អត្ថបទលម្អិតស្តីពី «ការផ្តល់សក្ខីកម្ម​ដោយអតីតមន្ត្រីយោធាអាមេរិក» ស្តីពី UFO និង Alien ក្នុងឆ្នាំ២០២៣ (មានវីដេអូ)

(វ៉ាស៊ីនតោន)៖ អតីតមន្ត្រីយោធាអាមេរិកបីរូប បានផ្តល់សក្ខីកម្មនៅក្នុងសវនាការសភា ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើប្រធានបទ វត្ថុហោះហើរមិនត្រូវបានគេកំណត់អត្តសញ្ញាណ (UFOs) កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ (ពេលវេលានៅវ៉ាស៊ីនតោន) រួមទាំងអតីតមន្ត្រីចារកម្មរបស់កងទ័ពអាកាស ដែលបានអះអាងថា រដ្ឋាភិបាលអាមេរិកបានដំណើរការកម្មវិធីចម្លងវិស្វកម្ម ឬចម្លងបច្ចេកវិទ្យា (reverse-engineering) អស់ជាច្រើនទសវត្សរ៍មកហើយ និងដោយសម្ងាត់ទៅលើយានហោះហើរ (UFOs) ដែលត្រូវបានគេប្រមូលយកមកទុក។ អតីតមន្ត្រីរូបនេះក៏បានថ្លែងផងដែរថា សហរដ្ឋអាមេរិកបានទាញយកអ្វីដែលគេហៅថា non-human “biologics” (ចង់សំដៅលើជីវិត Alien) ចេញពីកន្លែងដែល UFOs ទាំងនោះធ្លាក់ថែមទៀតផង។

ប៉ុន្តែខណៈពេលដែលប្រធានបទនៃ “little green men” (ចង់សំដៅលើរូបរាង Alien) បានលេចឡើងនោះ កិច្ចពិភាក្សាបន្តទៀតត្រូវបានណែនាំឲ្យកែលម្អ ការហៅ UFO ទៅជា បាតុភូតពីលើដែនអាកាស ដែលគេមិនស្គាល់អត្តសញ្ញាណ ហៅកាត់ថា «UAPs» វិញ ដែលរាប់ទសវត្សរ៍មកនេះ យោធាអាមេរិកតែងហៅវាថា UFOs នោះ ព្រោះការងាកមកប្រើអក្សរកាត់ជា UAP វិញនេះគឺអាចក្តោបក្តាប់បានទាំងទៅលើ បាតុភូតនៅលើដែនអាកាសផង និងនៅក្នុងទឹកផង។

អតីតមន្ត្រីយោធាអាមេរិក ៣រូប ដែលបានផ្តល់សក្ខីកម្មក្នុងសភាអាមេរិក កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ (រូបភាពពីបរទេស)

នៅក្នុងអង្គសវនាការស្តាប់ ក៏មានការអំពាវនាវផងដែរ ឲ្យគ្រប់គ្នាឈប់សើចចំអក ឬមាក់ងាយទៅដល់អាកាសយានិកនានា ដែលតែងរាយការណ៍អំពីការប្រទះឃើញ UAP ដើម្បីធានាថា កម្មវិធីតាមដាន និងស្វែងយល់អំពី UAP របស់រដ្ឋាភិបាល អាចប្រព្រឹត្តទៅមុខដោយមានភស្តុតាងកាន់តែច្រើន។

ឧត្តមសេនីយចូលនិវត្តន៍ លោក ដេវីដ ហ្ក្រាសឆ៍ (David Grusch) ដែលបានប្រែក្លាយជាអ្នកដែលធ្លាប់ ស្ថិតក្នុងក្រុមការងារ UAP របស់មន្ទីរបញ្ចកោណ ទៅជាអ្នកផ្តល់សក្ខីកម្មព័ត៌មានសំខាន់ៗវិញនោះ បានប្រាប់អនុគណៈកម្មាធិការសន្តិសុខជាតិ (NSS) របស់គណៈកម្មាធិការត្រួតពិនិត្យសភាសហរដ្ឋអាមេរិក (HOC) ថា លោកត្រូវបានគេបដិសេធ មិនឱ្យចូលរួមកម្មវិធីខ្លះពាក់ព័ន្ធនឹងការស៊ើបអង្កេត UFO របស់រដ្ឋាភិបាល ប៉ុន្តែលោកបានដឹងពី «ទីតាំងពិតប្រាកដ» នៃឯកសារពាក់ព័ន្ធ UAPs ដែលស្ថិតនៅក្នុងការកាន់កាប់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ជាការឆ្លើយតបទៅនឹងផលប្រយោជន៍សាធារណៈ និងសម្ពាធនយោបាយ ទីភ្នាក់ងារទាំងឡាយមកពីរដ្ឋាភិបាលសហព័ន្ធ និងផ្នែកយោធាផងដែរ បានចែករំលែកព័ត៌មានចំរុះអំពី អាកាសយានិក និងអ្នកជិះលើយន្តហោះផ្សេងទៀត ដែលបានប្រទះឃើញបាតុភូតលើអាកាស ដែលពួកគេមិនអាចពន្យល់បាន ប៉ុន្តែសេចក្តីរាយការណ៍អំពី UAP ច្រើនជាងគេត្រូវបានគេដឹងថា មានប្រភពមកពីមនុស្សនៅលើដី ដោយរាប់ចាប់ពីបាឡុងតាមដានអាកាសធាតុ រហូតដល់ដ្រូន, សំរាម ឬបំណែកវត្ថុនានាហោះនៅលើអាកាស និងសត្វស្លាបជាដើម។

កាលពីថ្ងៃទី២៦ ខែកក្កដា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោកស្រី ស៊ូសាន ហ្កាហ្វ (Susan Gough) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគូសបញ្ជាក់ថា ការស៊ើបអង្កេតរបស់មន្ទីរបញ្ចកោណពេលនេះ «មិនទាន់បានទទួលស្គាល់» ចំពោះការអះអាងទាំងឡាយខាងលើ ពាក់ព័ន្ធនឹងការកាន់កាប់ ឬក៏ការធ្លាប់មាន ឬកំពុងមាននូវកម្មវិធីចម្លងបច្ចេកវិទ្យា (ពី UFOs របស់ពួក Alien) ដោយរដ្ឋាភិបាលនោះឡើយ, នេះបើយោងតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់់ងារសារព័ត៌មាន AP

លោក David Grusch ក៏បានចោទប្រកាន់ផងដែរថា សហរដ្ឋអាមេរិកបានទាញយក សំណាកជីវសាស្ត្រ «មិនមែនមនុស្ស» (non-human “biologics” ឬចង់សំដៅលើសំណាក Alien) ពីអ្នកបើកបរយានហោះហើរដែលបានធ្លាក់ (UFO) ហើយអតីតមន្ត្រីយោធារូបនេះបានសង្កត់ធ្ងន់ថា «នោះគឺជាការវាយតម្លៃរបស់មនុស្ស ដែលមានចំណេះដឹងផ្ទាល់លើកម្មវិធី (UAP) ដែលខ្ញុំបាននិយាយជាមួយ ហើយបច្ចុប្បន្នកម្មវិធីនោះ នៅតែកំពុងបន្តនៅឡើយ…»។

ទោះបីជាបានបដិសេធ មិនចែករំលែកព័ត៌មានណាមួយបន្ថែមទៀត នៅក្នុងសវនាការជាសាធារណៈ តែលោក Grusch បានធ្វើការថ្លែងបន្ត ដើម្បីបង្ហាញព័ត៌មានលម្អិត ដោយការបិទទ្វារផ្តល់សក្ខីកម្ម។ លោក Grusch បានគូសបញ្ជាក់ថា លោក «មិនបានឃើញផ្ទាល់ភ្នែក» នូវយានជំនិះសាកសព Alien នោះទេ ហើយថាពាក្យបរិយាយរបស់លោកនៅមុននេះ គឺដោយផ្អែកលើប្រភពដែលជាសាក្សីជាង ៤០នាក់ ដែលលោកបានសម្ភាសន៍ ក្នុងរយៈពេល ៤ឆ្នាំ ដែលលោកកាន់តួនាទីក្នុងក្រុមការងារស៊ើបអង្កេតលើ UAP នោះប៉ុណ្ណោះ។

លោក Grusch បានថ្លែងយ៉ាងដូច្នេះ៖ «សក្ខីកម្មរបស់ខ្ញុំពេលនេះ គឺផ្អែកលើព័ត៌មានទាំងឡាយ ដែលខ្ញុំទទួលបានពីបុគ្គលនានា ដែលមានប្រវត្តិនៃភាពស្របច្បាប់ និងផ្តល់សេវាកម្មដ៏យូរអង្វែងនៅក្នុងប្រទេសនេះ ហើយពួកគេភាគច្រើន ក៏បានចែករំលែកភស្តុតាងដ៏គួរឱ្យចាប់អារម្មណ៍ដូចជា រូបថត, ឯកសារផ្លូវការ និងសក្ខីកម្មផ្ទាល់មាត់ផងដែរ…»។ អតីតមន្ត្រីយោធារូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា «ភស្តុតាងទាំងអស់នេះ ត្រូវបានសភាអាមេរិករក្សាជាទុកជាសម្ងាត់ ដោយចេតនា»

ជាច្រើនដងក្នុងអំលុងពេលនៃសវនាការ លោក Grusch តែងតែបានបង្វែរសំណួររបស់សមាជិកសភា ដោយនិយាយថា លោកអាចពន្យល់បានតែនៅក្នុងបន្ទប់ប៉ុណ្ណោះ សម្រាប់ផ្តល់ព័ត៌មានដែលមានលក្ខណៈរសើប។ ករណីទាំងនោះរួមមាន នៅពេលដែលលោកត្រូវបានមន្ត្រីក្នុងអង្គសភាសួរថា តើរដ្ឋាភិបាលមានទំនាក់ទំនងជាមួយជីវិតក្រៅភព (Alien) និងថាតើមានករណីឃាតកម្មត្រូវបានបង្កឡើង ដើម្បីបិទបាំងព័ត៌មានអំពី «បច្ចេកវិទ្យាក្រៅភព» ដែរឬទេ? លោក Grusch បានឆ្លើយតបថា «ខ្ញុំមិនអាចធ្វើអត្ថាធិប្បាយ (ឆ្លើយសំណួរនេះ) បានទេ»

អតីតមន្ត្រីស៊ើបការណ៍សម្ងាត់រូបនេះ ក៏បានប្រាប់ក្រុមប្រឹក្សាសភាទៀតថា លោក និងសហការីជាច្រើននាក់ទៀតគឺជាគោលដៅនៃ «អំពើភេរវកម្មពីសំណាក់រដ្ឋបាល…» ហើយលោកថែមទាំងថ្លែងបែបនេះទៀតថា ពេលខ្លះលោកមានការភ័យខ្លាច ចំពោះសុវត្ថិភាពជីវិតរបស់លោក…។ លោក Grusch បាននិយាយបន្តថា «វាពិតជាភាពឃោរឃៅ និងអកុសលខ្លាំងណាស់។ កលល្បិចមួយចំនួនដែលពួកគេធ្លាប់ប្រើ ដើម្បីធ្វើបាបខ្ញុំទាំងនៅក្នុងពេលធ្វើការងារ និងពេលវេលាផ្ទាល់ខ្លួន…។ តែបច្ចុប្បន្ន មានការស៊ើបអង្កេតដោយបើកចំហលើបញ្ហានេះ»។

រូបភាពយកពីវីដេអូ UAP ដែលមន្ត្រីយោធាអាមេរិកថតបាន (រូបភាពពី US Navy)

១៖ ការប្រទះឃើញ UAP មិនមែនរឿងកម្រ ឬប្លែកពីគេនោះទេ

អនុគណៈកម្មាធិការសភាក៏បានស្តាប់សក្ខីកម្មពី អតីតអ្នកបើកយន្តហោះចម្បាំងរបស់ កងទ័ពជើងទឹកលោក រ៉ាយ៉ាន ហ្គ្រេវស៍ (Ryan Graves) និងអតីតមន្ត្រីមួយរូបទៀត គឺលោក ដេវីដ ហ្វ្រេវ័រ (David Fravor) អំពីការពើបប្រទះនឹងវត្ថុហោះហើរ ដែលពួកគេមិនអាចកំណត់បានអំពីប្រភពដើម។

លោក Graves បានរៀបរាប់ពីឧប្បត្តិហេតុជាមួយវត្ថុហោះហើរមួយ នៅឯតំបន់ឆ្នេរសមុទ្ររដ្ឋ វើជីនៀ (Virginia) ក្នុងឆ្នាំ ២០១៤។ លោកបាននិយាយថា ខណៈពេលដែលខ្លួនកំពុងបញ្ជាយន្តហោះចម្បាំង F-18 លោកបានប្រទះឃើញវត្ថុហោះហើរមួយ «មានរាងគូបពណ៌ប្រផេះឬក្រមៅៗ នៅក្នុងរង្វង់ស្វែរដ៏ច្បាស់លាស់មួយ» ដែលតាម​ការ​ប៉ាន់​ស្មាន​របស់លោក វាអាច​មាន​អង្កត់ផ្ចិត​ពី ១.៥ម៉ែត្រ ទៅ ៤.៥ ម៉ែត្រ ហើយ​វាពិតជាមិន​ដូច​យន្តហោះនានា ដែល​លោក​ធ្លាប់​បានឃើញនោះឡើយ។ លោក Graves បាន​អះអាង​ថា UAP នោះអាច​នៅ​នឹងថ្កល់ បើ​ទោះ​បីជា​ស្ថិតនៅក្នុងព្យុះបោកបក់ក៏ដោយ។

លោក Graves បានប្រាប់សមាជិកសភាថា ក្រុមរបស់លោកបានប្រគល់របាយការណ៍ ទៅដល់ផ្នែកតាមដានសុវត្ថិភាពនៅពេលនោះដែរ ប៉ុន្តែអ្វីដែលលោកបានរាយការណ៍ទាំងអស់ មិនត្រូវបានទទួលស្គាល់ជាផ្លូវការនោះទេ។ យោងតាមអតីតអ្នកបើកយន្តហោះចម្បាំងសហរដ្ឋអាមេរិកថ្លែងថា ការជួបប្រទះនឹង UAP នៅក្នុងតំបន់នោះគឺ «មិនមែនជារឿងកម្រ ឬខុសប្លែកពីគេនោះទេ»

ចាប់តាំងពីពេលនោះមក លោក Graves បានបង្កើតក្រុមការងារអាមេរិក សម្រាប់សុវត្ថិភាពអាកាសចរណ៍ «Safe Aerospace» ជាក្រុមដែលគាំទ្រដល់អាកាសយានិកនានា ដែលបានរាយការណ៍អំពី UAP។ លោកបាននិយាយថា វត្ថុដែលត្រូវបានគេរាយការណ៍ថា ត្រូវបានគេមើលឃើញដោយអ្នកបើកយន្តហោះយោធា និងយន្តហោះពាណិជ្ជកម្ម «កំពុងធ្វើសកម្មភាពហ្វឹកហ្វឺន ដែលយើងមិនអាចពន្យល់បាន ដោយសារតែកម្រិតនៃការយល់ដឹង នាពេលបច្ចុប្បន្នរបស់យើងអំពីបច្ចេកវិទ្យា និងសមត្ថភាពរបស់យើង គឺស្ថិតក្នុងនាមជាប្រទេសមួយប៉ុណ្ណោះ»។

លោក Graves បានបង្ហើបបែបនេះទៀតថា «ប្រសិនបើអ្នករាល់គ្នា អាចឃើញឧបករណ៍ចាប់សញ្ញា (sensor) និងទិន្នន័យវីដេអូដូចដែលខ្ញុំបានឃើញនោះ ការសន្ទនាថ្នាក់ជាតិរបស់យើងពេលនេះ នឹងផ្លាស់ប្តូរ»។

២៖ បច្ចេកវិទ្យាទំនើបដែលមិនគួរឱ្យជឿ និងមិនដូចអ្វីដែលយើងមាន

កងទ័ពជើងទឹកចូលនិវត្តន៍លោក David Fravor បានផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់លោក ពាក់ព័ន្ធនឹងការជួបប្រទះ UAP ដែលត្រូវបានថតជាវីដេអូនៅក្នុងឆ្នាំ ២០០៤។ (មន្ទីរបញ្ចកោណបានចេញផ្សាយវីដេអូនេះ ជាសាធារណៈរួចហើយនៅឆ្នាំ ២០២០)

លោក Fravor បានពិពណ៌នាថា វាជាការភ្ញាក់ផ្អើលនៅពេលដែលលោក និងសមាជិកបីនាក់ផ្សេងទៀត បានឃើញវត្ថុហោះហើររាងគូបពណ៌ស ផុសឡើងលើដែនសមុទ្រទីក្រុង សាន ឌីហ្គោ (San Diego) ក្នុងរដ្ឋកាលីហ្វ័រញ៉ា ភាគនិរតីសហរដ្ឋអាមេរិក។

លោកបានពណ៌នាអំពី UAP នោះថា ជាយានដែល «មិនមានម៉ាស រ៉ូទ័រ (ម៉ាស៊ីន rotors), គ្មានការលាង rotors ឬយើងអាចមើលឃើញកន្លែងគ្រប់គ្រងការហោះហើររបស់វា ដែលមានលក្ខណៈដូចជាស្លាប»។ នៅពេលដែលលោក Fravor និងអ្នកបើកយន្តហោះផ្សេងទៀត បានព្យាយាមចូលទៅជិតយានអាថ៌កំបាំងនោះ វាក៏បាន «បង្កើនល្បឿនយ៉ាងលឿន» ហើយបាន «បាត់ខ្លួនភ្លាមៗ» នៅពីមុខយន្តហោះរបស់យើងតែម្តង ដោយគ្មានបន្សល់ទុកដានអ្វីទាំងអស់…។

លោក Fravor បាននិយាយថា «បច្ចេកវិទ្យាដែលយើងបានជួបប្រទះនេះ គឺអស្ចារ្យជាងអ្វីដែលយើងមាន។ ខ្ញុំមិនមែនជាអ្នកគាំទ្រទ្រឹស្តី UFO នោះទេ… ប៉ុន្តែអ្វីដែលពួកយើងបានឃើញ ដោយភ្នែកទាំងបួនគូនោះ យើងពិតគ្មានអ្វីដែលអាចប្រៀបនឹងវាបានឡើយ…។ វាគឺជាបច្ចេកវិទ្យា ដែលមិនគួរឱ្យជឿ»។

លោក Fravor បានគូសបញ្ជាក់ទៀតថា អស់រយៈពេលជាច្រើនឆ្នាំតមក ទើបមានមន្ត្រីផ្សេងបានពើបប្រទះ ព្រឹត្តិការណ៍ដ៏អស្ចារ្យដូចនៅថ្ងៃនោះដែរ ហើយសូម្បីតែពេលបន្តបន្ទាប់មកទៀត ក៏យើងនៅគ្មានការឆ្លើយតបអ្វីចំពោះពួកគេវិញសោះ។

៣៖ ហេតុអ្វីត្រូវមកបង្ហាញពេលនេះ?

សវនាការនេះគឺជាការជំរុញចុងក្រោយដោយសភា ដើម្បីដាក់សម្ពាធលើភ្នាក់ងារស៊ើបការណ៍នានា ឲ្យបង្កើតបាននូវតម្លាភាពបន្ថែមទៀតអំពី ប្រធានបទ UAP ដោយលើកហេតុផលថា នេះជាបញ្ហាពាក់ព័ន្ធនឹងសន្តិសុខជាតិ

តំណាងរាស្រ្តនៃគណបក្សប្រជាធិបតេយ្យ លោក រ៉ូប៊ឺត ហ្គាសៀ (Robert Garcia) មកពីរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា «ចំពោះ UAP ទាំងនោះ មិនថាពួកគេជាអ្វីក៏ដោយ គឺអាចបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់យោធា និងយន្តហោះស៊ីវិលរបស់យើង ហើយនោះជាអ្វីដែលយើងត្រូវតែយល់ឲ្យបាន។ យើងគួរតែលើកទឹកចិត្តឱ្យមានការរាយការណ៍បន្ថែមទៀត ព្រោះវាតិចតួចណាស់កន្លងមក…»។

លោក Grusch, លោក Graves និងលោក Fravor បានលើកឡើងអំពីចេតនាស្រដៀងៗគ្នា អំពីចង់ឃើញការរាយការណ៍ និងផ្សព្វផ្សាយដោយសុក្រិត សុវត្ថិភាព និងតម្លាភាព។ អតីតមន្ត្រីយោធាទាំង ៣រូបនេះបានបន្ថែមថា ពួកគេសង្ឃឹមថា សុន្ទរកថាជាសាធារណៈលើកនេះ គឺជាជំហានដំបូងឆ្ពោះទៅលុបបំបាត់ការសើចចំអក លើអ្នករាយការណ៍ពាក់ព័ន្ធនឹង UAPs ដើម្បីជាការលើកទឹកចិត្តឲ្យ ដំណើរការពាក់ព័ន្ធផ្សេងៗទៀតបន្តឆ្ពោះទៅមុខ។

លោក Graves ដែលជាអតីតអ្នកបើកយន្តហោះរបស់កងទ័ពជើងទឹកអាមេរិក បានប៉ាន់ប្រមាណថា មានតែប្រហែល ៥% ប៉ុណ្ណោះនៃករណីប្រទះឃើញ UAP ត្រូវបានរាយការណ៍ទៅកាន់អាជ្ញាធរពាក់ព័ន្ធ។

លោក Graves បានអំពាវនាវថា «ខ្ញុំជំរុញឱ្យយើងទាំងអស់គ្នា ទុកចោលការសើចចំអក ហើយងាកមកដោះស្រាយបញ្ហាសន្តិសុខ និងសុវត្ថិភាព ដែលជាគោលដៅចម្បងរបស់ប្រធានបទនេះ។ ប្រសិនបើ UAP ជាយន្តហោះគ្មានមនុស្សបើករបស់បរទេស នោះវាគឺជាបញ្ហាសន្តិសុខជាតិ ដែលត្រូវតែដោះស្រាយបន្ទាន់។ តែប្រសិនបើពួកវាជាអ្វីផ្សេងទៀត នោះវាគឺជាបញ្ហាសម្រាប់ផ្នែកវិទ្យាសាស្ត្រ។ ក្នុងករណីណាក៏ដោយ វត្ថុដែលគេមិនស្គាល់អត្តសញ្ញាណ គឺជាក្តីបារម្ភចំពោះសុវត្ថិភាពផ្នែកអាកាសចរណ៍។ ប្រជាជនអាមេរិកត្រូវការយល់ដឹង អំពីអ្វីដែលកំពុងកើតឡើង នៅលើមេឃរបស់យើង… វាដូចជាត្រូវបានបង្ហិនពេលវេលាយូរពេកហើយ…»។

គួរបញ្ជាក់ថា គិតចាប់តាំងពីត្រូវបានបង្កើតឡើង កាលពីរដូវក្តៅឆ្នាំ២០២២ មក ការិយាល័យស្វែងរកដំណោះស្រាយ លើភាពមិនប្រក្រតីនៃគ្រប់ទម្រង់ទាំងអស់ (All-Domain Anomaly Resolution Office) របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានទទួលរបាយការណ៍ចំនួន ៣៦៦ករណីហើយ ពាក់ព័ន្ធនឹង UAP។ សម្រាប់សវនាការស្តាប់ ការផ្តល់សក្ខីកម្មខាងលើនេះវិញ គឺជាលើកទី ២ ហើយគិតចាប់តាំងពីខែឧសភា ឆ្នាំ២០២២ ដែលសភាសហរដ្ឋអាមេរិក បានលើកយកប្រធានបទដ៏រសើបបំផុតនេះ មកជជែកដេញដោល និងចេញផ្សាយឲ្យសាធារណជនបានដឹងឮ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ សារព័ត៌មាន NPR និង NBC សហរដ្ឋអាមេរិក

Comments (0)
Add Comment