(បរទេស)៖ នៅក្នុងរូបភាពគុណភាពខ្ពស់ថ្មីមួយសន្លឹក ដែលក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA បានបញ្ចេញកាលពីចុងខែកក្កដា ឆ្នាំ២០២៣នោះ បាននាំឲ្យគ្រប់គ្នាប្រទះឃើញនូវវត្ថុអវកាសមួយបណ្តុំ ដែលមានរូបរាងដូចជាសញ្ញាសួរ (?) ហើយក៏មានការចោទជាសំណួរថា តើនោះជាអ្វីឲ្យប្រាកដ?
មុននឹងស្វែងរកចម្លើយចំពោះសំណួរខាងលើនេះ ចូរយើងរំលឹកឡើងវិញអំពី អត្ថន័យសំខាន់របស់រូបភាពមួយនេះសិន។ តំបន់ចំណុចកណ្តាលនៃរូបភាព ដែលយើងឃើញមានបណ្តុំពពកធូលី និងផ្កាយនៅលាយលំគ្នា ដោយភាគច្រើនបញ្ចេញពណ៌ទឹកក្រូចនេះ គឺជាតំបន់កកើតផ្កាយមានឈ្មោះថា Herbig-Haro 46/47។
តំបន់ពពកធូលី និងឧស្ម័ន Herbig-Haro 46/47 មានភាពលេចធ្លោខ្លាំង ដោយអាចជំនះពន្លឺផ្កាយផ្សេងៗទៀត នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ ព្រោះតែវាពោពេញដោយផ្កាយក្មេងៗ ដែលកំពុងកកើតឡើងយ៉ាងក្តៅគគុក។ Herbig-Haro 46/47 ស្ថិតនៅចម្ងាយ ១,៤៧០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ ក្រុមការងារគ្រប់គ្រង James Webb បានប្រើប្រាស់ឧបករណ៍ផ្តិតយកពន្លឺក្រហមអាំងហ្វ្រាជិត (NIRCam) ដើម្បីផ្តិតយករូបភាពនេះ ដែលនេះមានន័យថា ភ្នែកមនុស្សលោកយើង មិនអាចមើលឃើញដូចក្នុងរូបភាពនេះឡើយ។
ងាកមកកាន់ចម្លើយចំពោះសំណួរខាងលើនេះវិញ ចំពោះសញ្ញាសួរដ៏ធំក្នុងទីអវកាសនោះ ត្រូវបានអ្នកជំនាញមកពីវិទ្យាស្ថានវិទ្យាសាស្ត្រតេឡេស្កូបអវកាស (STScl) នៃទីក្រុង បាល់ទីម័រ (Baltimore) រដ្ឋ Maryland សហរដ្ឋអាមេរិកបានបកស្រាយថា «វាអាចជារចនាសម្ព័ន្ធអវកាស រាងដូចជាសញ្ញាសួរ (?) ដែលយើងមិនធ្លាប់បានជួបប្រទះពីមុនមកឡើយ… ទោះជាយ៉ាងក៏ដោយ តាមការពិនិត្យមើលរូបភាពជាក់ស្តែង សញ្ញាសួរនោះហាក់ដូចជានៅឆ្ងាយណាស់»។
អ្នកជំនាញ STScl បានបន្តទៀតថា «យើងត្រូវការការតាមដានវា (សញ្ញាសួរ) នោះបន្តទៀត ដើម្បីឲ្យច្បាស់ថាវាជាអ្វីឲ្យប្រាដក… James Webb កំពុងតែបង្ហាញយើងនូវកាឡាក់ស៊ីថ្មីៗ និងឆ្ងាយៗជាច្រើន, ហេតុដូច្នេះ មានអ្វីៗថ្មីច្រើនណាស់ សម្រាប់ផ្នែកវិទ្យាសាស្ត្ររបស់យើង»។
បន្ថែមពីនេះ សាស្ត្រាចារ្យផ្នែករូបវិទ្យាមួយរូបឈ្មោះ Matt Caplan មកពីសាកលវិទ្យាល័យរដ្ឋ អ៊ីល្លីណយស៍ (Illinois) សហរដ្ឋអាមេរិក ក៏បានចេញមុខមកពន្យល់ផងដែរថា «រចនាសម្ព័ន្ធអវកាស ២ ដែលស្ថិតពីក្រោយរូបភាព (Herbig-Haro 46/47) អាចជាកាឡាក់ស៊ី ២ កំពុងរួមបញ្ចូលគ្នា (merging) ដោយផ្នែកខាងលើនៃសញ្ញាសួរ (រាងដូចតម្ពក់) អាចជាផ្នែកមួយនៃកាឡាក់ស៊ីដ៏ធំ ដែលត្រូវបានខូចទ្រង់ទ្រាយដោយសារបាតុភូត Tidal Disruption Event (ការខូចទ្រង់ទ្រាយដើម ដោយសារកម្លាំងជំនោរ)។ យោងតាមការត្រួតពិនិត្យលើពណ៌ និងទម្រង់របស់សញ្ញាសួរនោះ ការពន្យល់បែបនេះមិនអាក្រក់ពេកនោះទេ…»។
យ៉ាងណាក៏ដោយ គ្រប់គ្នាសង្ឃឹមថា James Webb នឹងអាចចំណាយពេល ដើម្បីដោះស្រាយចម្ងល់ទៅលើសញ្ញាសួរនោះបាន ព្រោះតេឡេស្កូបអវកាសតម្លៃជិត ១០ពាន់លានដុល្លារអាមេរិកមួយនេះ មានឧបករណ៍ចាប់យកពន្លឺក្រហមអាំងហ្វ្រា (Infrared Light) នៅក្នុងកម្រិតខ្ពស់ និងច្បាស់លាស់ ដែលអាចឲ្យវាពុះជ្រែកពន្លឺនានាទៅរកពន្លឺកាឡាក់ស៊ីដំបូងៗ ដែលបានកកើតក្រោយចក្រវាល (Universe) ទើបតែលេចរូបរាងឡើងទើបបានជាង ៤០០លានឆ្នាំ ឬដែលស្មើនឹងការឆ្លុះមើលដល់រយៈចម្ងាយ ១៣.៤ពាន់លានឆ្នាំនោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA/ESA/CSA (ថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣)