នេះជា «ភ្នំខ្ពស់បំផុត» ប្រចាំប្រព័ន្ធព្រះអាទិត្យ និងអាចជាអតីត «កោះភ្នំភ្លើង» លើភពអង្គារផងដែរ (លទ្ធផលសិក្សាថ្មី)

(បរទេស)៖ អ្នកស្នេហាវិស័យអវកាស និងវិទ្យាសាស្ត្រ ភាគច្រើនពិតជាបានស្គាល់ភ្នំមួយនេះរួចហើយ ដោយវាមានឈ្មោះថា អូលីមផឹស (Olympus Mons) ជាភ្នំខ្ពស់ជាងគេនៅលើភពព្រះអង្គារ (Mars) ក៏ដូចជាព្រះអាទិត្យទាំងមូលផងដែរ។ សម្រាប់ភ្នំដែលខ្ពស់ជាងគេលើភពផែនដីគឺ អេវើរែសត៍ (Everest) ជាមួយនឹងកម្ពស់ ៨,៨៤៩ម៉ែត្រ (ជិត ៩គីឡូម៉ែត្រ) ប៉ុន្តែសម្រាប់ Olympus វិញគឺមានកម្ពស់ដល់ទៅជិត ២២គីឡូម៉ែត្រឯណោះ។

ផ្កាយរណប MGS របស់ NASA (រូបភាពពី NASA)

យោងតាមលទ្ធផលសិក្សាថ្មី តាមរយៈទិន្នន័យបន្សល់ទុកដោយ ឧបករណ៍ឡាស៊ែរ MOLA (Mars Orbiter Laser Altimeter) របស់ ផ្កាយរណបអង្កេតភពអង្គារ MGS (Mars Global Surveyor) ដែលបានខូចទៅហើយរបស់អង្គការ NASA បាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា តំបន់ភ្នំ Olympus នោះអាចធ្លាប់ជា «កោះភ្នំភ្លើងសកម្មមួយ» នៅលើភពព្រះអង្គារកាលអំលុង ៣.៧ – ៣ ពាន់លានឆ្នាំមុន និងក៏អាចមានកម្អែលភ្នំភ្លើង ហូរចាក់ចូលទៅក្នុងសមុទ្រភពអង្គារ ដូចទិដ្ឋភាពដែលយើងធ្លាប់ឃើញនៅលើភពផែនដី នាពេលបច្ចុប្បន្ននេះដែរ។

ភ្នំ Olympus បច្ចុប្បន្ន (រូបភាពពី NASA)

យោងតាមលទ្ធផលសិក្សា ដោយក្រុមអ្នកវិទ្យាសាស្ត្រមកពី មជ្ឈមណ្ឌលសិក្សាវិទ្យាសាស្ត្រជាតិ (CNRS) របស់ប្រទេសបារាំង ដោយយោងលើទិន្នន័យពីផ្កាយរណប MGS របស់អង្គការ NASA បានធ្វើការពិសោធន៍ និងចោទជាសំណួរបែបនេះថា «តើនោះ (ចង់សំដៅលើភ្នំ Olympus ស្ថិតនៅអឌ្ឍគោលខាងជើងភពអង្គារ) ជាកោះភ្នំភ្លើងដ៏ធំមួយ នៅក្នុងដែនសមុទ្រភពអង្គារ កាលពីអតីតកាលឬ?»

ដោយឡែកនៅពេលត្រូវបានសាកសួរថា តើនៅលើផ្ទៃសំបកភពអង្គារបានរក្សាវត្តមានទឹក និងមានវត្តមានទឹកហូរក្នុងរយៈពេលយូរកម្រិតណា ព្រមទាំងក្នុងយុគណាឲ្យជាក់លាក់នោះ ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថាន CNRS បានឆ្លើយតបវិញថា «គ្មាននរណាម្នាក់អាចដឹងច្បាស់លាស់ អំពីរឿងរ៉ាវទាំងអស់នេះនៅឡើយទេ»។ ប្រការនេះមានន័យថា មានតែការសិក្សាដែលកំពុងបន្តគ្រប់ទម្រង់ ទៅលើភពក្រហមនោះប៉ុណ្ណោះ ទើបអាចស្វែងរកចម្លើយជាក់លាក់បាននៅថ្ងៃមុខ។

ការប្រៀបធៀបកម្ពស់រវាងភ្នំ Everest និង Olympus Mons (រូបភាពពី What If Show)

សម្រាប់នៅលើផែនដីយើងវិញ ជីវិតចាប់ផ្តើមមានមូលដ្ឋានដើម្បីបង្កើតពន្លកត្រួយ កាលពីប្រមាណ ៤ពាន់លានឆ្នាំមុន ដែលជាពេលផ្ទៃសំបករបស់ភពផែនដីភាគច្រើន គ្របដណ្តប់ដោយទឹក ហើយបរិយាកាសរបស់ភពយើង ក៏បានវិវត្តក៏កាន់តែក្រាស់ ដោយសារតែភ្នំភ្លើងនានាជាអ្នកបញ្ចេញឧស្ម័ន មកក្រៅយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដូច្នេះប្រសិនបើមានភ្នំភ្លើងធំៗ និងទឹកនៅលើភពព្រះអង្គារ កាលពីរាប់ពាន់លានឆ្នាំមុននោះ ភពក្រហមនោះក៏ទំនងជាធ្លាប់កើតមានជីវិត ដែលស្រដៀងៗនឹងផែនដីយើង នៅក្នុងដំណាក់កាលកកើតជីវិតដំបូងៗផងដែរ។

ការសន្និដ្ឋានពីភ្នំ Olympus ពីអតីតកាល ក្រោយភ្នំភ្លើងស្ងប់ (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ការសិក្សាកន្លងមកនេះ នៅតែមិនទាន់អាចរកឃើញមូលហេតុថា ភពអង្គារបានបាត់បង់ទឹក និងបរិយាកាសដែលធ្លាប់តែក្រាស់នោះ ដោយរបៀបណានោះឡើយ។ ប៉ុន្តែការសន្និដ្ឋានមួយបានលើកឡើងថា Mars ទំនងជាបានបាត់បង់ ខែល ឬដែនម៉ាញេទិច (magnetic field) កាលពីអំលុង ៤.២ ទៅ ៣.៧ ពាន់លានឆ្នាំមុន។ ការបាត់បង់ដែនម៉ាញេទិច ដែលជាកម្លាំងត្រូវបានបង្កើត ចេញពីស្នូលដ៏ក្តៅគគុកនោះហើយ គឺជាដើមហេតុដែលនាំឲ្យបរិយាកាស និងទឹកបាត់បង់បន្តិចម្តងៗពីសំបកភពនោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Universe Today (ថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣)

Comments (0)
Add Comment