ធ្លាប់តែឃើញក្នុងគំនូរជីវចល ពេលនេះចេញទិដ្ឋភាពពិតហើយ នៅលើភ្នំភ្លើងអ៊ីតាលី (មានរូបភាព)

(រ៉ូម)៖ ចិញ្ច្រៀនផ្សែង ឬចិញ្ចៀនឧស្ម័ន (vortex rings) ប្រមាណជាង ១០រង្វង់ ត្រូវបានក្រុមអ្នកទស្សនាប្រទះឃើញ និងថតបានពីលើមាត់ភ្នំភ្លើង អ៊ែតណា (Mount Etna) នៅអំលុងចុងខែកក្កដា ឆ្នាំ២០២៣នេះ។ Etna គឺជាភ្នំភ្លើងដ៏សកម្មមួយប្រចាំទ្វីបអឺរ៉ុប ហើយបាតុភូតបែបនេះត្រូវបានគេអះអាងថា តែងតែកើតឡើងជារៀងរាល់ថ្ងៃនាមួយរយៈចុងក្រោយនេះ។

Vortex Rings ជាបណ្តុំនៃពពកផ្សំឡើងពីផ្សែង, ចំហាយទឹកក្តៅ និងឧស្ម័នមួយចំនួនទៀត ដែលត្រូវបានជះចេញពីស្នាមប្រេះៗនៅតំបន់ភ្នំភ្លើង នៅក្នុងល្បឿនយ៉ាងលឿន។ Vortex Rings អាចរក្សាវត្តមានក្នុងខ្យល់អាកាសបានតែ ២ ទៅ ៣នាទីប៉ុណ្ណោះ មុននឹងពួកវាត្រូវរលាយរូបរាងអស់។

(Image credit: Luca Cosma)

បើតាមអ្នកជំនាញមួយរូបឈ្មោះ Boris Behncke មកពីវិទ្យាស្ថានជាតិសិក្សាពីផ្នែក ភូមិសាស្ត្រ និងភ្នំភ្លើងរបស់ប្រទេសអ៊ីតាលី បានពន្យល់ថា «ចិញ្ចៀនផ្សែង ឬឧស្ម័នប្រភេទនេះ តែងតែកើតឡើងពីការផ្ទុះជះនូវបណ្តុំឧស្ម័ន ចេញពីចន្លោះប្រហោងដូចដ៏តូចចង្អៀតនានា នៃតំបន់ភ្នំភ្លើងដ៏ក្តៅគគុក»។

(Image credit: Luca Cosma)

លោក Boris Behncke បានគូសបញ្ជាក់យ៉ាងដូច្នេះទៀតថា «នៅពេលដែលឧស្ម័ន និងផ្សែងត្រូវបានរុញច្រានចេញពីតំបន់ប្រេះស្រាំ ដែលមានរាងដូចជាបំពង់មួយនោះ វានឹងបង្កើតចេញទៅជាចិញ្ចៀនឧស្ម័នលផ្ទៃអាកាស ដូចឃើញនៅក្នុងរូបភាពទាំងនេះ…។ សញ្ញាទាំងអស់នេះ មិនមែនជាការបញ្ជាក់ថា ភ្នំនេះជិតផ្ទុះនោះឡើយ»។

(Image credit: Luca Cosma)

គួរបញ្ជាក់ថា ភ្នំភ្លើង Etna ស្ថិតនៅលើកោះ Sicily របស់ប្រទេសអ៊ីតាលី ហើយតំបន់ដែលកើតមានចិញ្ចៀនឧស្ម័នទាំងនេះ មានឈ្មោះថា Bocca Nuova Crater ដែលជារណ្តៅដ៏សកម្មមួយ។ គេក៏ធ្លាប់ឃើញ Vortex Rings នៅភ្នំភ្លើងមួយទៀតឈ្មោះ Stromboli ដែលស្ថិតនៅភាគខាងជើងកោះ Sicily ផងដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Live Science (ថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣)

Comments (0)
Add Comment