រកឃើញម្ចាស់នៃ «វត្ថុអាថ៌កំបាំង» នៅឆ្នេរសមុទ្រអូស្ត្រាលីនោះហើយ, វាគឺជារបស់ឥណ្ឌា…

(បរទេស)៖ ទីភ្នាក់ងារអវកាសអូស្ត្រាលី (ASA) បានកំណត់ឃើញនូវប្រភពដើម របស់វត្ថុអាថ៌កំបាំងដ៏ធំមួយ ដែលត្រូវបានប្រទះឃើញនៅតំបន់ឆ្នេរ នៃដែនដីភាគខាងលិចរបស់ប្រទេសអូស្ត្រាលី (Western Australia) នោះហើយ ដោយវាត្រូវបានគេអះអាងថាជា «សំរាមអវកាស» ដែលបានមកពីប្រទេសយក្សមួយ។

(រូបភាពពីបរទេស)
  • តើសំរាមអវកាសនោះជាអ្វី និងរបស់នរណាឲ្យប្រាកដ?

បើតាមទីភ្នាក់ងារ ASA បំណែកដ៏ធំនោះ គឺផ្នែកមួយនៃកំណាត់ទីរបស់ប្រព័ន្ធរ៉ុក្កែតបាញ់បាញ់បង្ហោះ ផ្កាយរណបអង្កេតផែនដី PSLV (Polar Satellite Launch Vehicle) របស់អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា (ISRO)។ បំណែកខាងលើនេះ ត្រូវបានប្រទះឃើញដោយជនជាតិអូស្ត្រាលី នៅតំបន់ឆ្នេរ Jurien Bay របស់ដែនដីភាគខាងលិចអូស្ត្រាលី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ ក្រុមការងារ ASA កំពុងតែពិភាក្សាគ្នា ដើម្បីឲ្យដឹងថាតើគួរធ្វើបែបណាបន្តទៀត ចំពោះសំរាមពីឥណ្ឌាមួយនេះ។

(រូបភាពពីបរទេស)

នៅមុនការអះអាងរបស់ ASA ខាងមន្ត្រីរបស់ ISRO របស់ឥណ្ឌាឯណោះវិញ ធ្លាប់់បានថ្លែងប្រាប់សារព័ត៌មាន Indian Express ក្នុងស្រុករបស់ខ្លួនថា «បំណែកដែលត្រូវបានប្រទះឃើញនៅឆ្នេរសមុទ្រអូស្ត្រាលី អាចជាផ្នែកមួយរបស់រ៉ុក្កែត PSLV ដែលឥណ្ឌាបានបាញ់បង្ហោះកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដើម្បីបញ្ជូនផ្កាយរណបចង្អុលផ្លូវមួយគ្រឿងទៀត ទៅកាន់ក្បួនផ្កាយរណបរបស់ខ្លួនមានឈ្មោះថា IRNSS…»។

រ៉ុក្កែត PSLV របស់ឥណ្ឌា (រូបភាពពីបរទេស)

គួរបញ្ជាក់ថា រ៉ុក្កែត PSLV គឺជាប្រព័ន្ធបាញ់បង្ហោះផ្កាយរណបទៅកាន់ទីអវកាស ដែលត្រូវបានដាក់ចេញដំបូងកាលពីឆ្នាំ ១៩៩៣ ហើយបច្ចុប្បន្ននេះ វាកំពុងត្រូវបានប្រើប្រាស់ដោយអង្គការអវកាសឥណ្ឌា ដើម្បីបញ្ជូនផ្កាយរណបអង្កេតទីតាំង (IRM) ទៅកាន់រយៈកម្ពស់ ៦០០គីឡូម៉ែត្រពីផ្ទៃដី។ រ៉ុក្កែត PSLV តែមួយអាចដឹកផ្កាយរណបម្តងៗបានជាច្រើនគ្រឿង ឬស្មើនឹងទម្ងន់សរុបដល់ ១,៧៥០គីឡូក្រាមឯណោះ៕

(រូបភាពពីបរទេស)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/ASA (ថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣)

Comments (0)
Add Comment