NASA ទាក់ទងយាន Voyager-2 បានវិញហើយ ក្រោយពីបានឲ្យសញ្ញាខុស (មានវីដេអូថ្មី និងរំលឹក)

(បរទេស)៖ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលក្រុមការងារអង្គការ NASA បានដាច់ការទាក់ទងជាមួយយាន Voyager-2 ដែលកំពុងស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ ជាមួយនឹងចម្ងាយជិត ២០ពាន់លានគីឡូម៉ែត្រពីភពផែនដី។ នៅទីបំផុត កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃ០២ ខែសីហា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា) ក្រុមការងារ NASA បានអះអាងថា ពួកគេបានឮចង្វាក់បេះដូងរបស់ Voyager-2 លោតឡើងវិញហើយ។

  • តើមានរឿងអ្វីកើតឡើងចំពោះ Voyager-2?

បើតាមការអះអាងពីមន្ទីរពិសោធន៍យាន (JPL) របស់អង្គការ NASA ក្រុមការងារគ្រប់គ្រងបេសកកម្ម Voyagers បានបញ្ជូលសញ្ញាខុសឆ្គងដោយអចេតនា ទៅកាន់យាន Voyager-2 តាំងពី ២សប្តាហ៍មុនមកម្ល៉េះ ដែលជាហេតុធ្វើឲ្យអង់តែនបញ្ជូន និងទទួលរលកសញ្ញានៅលើយាន Voyager-2 ងាករេចេញពីទិសរបស់ផែនដីបន្តិច និងបានបណ្តាលឲ្យការធ្វើទំនាក់ទំនង ជួបភាពលំបាកវេទនាបំផុត។

យាន Voyager-2 (រូបភាពពី NASA)

ក្រោយពីការព្យាយាមកែសម្រួលស្ថានការណ៍ នៅទីបំផុតពួកគេអាចចាប់បានសញ្ញាពី Voyager-2 ដែលត្រូវបានក្រុមការងារចាត់ទុកថា ជាសញ្ញានៃចង្វាក់បេះដូង (heartbeat signal) របស់យានអាយុជិត ៤៦ឆ្នាំមួយគ្រឿងនេះ។ ប្រការនេះត្រូវបានលោកស្រី ស៊ូសាន ដូដ (Suzanne Dodd) ដែលជាប្រធានគ្រប់គ្រងបេសកកម្មទាំងមូលបានអះអាងថា យាន Voyager-2 នៅតែកំពុងមានជីវិត និងអាចបំពេញប្រតិបត្តិការតទៅមុខទៀតបាន។ លោកស្រី Dodd បានថ្លែងទៀតថា «ដំណឹងនេះបានបំផុស ស្មារតីរបស់យើងឡើងវិញហើយ»។

លោកស្រី Dodd (រូបភាពពីបរទេស)

បើគិតពីចម្ងាយរបស់យាន Voyager-2 ពីភពផែនដីពេលនេះ គឺស្មើនឹងចម្ងាយជាមធ្យមរវាងព្រះអាទិត្យ និងភពភ្លូថូ (Pluto ឬភ្លុយតុង) គុណនឹង ឯណោះ ហើយសញ្ញាដែលក្រុមការងារ NASA បញ្ជូនទៅយាននោះ ត្រូវការពេលជាង ១៨ម៉ោងទើបទៅដល់ និងសញ្ញាដែល Voyager-2 បញ្ជូនមកឲ្យផែនដីវិញ ក៏ត្រូវការពេលជាង ១៨ម៉ោងដូចគ្នា។

(រូបភាពពី NASA)

សម្រាប់អ្វីដែលក្រុមការងារ NASA កំពុងធ្វើបន្តទៀតនេះ គឺការព្យាយាមបញ្ជាឲ្យ Voyager-2 តម្រង់អង់តែនរបស់វា សំដៅមករកភពផែនដីដូចដើមវិញ ហើយប្រសិនបើកិច្ចការងារពេលនេះ មិនអាចសម្រេចបាន នោះពួកគេនឹងត្រូវរង់ចាំរហូតដល់ខែតុលា ឆ្នាំ២០២៣ ដែលជាពេលយាន Voyager-2 ធ្វើការកំំណត់កម្មវិធីក្នុងខ្លួនវាឡើងវិញ (reset) ដោយស្វ័យប្រវត្តិ។

(រូបភាពពី NASA)

គួរបញ្ជាក់ថា យាន Voyager-2 ត្រូវបានបាញ់បញ្ជូនចេញពីភពផែនដី កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៧៧ ខណៈបច្ចុប្បន្ននេះវាកំពុងស្ថិតនៅចម្ងាយ ១៩.៩ពាន់លានគីឡូម៉ែត្រពីផែនដី។ ដោយឡែកសម្រាប់យាន Voyager-1 ដែលនៅតែកំពុងដំណើរការនៅឡើយវិញ គឺត្រូវបានបាញ់បញ្ជូនចេញពីផែនដីនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ១៩៧៧ និងពេលកំពុងស្ថិតនៅចម្ងាយ ២៣.៩៥ពាន់លានគីឡូម៉ែត្រពីភពផែនដី៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ ABC News/NASA (ថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣)

Comments (0)
Add Comment