពស់ជាទីបំផុត៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/Engadget (ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣)